លោក Adam Kaznowski បាននិយាយតាម twitter ដូច្នេះថា ”គណៈកម្មការអឺរ៉ុបបានសម្រេចចិត្តដកផ្នែកខ្លះនៃការអនុគ្រោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ដែលបានផ្តល់ដល់ប្រទេសកម្ពុជា ដោយសារតែការរំលោភសិទ្ធិមនុស្ស។”
លោក Adam Kaznowski បានសរសេរបន្តថា ការដកនេះនឹងប៉ះពាល់លើផលិតផលសម្លៀកបំពាក់កាត់ដេរ និងស្បែកជើងមួយចំនួន ខណៈដែលរាល់ទំនិញធ្វើដំណើរ និងស្ករស ក៏ត្រូវបានប៉ះពាល់ផងដែរ។
លោក Adam Kaznowski បានដកស្រង់សម្ដីលោក Josep Borrell Fontelles ដែលជាអនុប្រធានរបស់គណៈកម្មការអឺរ៉ុប ដូច្នេះថា “សេចក្តីសម្រេចចិត្តថ្ងៃនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់យើង ចំពោះប្រជាជនកម្ពុជា សិទ្ធិរបស់ពួកគេ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។ ដើម្បីទទួលអនុគ្រោះពាណិជ្ជកម្មឡើងវិញ អាជ្ញាធរកម្ពុជាចាំបាច់ត្រូវចាត់វិធានការចាំបាច់។”
ទស្សនៈរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាជុំវិញការដកផ្នែកខ្លះនៃ EBA ពីកម្ពុជា
យោងតាមទិន្នន័យជាផ្លូវការ បានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបមានតម្លៃ ៥,៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដែលកើនឡើង ២៩,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧។
មុននឹងឈានដល់ការផ្អាកផ្នែកខ្លះនៃ EBA នេះ សហភាពអឺរ៉ុបបាននិយាយក្នុងរបាយការណ៍៍របស់ខ្លួនថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មានការធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងនីតិរដ្ឋ។
ក្នុងនោះ រួមមាន ការចាប់ខ្លួនលោក កឹម សុខា កាលពីខែកញ្ញា ឆ្នាំ២០១៧ ដែលជាអតីតមេដឹកនាំគណបក្សប្រឆាំងដ៏ធំក្រោមការចោទប្រកាន់ក្បត់ជាតិ និងការរំលាយគណបក្សសង្គ្រោះជាតិ និងការហាមឃាត់អ្នកនយោបាយចំនួន ១១៨ រូប ដោយតុលាការកំពូល មិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល ៥ឆ្នាំ។
ការរំលាយគណបក្សប្រឆាំងមួយនេះ ក៏មានការដកហូតតំណែងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧ តំណែង ផងដែរ របស់គណបក្សសង្គ្រោះជាតិ ក្រោយការជាប់ឆ្នោត កាលពីខែមិថុនា ឆ្នាំ២០១៧៕