ក្រោយពេលរុស្ស៊ីចាត់វិធានការក្ដៅបែបនេះ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប ក៏បានចេញមុខថ្កោលទោសទីក្រុងម៉ូស្គូផងដែរ ព្រមទាំងបានចាត់ទុកថា វាជាទង្វើគំរាមកំហែង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
ការទាមទាររបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការទូទាត់ជាប្រាក់រូប្ល របស់ខ្លួនត្រូវបានរៀបចំឡើង ដើម្បីវាយបកទៅលើឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច ខណៈសហភាពអឺរ៉ុបបានបង្កកទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លាររបស់ទីក្រុងម៉ូស្គួ។ យ៉ាងណាមិញ ប្រទេសប៉ូឡូញ និង ប៊ុលហ្គារី បានបដិសេធមិនបង់ប្រាក់ទិញឧស្ម័នពីរុស្ស៊ីជាប្រាក់រូប្ល តាមការចង់បានរបស់រុស្ស៊ីនោះទេ ដែលជាផ្នែកមួយនាំឲ្យមានការខឹងសម្បាជាខ្លាំងពីរស្ស៊ី ហើយឈានដល់ការសម្រេចកាត់ផ្តាច់ការផ្តល់ឧស្ម័ន ទៅកាន់ប្រទេសទាំង ២ នេះ។ ក្នុងនោះ សមាជិកសភាកំពូលរបស់រុស្ស៊ីបានព្រមានថា ប្រទេសដែលបានប្រឆាំងជាមួយទីក្រុងម៉ូស្គួ ផ្សេងទៀតក៏អាចនឹងត្រូវកាត់ផ្តាច់ផងដែរ។
ក្រោយពីរុស្ស៊ីលេងធម៌ក្ដៅបែបនេះ ទៅកាន់ប្រទេសសហភាពអឺរ៉ុប លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ក៏បានចេញមកនិយាយចំៗដែរថា ឆាប់ៗនេះ អ្នករាល់គ្នានៅអឺរ៉ុបនឹងបានដឹងថា ពួកគេមិនអាចពឹងផ្អែករុស្ស៊ីសម្រាប់ការធ្វើពាណិជ្ជកម្មតតទៅទៀតនោះទេ ហើយឆាប់ៗនេះ វានឹងអាចមានការធានាស្ថិរភាពទីផ្សារអឺរ៉ុប។
ប្រទេសបារាំងនឹងបើកកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុប នៅថ្ងៃទី ២ខែឧសភាខាងមុខនេះ ដើម្បីពិភាក្សាអំពីរបៀបដោះស្រាយជាមួយនឹងចំណាត់ការរបស់រុស្ស៊ីមកលើប្រទេសអឺរ៉ុប។
គណៈកម្មការអឺរ៉ុបបានចោទប្រកាន់ទីក្រុងមូស្គូថា ទង្វើបែបនេះជាការសម្លុតគំរាមកំហែង ទៅលើសហភាពអឺរ៉ុប ប៉ុន្តែសហភាពអឺរ៉ុប ក៏បានចេញឯកសារផ្តល់ការប្រឹក្សាដល់បណ្តាប្រទេសសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនផងដែរ ដោយបង្ហាញអំពីជម្រើសដែលអាចអនុញ្ញាតឱ្យប្រទេសក្នុងសហភាពអឺរ៉ុបដែលទិញប្រេងពីរុស្ស៊ីបាន និងបន្តបង់ប្រាក់សម្រាប់ឧស្ម័នរុស្ស៊ីដោយមិនប៉ះពាល់ដល់ទណ្ឌកម្មដែលបានដាក់លើរុស្ស៊ីនោះទេ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ផេសស្គូវ បាននិយាយថា រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ថាមពលដែលអាចពឹងពាក់បាន ហើយលោក៏បានបដិសេធ ចំពោះការលើកឡើងថា រុស្ស៊ីកំពុងសម្លុតគំរាមប្រទេសអឺរ៉ុបផងដែរ។
យ៉ាងណាក៏ដោយចុះ តម្លៃឧស្ម័នបានកើនឡើងដោយសារការភ័យខ្លាចថា ប្រទេសជាច្រើនទៀត អាចរងផលប៉ះពាល់នៃការកាត់ផ្តាច់របស់រុស្ស៊ីជាបន្តបន្ទាប់ទៀត ជាពិសេសប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេមួយរបស់អឺរ៉ុប ដែលកាលពីឆ្នាំមុនត្រូវបានគេដឹងថាបានទិញឧស្ម័នច្រើនជាងពាក់កណ្តាលសម្រាប់ការប្រើប្រាស់របស់ខ្លួនពីប្រទេសរុស្ស៊ី។
ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនថាមពលគ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានផ្គត់ផ្គង់ឧស្ម័នសម្រាប់ទ្វីបអឺរ៉ុបជាមួយនឹងតម្រូវការឧស្ម័នប្រហែល ៤០% ។ ក្រុមហ៊ុននេះ បានព្រមានថា ការដឹកជញ្ជូនឆ្លងកាត់ប្រទេសប៉ូឡូញ និងប៊ុលហ្គារី ដែលបំពង់បង្ហូរប្រេងរបស់ពួកគេផ្គត់ផ្គង់ប្រទេសអាល្លឺម៉ង់ ហុងគ្រី និង ស៊ែប៊ី នឹងត្រូវបានកាត់បន្ថយ ប្រសិនបើប្រេងឥន្ធនៈត្រូវបានបង្ហូរដោយខុសច្បាប់ចូលទៅកាន់ប្រទេសប៉ូឡូញ និង ប៉ុលហ្គារី។
ជាមួយនឹងការផ្គត់ផ្គង់ឧស្ម័នជាសកលលោកមានភាពតឹងតែងខ្លាំង អឺរ៉ុបទំនងជាមិនអាចជំនួសឧស្ម័នរុស្ស៊ីបានពេញលេញក្នុងរយៈពេលខ្លីនោះទេ។
គួរបញ្ចាក់ថា បន្ទាប់ពីរុស្ស៊ីត្រូវបានដកចេញពីប្រព័ន្ធទូទាត់រូបិយវត្ថុអន្តជាតិ Swift ធ្វើឲ្យមានការរំខាន ដល់ការទូទាត់ប្រាក់ជាសកលនៃការនាំចេញប្រេង និង ឧស្ម័នជាខ្លាំងសម្រាប់ទីក្រុងម៉ូស្គួ ខណៈនាពេលថ្មីៗនេះរុស្ស៊ីបានរៀបចំប្រព័ន្ធទូទាត់ឧស្ម័ន ដែលពាក់ព័ន្ធនឹងការបើកគណនីនៅ Gazprombank ដើម្បីទូទាត់ជាប្រាក់រូប្លរបស់រុស្ស៊ីវិញ ទើបអាចអនុញ្ញាតឱ្យមានការទិញឧស្ម័នបន្តបាន ខណៈកាលពីពេលមុន ធ្លាប់តែមានការទូទាត់ជាប្រាក់អឺរ៉ូ ឬ ប្រាក់ដុល្លារតែប៉ុណ្ណោះ។
ក្នុងនោះ ក្រុមហ៊ុនអឺរ៉ុបចំនួន ១០ បានបើកគណនីរួចហើយនៅ Gazprombank ដើម្បីបំពេញតម្រូវការទូទាត់របស់រុស្ស៊ី។ នេះបើយោងតាម Bloomberg៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន