សហភាពអឺរ៉ុបខ្នះខ្នែងឲ្យអ៊ុយក្រែនបានចូលជាសមាជិក

សហភាពអឺរ៉ុបខ្នះខ្នែងឲ្យអ៊ុយក្រែនបានចូលជាសមាជិកផង ជំរុញការផ្តល់សព្វាវុធផង ស្របពេលសង្គ្រាមអូសបន្លាយជិតពីរខែ


សហភាពអឺរ៉ុបខ្នះខ្នែងឲ្យអ៊ុយក្រែនបានចូលជាសមាជិកផង ជំរុញការផ្តល់សព្វាវុធផង ស្របពេលសង្គ្រាមអូសបន្លាយជិតពីរខែ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូសូឡា វ៉ុនឌឺលីយេន បានជំរុញឱ្យរដ្ឋសមាជិកទាំងអស់ ផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន ឱ្យបានឆាប់រហ័សបន្ថែមទៀត ស្របពេលដែលសង្គ្រាមកំពុងបន្តអូសបន្លាយជិតចូលដល់ខែទីពីរហើយ។
ទង់ជាតិប្រទេសអ៊ុយក្រែន និង ទង់ជាតិសហភាពអឺរ៉ុប

ទន្ទឹមនឹងការស្នើឲ្យបង្កើនការផ្តល់សព្វាវុធ អឺរ៉ុបក៏បានបើកផ្លូវ និងជួយសម្រួលដល់ដំណើរការស្នើសមាជិកភាពអ៊ុយក្រែនមកកាន់ប្លុកទាំង២៧ប្រទេសផងដែរ។ ប្រមុខដឹកនាំអឺរ៉ុបរូបនេះ បង្ហើបឲ្យដឹងដែរថា ធនាគារ Sberbank ដ៏មានឥទ្ធិពលរបស់រុស្ស៊ី និងរួមបញ្ចូលការហ៊ុមព័ទ្ធប្រេងរបស់រុស្ស៊ី អាចជាគោលដៅទណ្ឌកម្មបន្ទាប់របស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

លោកស្រី វ៉ុ​ន​ឌឺ​លី​យេ​ន ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ប្រាប់​សារព័ត៌មាន​ថា​៖ រដ្ឋ​ជា​សមាជិក​អាច​អនុវត្ត​បែប​នេះ​ទាំងអស់​គ្នា ពោល​គឺ អ្នក​ណា​ដែល​អាច​បញ្ជូន​សព្វាវុធ​ទៅ​បាន សូម​ប​ញ្ចូ​ន​ឲ្យ​បាន​ឆាប់រហ័ស ពីព្រោះ​មាន​តែ​វិធី​នេះ​ទេ ដែល​អ៊ុយ​ក្រែ​ន​អាច​រស់រាន​បាន​នៅ​ក្នុង​សមរភូមិ ការពារ​ទឹកដី​ប្រឆាំង​នឹង​រុ​ស្ស៊ី​បាន​។

ការ​ជំរុញ​របស់​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​ដូចនេះ ធ្វើ​ឡើង​នៅ​ក្រោយ​បណ្តា​ប្រទេស​សមាជិក​មួយ​ចំនួន ទោះបី​សង្គ្រាម​ផ្ទុះ​ឡើង​ចូល​ជិត​២​ខែ​ហើយ​ក្តី នៅ​ហាក់បីដូចជា​មានការ​ស្ទាក់ស្ទើរ​ជុំវិញ​ការ​ផ្តល់​អាវុធ​ធុន​ធ្ងន់ ដូច​ជា​រថក្រោះ ឬ​យន្តហោះ​ចម្បាំង​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ដោយ​ព្រួយបារម្ភ​ថា ទ​ង្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក្លាយជា​ជម្លោះ​ផ្ទាល់​រវាង​រុ​ស្ស៊ី និង រដ្ឋ​សមាជិក​អឺរ៉ុប ឬ អង្គការ​ណា​តូ​។ 

ទោះបីជា​បែប​នេះ​ក្តី លោកស្រី វ៉ុ​ន​ឌឺ​លី​យេ​ន នៅ​តែ​ជំរុញ​ឱ្យ​មេដឹកនាំ​អឺរ៉ុប​កុំ​ពន្យារពេល​លើ​ការ​សម្រេចចិត្ត​ដ៏​សំខាន់​មួយ​នេះ ទោះបីជា​សព្វាវុធ​ទាំងនោះ​ជា​ប្រភេទ​ធុន​ធ្ងន់​ក្តី ឬ ស្រាល​ក្តី​។ លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិន​បែងចែក​រវាង​អាវុធ​ធុន​ធ្ងន់ និង​ស្រាល​ទេ អ៊ុយ​ក្រែ​ន​ត្រូវ​តែ​ទទួល​បាន​អ្វី​ដែល​គេ​ត្រូវការ​ដើម្បី​ការពារ​ខ្លួន​។​» 

ដោយឡែក​នៅ​ក្នុង​សុន្ទរកថា​ជា​វី​ដេ​អូ ទៅ​កាន់​ប្រជាជន​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ហ្សេ​លេ​ន​ស្គី បាន​ទទូច​ឡើង​វិញ​ថា អ៊ុយ​ក្រែ​ន​ត្រូវការ​ជំនួយ​ផ្នែក​សម្ភារៈ​យោធា​បន្ថែម​ទៀត​ពី​លោក​ខាងលិច ដើម្បី​មានឱកាស​ជួយ​សង្គ្រោះ​ទីក្រុង Mariupol ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ និង ស្ទើ​តែ​ធ្លាក់​ទៅ​ក្នុង​ដៃ​រុ​ស្ស៊ី​ទៅ​ហើយ​។

គួរ​ជម្រាប​ថា សាធារណរដ្ឋ​ឆេ​ក កាលពីដើម​ខែមេសា​នេះ​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​របស់ ណា​តូ ដែល​បាន​បញ្ជូន​រថក្រោះ​ទៅ​កាន់​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ការ​ចាប់ផ្តើម​នៃ​សង្គ្រាម​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​។ ក្រោយមក​ប្រទេស ស្លូ​វ៉ា​គី បាន​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប្រភេទ S-300 ខណៈ​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​មុន​ថា ខ្លួន​នឹង​ផ្គត់ផ្គង់​អ៊ុយ​ក្រែ​ន ជាមួយនឹង​ឧទ្ធម្ភាគចក្រ យន្តហោះ​ចម្បាំង និង អាវុធ​ធន់​ធ្ងន់​ផ្សេង​ទៀត​ឲ្យ​អ៊ុយ​ក្រែ​ន​។

រុ​ស្ស៊ី​វាយ​បាន​ស្ទើរ​ទាំងស្រុង​ក្រុង​កំពង់​ផែ​ម៉ា​រី​យ៉ូ​ប៉ូ​ល តែ​អ៊ុយ​ក្រែ​ន​ថា​មិន​ចុះចាញ់

ភាគី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា កងកម្លាំង​ការពារ​ក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​កងទ័ព​រុ​ស្ស៊ី ប៉ុន្តែ​ពួក​គេ​មិន​បាន​ចុះចាញ់ និង​បោះបង់​ចោល​ទីក្រុង​កំពង់​ផែ​ដ៏​សំខាន់​មួយ​នេះ​ទេ​។ ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​កៀវ បាន​ព្រមាន​ថា​រុ​ស្ស៊ី​អាច​ធ្វើ​ប្រតិបត្តិការ​កងទ័ពជើងទឹក​តាម​រយៈ​កំពង់​ផែ​ក្រុង​មួយ​នេះ និង ការ​វាយប្រហារ​តាម​អាកាស​បន្ថែម​ផង​ដែរ​។ 

រុ​ស្ស៊ី​ប្រកាស​វាយ​យក​បាន​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ទីក្រុង​យុទ្ធសាស្ត្រ​ម៉ា​រី​យូ​ប៉ូ​ល​។ ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​អំពាវនាវ​ឲ្យ​ទាហាន​អ៊ុយ​ក្រែ​ន នៅ​ទីក្រុង​មួយ​នេះ​ទម្លាក់អាវុធ​ចុះ សុំ​ចុះចាញ់​ទៅ នោះ​ទើប​ទាហាន​អ៊ុយ​ក្រែ​ន​នឹង​នៅ​សល់​ជីវិត​រស់នៅ​។  

ម៉ា​រី​យូ​ប៉ូ​ល​ដែល​ស្ថិត​ក្រោម​ការ​វាយប្រហារ​ពី​គ្រប់​ទិស​របស់​ទាហាន​រុ​ស្ស៊ី តាំងពី​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន កំពុង​ជួប​បញ្ហា គ្មាន​ទឹក គ្មាន​អាហារ និង​ថ្នាំពេទ្យ​។ អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​វាយតម្លៃ​ថា មាន​ប្រជាជន​ស៊ី​វិល​ជាង ១​សែន​នាក់​កំពុង​ស្ថិត​នៅ​មាត់ជ្រោះ ខ្វះ​ចំណីអាហារ ខ្វះ​ទឹក និង​ម៉ាស៊ីនកំដៅ​។

សូម​ជម្រាប​ថា ទីក្រុង​កំពង់​ផែ​ម៉ា​រី​យូ​ប៉ូ​ល​ជាទី​ក្រុង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ដែល​រុ​ស្ស៊ី តែង​ចង់​បានជា​យូរ​មក​ហើយ​។ បើសិន ម៉ា​រី​យូ​ប៉ូ​ល​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​រុ​ស្ស៊ី​ទាំងស្រុង​មែន នោះ​រុ​ស្ស៊ី​នឹង​អាច​ពង្រឹង​តំបន់​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​ដែល​នៅ​ជាប់​នឹង​សមុទ្រ Azov ជាទី​ដែល​រុ​ស្ស៊ី​វាយ​ដណ្តើម​កាន់កាប់​បាន​កន្លង​មក​។ វា​ក៏​នឹង​បើកផ្លូវ​ឲ្យ​រុ​ស្ស៊ី អា​ចត​ភ្ជាប់​តំបន់​គ្រី​មេ​ដែល​រុ​ស្ស៊ី​បាន​កាត់​យក​ពី​អ៊ុយ​ក្រែ​ន នៅ​ឆ្នាំ​២០១៤ ទៅ​កាន់​តំបន់​ដុន​បាស់ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


អ្នកជំនាញថា ចរន្តទេសចរធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បង្ហាញពីសញ្ញាងើបឡើងវិញនៃសេដ្ឋកិច្ច

ភ្ញៀវទេសចរបានចេញធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនៅតាមតំបន់ទេសចរណ៍ និងរមណីដ្ឋាននានានៅទូទាំងប្រទេស ក្នុងឱកាសឈប់សម្រាកពិធីចូលឆ្នាំថ្មីប្រពៃណ…

ចំណូលគយសម្រេចបានជិត ៦០០លានដុល្លារ ថយចុះ២,៥% នៅត្រីមាសទី១ឆ្នាំ២០២២

ស្ថិតក្នុងបរិបទនៃការរាតត្បាតកូវីដ១៩ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នៅត្រីមាសទី១ ក្នុងឆ្នាំ២០២២ សម្រេចបានជិត៦០០លានដុល្លារ ស្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ