ការធ្វើដំណើររវាង អឺរ៉ុប-អាមេរិក

ហេតុអ្វី អឺរ៉ុបនឹងបើកជើងមេឃ ទទួលពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងរួច?


មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បានបញ្ជាក់ថ្មីៗនេះថា អឺរ៉ុបនឹងបើកជើងមេឃទទួលយកអ្នកដំណើរមកពីសហរដ្ឋអាមេរិកឡើងវិញ នៅមុនពេលរដូវក្តៅចូលមកដល់ ពោលគឺនៅមុន ខែមិថុនាឆ្នាំនេះ។ ប៉ុន្តែ អឺរ៉ុបនឹងអនុញ្ញាតសម្រាប់តែ ពលរដ្ឋអាមេរិកណាដែលបានចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តើមាន​ហេតុផល​អ្វីខ្លះ ដែល​អឺរ៉ុប​បើកជើងមេឃ ទទួល​ជនជាតិអាមេរិក​ដែលបាន​ចាក់វ៉ាក់សាំងរួច​ឲ្យចូល​ប្រទេសខ្លួន?
អឺរ៉ុបនឹងបើកជើងមេឃ ទទួលពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងរួច (រូបភាព៖ AP)
ដោយ

ប្រធានសហភាពអឺរ៉ុបគឺ លោកស្រី អ៊ូស៊ូឡា វ៉ុនឌឺលីយ៉ែន បានប្រាប់សារព័ត៌មានអាមេរិក The New York Times ថា សមាជិកទាំង២៧ប្រទេសនៃសហភាពអឺរ៉ុប នឹងទទួលយករាល់ភ្ញៀវទេសចរ និងពលរដ្ឋមកពីជុំវិញពិភពលោក ដែលបានចាក់វ៉ាក់សាំង ដែលទទួលស្គាល់ដោយភ្នាក់ងារឱសថអឺរ៉ុបរួច ដើម្បីបានចូលមកទឹកដីអឺរ៉ុបបានឡើងវិញ។ ។

លោកស្រីបញ្ជាក់ថា អឺរ៉ុបមិនមែនទទួលយកតែពលរដ្ឋអាមេរិកនោះទេ ប៉ុន្តែការអនុញ្ញាតឲ្យពលរដ្ឋអាមេរិកបានចូលមកអឺរ៉ុបនៅមុនរដូវក្តៅនេះ គឺដោយហេតុថា អាមេរិកបានប្រើប្រាស់វ៉ាក់សាំងទាំង ៣ប្រភេទដែលភ្នាក់ងារឱសថអឺរ៉ុបបានទទួលស្គាល់ ដូចជាវ៉ាក់សាំង Moderna Pfizer និង Johnson&Johnson។

លើសពីនេះ លោកស្រីប្រធានសហភាពអឺរ៉ុបរូបនេះ បានគូសបញ្ជាក់ពីស្ថានការណ៍ប្រសើរឡើងនៅអាមេរិក ដោយហេតុថា ករណីឆ្លងក៏មានការថយចុះ ចំណែកឯកម្មវិធីចាក់វ៉ាក់សាំងក៏មានដំណើរការល្អផងដែរនៅអាមេរិក ដោយប្រទេសនេះ នឹងសម្រេចបានការចាក់វ៉ាក់សាំងដល់ពលរដ្ឋពេញវ័យក្នុងចំនួន៧០% ត្រឹមពាក់កណ្តាលខែមិថុនានេះ។ លោកស្រីសង្ឃឹមថា ស្ថានការណ៍នៅអឺរ៉ុបក៏អាចនឹងប្រសើរឡើងដូចគ្នាដែរ។

យ៉ាងណាក៏ដោយ អឺរ៉ុបមិនកំណត់កាលបរិច្ឆេទច្បាស់លាស់ នៃការបើកជើងហោះហើរចូលទឹកដីអឺរ៉ុបវិញនោះទេ ក្រៅតែពីបង្ហើបថា នឹងបើកនៅមុនរដូវក្តៅឆ្នាំនេះ។

រដូវក្តៅនៅតំបន់អឺរ៉ុប ក្នុងឆ្នាំនេះនឹងចាប់ផ្តើមពីថ្ងៃពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២១នេះ។

សូមជម្រាបថា ប្រទេសនៅអឺរ៉ុបធ្លាប់ព្រមព្រៀងគ្នា ថានឹងផ្តើអនុវត្តកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំងនៅក្នុងខែនេះ ដែលវានឹងអនុញ្ញាតឲ្យពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងរួច ឬមានលិខិតបញ្ជាក់ថា បានជាពីជំងឺកូវីដ ឬបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩ ចូលមកអឺរ៉ុបនឹងធ្វើដំណើរបានងាយស្រួល។ ប៉ុន្តែប្រការនេះពុំទាន់ឃើញមានការអនុវត្ត ឬកំណត់ផែនការណាមួយច្បាស់លាស់ និងជាផ្លូវការនៅឡើយទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រមណីយដ្ឋានទូទាំងប្រទេសអាច បើកដំណើរការឡើងវិញ តែត្រូវកំណត់ចំនួនទេសចរ និងអនុវត្តវិធានការការពារកូវីដ-១៩

ព័ត៌មាន
ក្រសួងទេសចរណ៍ជំរុញឲ្យអាជ្ញាធររឹតបន្តឹងគ្រប់គោលដៅទេសចរណ៍នៅតាមខេត្ត-ក្រុងនានា ដែលបើកដំណើរការឡើងវិញ តាមរយៈការកំណត់ទំហំ និង ចំនួនភ្ញៀវទេ…

សេដ្ឋកិច្ចវៀតណាមនឹងនៅតែកើនខ្ពស់នៅឆ្នាំនេះ ខណៈកម្ពុជា និងថៃ ត្រូវរំពឹងមានទាបជាងការព្យាករ

ព័ត៌មាន
ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងដូចជា កម្ពុជា និងថៃជាដើម កំពុងបង្ហាញសញ្ញាថមថយកំណើនទាបជាងការព្យាករនោះ ប្រទេសវៀតណាម ត្រូវបានស្ថាប័នជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ