
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ឌឺ ឡេយេន បាន បំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គើរុ អ៊ីស៊ីបា (Shigeru Ishiba និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក អែនតូនីញ៉ូ ខូស្ដា (Antonio Costa) រយៈពេលពីរថ្ងៃចាប់ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកក្កដា ហើយមានការរំពឹងទុកថា មេដឹកនាំទាំងនេះនឹងឈានដល់កិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម សន្តិសុខ និងបច្ចេកវិទ្យា។
លោកស្រី អឺស៊ូឡា វ៉ុន ឌឺ ឡេយេន បានថ្លែងថា ស្របពេលដែលភាពតានតឹងទូទាំងពិភពលោកកំពុងកើនឡើងកម្ដៅ ជាពិសេសរវាងសហរដ្ឋអាម៉េរិក ជាមួយ ចិន នេះជាពេលវេលាដ៏មានសារសំខាន់ដែលប្រទេសជប៉ុន និងសហភាពអឺរ៉ុប គួរតែសហការគ្នាដើម្បីការពារភាពត្រឹមត្រូវយុត្តិធម៌ និងការបើកទូលាយក្នុងពាណិជ្ជកម្មអន្តរជាតិ។
ភាគីទាំងពីរនឹងផ្តោតលើការធានាខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់វត្ថុធាតុដើមសំខាន់ៗដូចជារ៉ែកម្រ ព្រមទាំងបន្ទះឈីប និងអាគុយផងដែរ ដោយមេដឹកនាំទាំងពីរគ្រោងចាប់ផ្តើមគម្រោងជីកយករ៉ែរួមគ្នា និងគម្រោងកែច្នៃឡើងវិញ ហើយធ្វើការរួមគ្នាលើវិធានការស្ដីពីពាណិជ្ជកម្មអន្តរជាតិ។ ប្រធានគណៈកម្មាការអឺរ៉ុប ក៏សង្ឃឹមដែរថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប អាចជួយធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការពារពាណិជ្ជកម្មបើកទូលាយ និងត្រឹមត្រូវយុត្តិធម៌។
ទាក់ទិនបញ្ហាសន្តិសុខ លោកស្រីបាននិយាយថា អឺរ៉ុប និងឥណ្ឌូ-ប៉ាស៊ីហ្វិក មានទំនាក់ទំនងច្រើន និងស្អិតរមួតជាងពេលណាទាំងអស់ដោយសារមានការគំរាមកំហែងពីរុស្ស៊ី មហាយក្សចិន និងកូរ៉េខាងជើង។ ប្រទេសជប៉ុន និងសហភាពអឺរ៉ុប នឹងចាប់ផ្តើមកិច្ចពិភាក្សាឧស្សាហកម្មការពារជាតិក្នុងពេលឆាប់ៗនេះ និងស្វះស្វែងអភិវឌ្ឍរួមគ្នានូវសម្ភារសឹកយោធា។
ទន្ទឹមនេះ មេដឹកនាំទាំងពីរ ក៏មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ តាមរយៈកម្មវិធី «ជើងមេឃអឺរ៉ុប» របស់សហភាពអឺរ៉ុប ដែលជាមូលនិធិវិនិយោគដ៏ធំមួយសម្រាប់ការស្រាវជ្រាវ៕
ដោយ: តែម សុខុម