បច្ចុប្បន្នភាព EBA

EBA នឹងត្រូវដកនៅថ្ងៃទី ១២ ខែសីហានេះតាមការគ្រោងទុក ដោយគ្មានការលើកពេលនោះទេ!


បើទោះបីជាមានការស្នើសុំពីខាងភាគីកម្ពុជាឲ្យមានការលើកពេលអនុវត្តដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជាយ៉ាងណាក្ដី ប៉ុន្ដែ សហភាពអឺរ៉ុបនៅតែមិនព្រមទទួលយកសំណើពីកម្ពុជានោះទេ ហើយអឺរ៉ុបនឹងអនុវត្តការដកEBA នេះ នៅថ្ងៃទី ១២ ខែសីហា ពោលគឺនៅសប្ដាហ៍ក្រោយនេះហើយ ដូចទៅនឹងការគ្រោងទុក។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជា។
សំណុំ​រឿង​ EBA រវាង​ អឺរ៉ុប និង​ កម្ពជា។
ដោយ

លោក គេន លូ អគ្គលេខាធិការសមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា បាន​បញ្ជាក់​នៅថ្ងៃទី ០៧ ខែ​សីហា​នេះថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹង​ត្រូវសហភាពអឺរ៉ុប​ចាប់ផ្ដើម​អនុវត្ត​ដក​ពីកម្ពុជា នៅថ្ងៃទី ១២ ខែសីហានេះហើយ ដូចទៅនឹង​ការគ្រោងទុក​របស់​សហភាពអឺរ៉ុបអញ្ចឹង​ ពោលគឺគ្មានការពន្យារពេល​អ្វីទាំងអស់។ លោក គេន លូ បន្ថែមទៀតថា ខាងភាគីកម្ពុជា​បាន​ខិតខំ​តវ៉ា​ និងស្នើ​ទៅកាន់​សហភាពអឺរ៉ុប​អស់​លទ្ធភាពហើយ​ ដោយចុងក្រោយនេះ ស្នើ​ឲ្យមាន​លើកពេល​ដក​ EBA នេះ​ទៅឆ្នាំក្រោយវិញ ក្រោមហេតុផលថា ​វិស័យ​កាត់ដេរ​កម្ពុជា​កំពុងរង​ផលប៉ះពាល់​ខ្លាំង​ដោយសារតែ​កូវីដ-១៩ ក៏ប៉ុន្ដែ ទោះបី​ជាមាន​ការទទូច​ស្នើបែបនេះក្ដី​ក៏ភាគីអឺរ៉ុប​មិនបាន​យល់ព្រមនោះដែរ គឺនៅតែ​បន្ត​អនុវត្តតាម​ផែនការ​ដែលគេ​បានគ្រោងទុក​ដដែល។

លោកគេន លូ មាន​ប្រសាសន៍ថា «សហភាពអឺរ៉ុប​បានឆ្លើយហើយ គឺគាត់អត់ទទួល​សំណូមពរ​ពួកយើងទេ! ហើយនៅថ្ងៃទី ១២ [ខែសីហា] គាត់នឹង​អនុវត្ត​អ្វីដែលគាត់បានប្រកាសហើយ!»។

បើតាមសេចក្ដីថ្លែងការ​របស់គណៈកម្មការអឺរ៉ុប ដែលបាន​ចេញផ្សាយកាលពីថ្ងៃទី ១២ កុម្ភៈ កន្លងទៅថ្មីនេះ បានឲ្យ​ដឹងថា ផលិតផល​របស់កម្ពុជា​ដែលនឹងត្រូវអឺរ៉ុប ដកភាពអនុគ្រោះពន្ធនោះ មានដូចជា ផលិផលសម្លៀក​បំពាក់​មួយ​ចំនួន ស្បែកជើង ផលិតផលសម្រាប់ការធ្វើដំណើរ និងស្ករសជាដើម។ ហើយការដក EBA នេះ គឺជាការដក​ផ្នែកខ្លះ​ប៉ុណ្ណោះ មិនមែន​ដកទាំងនោះទេ ពោលគឺ​មានប៉ះពាល់​លើ​ទំនិញ​កម្ពុជា​ប្រមាណ ២០%​នៅទៅអឺរ៉ុប​តែប៉ុណ្ណោះ។

បើតាម​លោក គេន លូ បាន​ឲ្យដឹងទៀតថា ក្រោយពី​សហភាពអឺរ៉ុប​អនុវត្ត​ដក​ EBA ជាផ្លូវការ​ពីកម្ពុជា នោះ​កម្ពុជា​លែងមាន​ពេលវេលា​ដើម្បី​ចរចាអ្វីបន្តទៀតហើយ។ យ៉ាងណាក៏ដោយចុះ លោកថា ការដក​ EBA នេះ មិនមាន​ជាការ​បិទ​ទីផ្សារ​អឺរ៉ុប​មិន​ឲ្យ​ផលិតផល​កម្ពុជា​នាំចូលទេ គឺគ្រាន់តែ​ថា ពីមុន​ពេល​ EBA មិនទាន់ដក គឺ​មិនមាន​ការ​តម្រូវ​ឲ្យបង់ពន្ធ តែបើ EBA ត្រូវដក គឺត្រូវបង់ពន្ធ​​ទៅឲ្យអឺរ៉ុប​តែប៉ុណ្ណោះឯង។ ​

អគ្គលេខាធិការសមាគម​រោងចក្រ​កាត់ដេរ​រូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ហា​ធំ សម្រាប់​វិស័យ​កាត់ដេរ​កម្ពុជា​មិនមែនរឿង EBA ទេ គឺរឿង​កូវីដ-១៩ ដែលវា​បានកំពុង​ធ្វើ​ឲ្យប៉ះពាល់​ខ្លាំងដល់​វិស័យនេះ ហើយ​រោងចក្រ​ជាច្រើន​បាន​បិទជាបន្ដបន្ទាប់​ព្រោះតែ​មិនមាន​ការបញ្ជាទិញ​ពីទីផ្សារអឺរ៉ុប​ និងអាមេរិក។

តាមការ​លើកឡើង​របស់​ឯកឧត្តម ហេង សួរ​អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈកាលពី​ដើមខែ​កក្កដា​កន្លងទៅនេះ​បាន​ឲ្យដឹងថា​ មានរោងចក្រ​កាត់ដេរ​ប្រមាណ​ជាង៤៥០ រោងចក្រហើយ បានព្យួរការងារ និងមានកម្មករ​កម្មការិនី​ប្រមាណជាង​១៣ម៉ឺននាក់​បាន​ប៉ះពាល់ការការ។ កត្តានេះ បានធ្វើឲ្យ​​ការនាំចេញ​នៃវិស័យកាត់ដេរ​ បាន​ធ្លាក់ចុះពី​ចំនួនជាង ៤ពាន់លាន​ដុល្លារ កាលពីឆមាសទី១​ឆ្នាំ២០១៩ មកនៅ​ត្រឹមតែជិត​៣ពាន់​៨​រយ​លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ នៅឆមាស​ទី១​ឆ្នាំ២០២០នេះ ពៅលគឺ​ធ្លាក់ចុះប្រមាណ​៥,៤%។ 

តាមការ​ព្យាករណ៍​របស់​លោក​គេន លូ ចំនួន​រោងចក្រ​បិទទ្វា​នឹងព្យួរការងារ​អាចនឹង​កើនឡើង​ថែមទៀត​នៅពេលខាងមុខ។

តាមតួលេខ​ពី​សហភាពអឺរ៉ុប​បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី​រវាង​អឺរ៉ុប​និងកម្ពុជា​សម្រេចបាន​ដល់ទៅ ជាង​៦ពាន់លាន​ដុល្លារអាមេរិក ក្នុងនោះ កម្ពុជា​នាំចេញទៅអឺរ៉ុប​ប្រមាណ​ជាង​៥ពាន់លាន​ដុល្លារ ខណៈដែលអឺរ៉ុប​នាំ​ចូលមកកម្ពុជា​វិញ​ប្រមាណ១ពាន់លាន​ដុល្លារអាមេរិក។ ក្នុងចំណោម​ការនាំចេញ​សរុប​របស់​កម្ពុជាទៅកាន់​សហភាព​អឺរ៉ុប​នៅឆ្នាំ២០១៩ គឺរហូតដល់​ទៅ ៩៨% ទទួលបាន​ការអនុគ្រោះពន្ធ EBA។ អឺរ៉ុប ក៏ជាដៃគូ​ពាណិជ្ជកម្ម​ធំបំផុតទី​២​របស់​កម្ពុជា​ផងដែរ បន្ទាប់ពី​ប្រទេសចិនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


TOYOTA នៅថៃចាត់ទុកបុគ្គលិកជាទ្រព្យ និងគ្មានការកាត់បុគ្គលិកទេ នៅអំឡុងកូវីដ-១៩នេះ បើទោះបីការលក់ដាំក្បាលចុះខ្លាំង

ព័ត៌មាន
ការលក់រថយន្តរបស់ក្រុមហ៊ុន TOYOTA ប្រទេសថៃ បានបង្ហាញពីការធ្លាក់ចុះខ្លាំង ទំាំងការលក់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ក៏ប៉ុន្តែក្រុមហ៊ុ…

កម្ពុជាអាចនាំចេញ​ផលិតផលជលផល ៤មុខទៅចិន ក្នុងដំណាក់កាលដំបូងនេះ

ព័ត៌មាន
នៅក្នុងដំណាក់កាលដំបូងនេះកម្ពុជាអាចនាំចេញផលិតផលជលផលចំនួន៤មុខទៅកាន់ទីផ្សារ ក្រោយពីមានការអនុញ្ញាតពីសំណាក់អគ្គនាយកដ្ឋានគយចិន។ ការអនុញ្ញា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ