ទីផ្សាររថយន្ត

តើមានកត្តាអ្វីខ្លះទាញទម្លាក់ការលក់រថយន្តជជុះឱ្យធ្លាក់ចុះ៣០% នៅឆ្នាំ២០២៣?


បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ នៃសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការលក់រថយន្តនៅកម្ពុជាក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះប្រមាណ២០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២២ ក្នុងនោះការលក់ រថយន្តជជុះមានការធ្លាក់ចុះរហូតដល់៣០% ខណៈការលក់រថយន្តថ្មីធ្លាក់ចុះ១០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២២។
ទីផ្សាររថយន្ត
ដោយ

ជុំវិញបញ្ហានេះលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យការលក់ថយន្តនៅឆ្នាំ២០២៣ មានការធ្លាក់ចុះ គឺដោយសារកំណើនរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាមានការកើនឡើង គួបផ្សំប្រជាពលរដ្ឋជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល ក្រោយវិបត្តិសង្គ្រាម និងបញ្ហាសកលនានាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលរួមទាំងកម្ពុជា។ ម្យ៉ាងនៅឆ្នាំ២០២៣ ជាឆ្នាំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនដែលគ្រោងទិញរថយន្តនៅឆ្នាំនោះ អាចពន្យារពេលមកទិញនៅឆ្នាំ២០២៤ នេះវិញ។ កត្តានេះបានជំរុញឱ្យអ្នកជំនាញរូបនេះព្យាករថា ការលក់រថយន្តនៅកម្ពុជាអាចនឹងមានកំណើន១៥% នៅឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ក្រោយលោកមើលឃើញថា តម្រូវការប្រើប្រាស់រថយន្តរបស់ពលរដ្ឋកម្ពុជានៅមានសក្តានុពលខ្ពស់ គួបផ្សំការរំពឹងសេដ្ឋកិច្ចកម្ពុជាមានសន្ទុះកំណើនល្អប្រសើរ។ អ្នកជំនាញរូបនេះជឿជាក់ថា នៅឆ្នាំ២០២៤ ការប្រើប្រាស់រថយន្តថ្មីនឹងមានសន្ទុះកើនឡើងខ្ពស់ជាងរថយន្តជជុះ។

ជាមួយគ្នានេះលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា ទោះបីការនាំចូល និងការលក់រថយន្តជារួមនៅកម្ពុជាក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះក៏ពិតមែន តែទីផ្សាររថយន្តថ្មីរបស់ក្រុមហ៊ុន RMA Cambodia នៅក្នុងឆ្នាំ២០២៣ នៅតែឈរកំពូលតារាងដោយបានក្តោបចំណែកទីផ្សារជាង៥០% នៃការលក់រថយន្តថ្មីសរុបនៅកម្ពុជា។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការកើនឡើងនេះត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង គួបផ្សំប្រជាពលរដ្ឋមានការយល់ដឹងកាន់តែខ្ពស់ពីអត្ថប្រយោជន៍ និងសុវត្ថិនៃការប្រើប្រាស់រថយន្តថ្មី។ ម្យ៉ាងទៀត រថយន្តថ្មីបច្ចុប្បន្នមានតម្លៃមិនសូវខុសគ្នាប៉ុន្មាននោះទេពីរថយន្តជជុះ។ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាជឿជាក់ថា ចាប់ពីពេលនេះតទៅការប្រើប្រាស់រថយន្តជជុះនឹងមាននិន្នាការថយចុះជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការប្រើប្រាស់រថយន្តថ្មីនឹងបន្តកើនឡើង។ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅឆ្នាំ២០២២ កន្លងទៅ កម្ពុជាបាននាំចូលរថយន្តក្នុងតម្លៃជិត១ពាន់៥រយលានដុល្លារអាម៉េរិក កើនឡើង២៤% បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែជាង១ពាន់២រយលានដុល្លារអាម៉េរិក៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលមីយ៉ាន់ម៉ា ចាប់ផ្ដើមយកពន្ធថ្មីលើប្រាក់ចំណូលរបស់ពលរដ្ឋដែលធ្វើការនៅបរទេស

ព័ត៌មាន
ប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមយកពន្ធលើប្រាក់ចំណូលរបស់ពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងធ្វើការនៅបរទេស ដែលយន្តការនេះ គឺជាលំហូរចូលនៃរូបិយប័ណ្ណបរ…

ធនាគារ SME បានផ្តល់ហិរញ្ញប្បទានអស់ជិត៥០០លានដុល្លារ ដល់សហគ្រាសជាង៣ពាន់គិតត្រឹមដំណាច់ឆ្នាំ២០២៣

ព័ត៌មាន
គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា(SME) បានផ្តល់ហិរញ្ញប្បទាន ក្នុងទំហំទឹកប្រាក់ជិត៥០០លានដុល្លារអាម៉េរិក ដល់សហគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ