អឺរ៉ុប-រុស្ស៊ី

អឺរ៉ុបស៊ើបអង្កេតពីការវាយប្រហារបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ដែលបង្ហូរឧស្ម័នទៅកាន់តំបន់អឺរ៉ុប


ប្រទេសអឺរ៉ុបកំពុងស៊ើបអង្កេតនូវអ្វីដែលប្រទេសអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែតបាននិយាយថា គឺជាការវាយប្រហារដែលបានបណ្តាលឱ្យមានការលេចធ្លាយឧស្ម័នយ៉ាងច្រើនចូលទៅក្នុងសមុទ្របាល់ទិកចេញពីបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីចំនួន២ខ្សែដែលបង្ហូរទៅតំបន់អឺរ៉ុបនៅចំពេលមានការប្រឈមមុខដាក់គ្នាផ្នែកថាមពល។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
អឺរ៉ុបស៊ើបអង្កេតពីការវាយប្រហារបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី ដែលបង្ហូរឧស្ម័នទៅកាន់តំបន់អឺរ៉ុប

បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់តំបន់អឺរ៉ុបចំនួន២គឺបំពង់បង្ហូរឧស្ម័ន Nord Stream ទី១ និងទី២បានរងការវាយប្រហារបណ្ដាលឱ្យលិចធ្លាយឧស្ម័នជាច្រើននៅក្នុងសមុទ្របាល់ទិកនៅក្នុងពេលថ្មីៗនេះបង្ខំឱ្យអឺរ៉ុបបើកការស៊ើបអង្កេតជាបន្ទាន់កាលពីថ្ងៃអង្គារនៅចំពេលមានការប្រឈមមុខគ្នាផ្នែកថាមពលរវាងរុស្ស៊ីនិងបណ្ដាប្រទេសបស្ចិមលោក។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ការវាយប្រហារបំពង់បង្ហូរឧស្ម័ននេះបានកើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកហៅកាត់ថា CIA បានព្រមានប្រទេសអាល្លឺម៉ង់ឱ្យប្រយ័ត្នចំពោះលទ្ធភាពដែលអាចមានការវាយប្រហារបំពង់បង្ហូរឧស្ម័នទាំង២នេះហើយរដ្ឋាភិបាលអាល្លឺម៉ង់ក៏បានដឹងពីតម្រុយរបស់ទីភ្នាក់ងារ CIA នេះកាលពីរដូវក្ដៅផងដែរ។ នេះបើតាមទស្សនាវដ្តីអាល្លឺម៉ង់ ស្ពីហ្គែល (Spiegel) បានចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។

មកដល់ពេលនេះគេនៅមិនទាន់មានតម្រុយជាក់លាក់ណាមួយនៅឡើយទេថា តើអ្នកណាអាចស្ថិតនៅពីក្រោយនៃការវាយប្រហារបង្កឲ្យមានការលេចធ្លាយឧស្ម័ន ដែលគេទើបបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃទី ២៦ ខែកញ្ញាថា វាបានលេចធ្លាយចេញពីបំពង់បង្ហូរឧស្ម័ន Nord Stream ដែលប្រទេសរុស្ស៊ី និងដៃគូអឺរ៉ុបបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីសាងសង់បំពង់ទាំងនេះ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក រ៉ូប៊ឺត ហេបេក (Robert Habeck) បានប្រាប់ក្រុមមេដឹកនាំអាជីវកម្មថា ការលេចធ្លាយឧស្ម័ននេះ គឺដោយសារការវាយប្រហារដែលសំដៅលើហេដ្ឋារចនាសម្ព័ន្ធនេះ ហើយឥឡូវទីក្រុងប៊ែកឡាំងដឹងច្បាស់ថា វាមិនបណ្តាលមកពីឧប្បតិ្តហេតុធម្មជាតិ ឬព្រឹត្តិការណ៍ ឬក៏ការដាច់រលាត់សម្ភារៈនោះទេ។

ចំណែកនាយករដ្ឋមន្ត្រីប្រទេសស៊ុយអែត និងដាណឺម៉ាកវិញបាននិយាយថា ការលេចធ្លាយបំពង់ឧស្ម័ននេះ គឺបណ្តាលមកពីសកម្មភាពក្នុងចេតនាបំផ្លិចបំផ្លាញវាតែម្ដង ខណៈដែលនាយករដ្ឋមន្ត្រីប៉ូឡូញក៏បានទម្លាក់ការលេចធ្លាយនេះទៅលើការបំផ្លិចបំផ្លាញដោយចេតនាផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីភស្តុតាងជាក់លាក់ណាមួយនោះទេ។

ប្រទេសរុស្ស៊ីដែលបានកាត់បន្ថយការចែកចាយឧស្ម័នទៅតំបន់អឺរ៉ុបបន្ទាប់ពីបស្ចិមលោកបានដាក់ទណ្ឌកម្មលើការឈ្លានពានរបស់ទីក្រុងមូស្គូទៅលើលើប្រទេសអ៊ុយក្រែននោះ ក៏បាននិយាយដែរថា វាអាចជាបំផ្លិចបំផ្លាញដោយចេតនាណាមួយ ហើយថាការលេចធ្លាយនេះបានធ្វើឱ្យខូចដល់សន្តិសុខថាមពលរបស់ទ្វីបអឺរ៉ុបទាំងមូលផងដែរ។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បានហៅឧបទ្ទវហេតុនេះថា ជាការវាយប្រហាររបស់រុស្ស៊ី ដើម្បីធ្វើឱ្យមានអស្ថិរភាពនៅតំបន់អឺរ៉ុប ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយនោះទេ។

នាយករដ្ឋមន្ត្រីប៉ូឡូញលោក ម៉ាធៀស ម៉ូរ៉ាវីគី (Mateusz Morawiecki) បាននិយាយនៅពិធីបើកបំពង់បង្ហូរប្រេងថ្មីរវាងប្រទេសន័រវេស និងប៉ូឡូញថា អឺរ៉ុបមើលឃើញយ៉ាងច្បាស់ថា ការលេចធ្លាយបំពង់ឧស្ម័ននេះ គឺជាទង្វើនៃការបំផ្លិចបំផ្លាញដោយចេតនាទាក់ទងនឹងជំហានបន្ទាប់នៃការកើនឡើងនៃស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន។

បំពង់បង្ហូរឧស្ម័ន Nord Stream គឺជាចំណុចក្ដៅមួយនៅក្នុងសង្គ្រាមថាមពល ដែលកំពុងតែកើនឡើងរវាងអឺរ៉ុប និងរុស្ស៊ីដែលបានបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសបស្ចិមលោកសំខាន់ៗ ធ្វើឱ្យតម្លៃឧស្ម័នកើនឡើង និងធ្វើឱ្យអឺរ៉ុបប្រឹងប្រែងរកការផ្គត់ផ្គង់ឧស្ម័នផ្សេងពីរុស្ស៊ីផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ធនាគារពិភពលោកបន្ទាបការព្យាករសេដ្ឋកិច្ចចិន ប៉ុន្ដែបង្កើនការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ធនាគារពិភពលោក (World Bank) បានបង្កើនការព្យាករពីកំណើនសេដ្ឋកិច្ច នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមិនរាប់បញ្ចូលប្រទេសចិន ក្នុងរង្វង់…

បង់ក្លាដេសចង់ទូទាត់ពាណិជ្ជកម្មជាប្រាក់យ័នរបស់ចិន ស្របពេលប្រាក់ដុល្លារឡើងថ្លៃ និងបារម្ភពីការធ្លាក់ចុះទុនបម្រុងបរទេស

ស្ថិតក្នុងស្ថានភាពគំរាមកំហែងដោយប្រាក់ដុល្លារឡើងថ្លៃខ្ពស់ និងបារម្ភថា ទុនបម្រុងបរទេសនឹងបន្តថយចុះថែមទៀត ប្រទេសបង់ក្លាដេស ចង់ប្តូរការទូទាត់ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ