គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្ដាលអឺរ៉ុប ព្រមានថា អឺរ៉ុប កំពុងប្រឈមជម្រើសដ៏លំបាក គឺការបន្ថយការប្រើប្រាស់ AI ដើម្បីការពារទិន្នន័យរបស់ខ្លួន ឬក៏ទទួលយក AI ពីបរទេស ហើយប្រឈមការបាត់បង់ស្វ័យភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ច។ តើអឺរ៉ុប អាចតាមទាន់មហាអំណាចទាំងពីរបានឬយ៉ាងណា?
ប្រធានធនាគារកណ្ដាលអឺរ៉ុប បានគូសបញ្ជាក់ថា អឺរ៉ុបត្រូវការគំរូ AI ផ្ទាល់ខ្លួន និងមជ្ឈមណ្ឌលទិន្នន័យបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន។ នេះបើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយកាលពីថ្ងៃទី១៤ ខែកញ្ញា។ គម្លាតបច្ចេកវិទ្យារវាងអឺរ៉ុប និងមហាអំណាចទាំងពីរ កំពុងរីកកាន់តែធំឡើង ដែលទាមទារឱ្យត្រូវបង្កើនល្បឿនអភិវឌ្ឍន៍បន្ថែមទៀត។ កាលពីឆ្នាំមុន អាម៉េរិកផលិតគំរូ AI បានច្រើនគួរឱ្យកត់សម្គាល់រហូតដល់ទៅ៥៩ និងចិនផលិតបានគំរូ AI ចំនួន៣៥ ខណៈបារាំង និងអង់គ្លេសមានតែម្នាក់មួយប៉ុណ្ណោះ។ អាម៉េរិក ក៏មានប្រមាណ៧៥% នៃសមត្ថភាព Computing AI ទូទាំងពិភពលោកផងដែរ ខណៈអឺរ៉ុប មានត្រឹម៥%។
មេធនាគារកណ្តាលរូបនេះបានព្រមានថា AI នឹងកាន់តែសំខាន់សម្រាប់ព្រំដែន ពន្ធដារ ការដឹកជញ្ជូន សុខាភិបាល និងធនាគារ។ ប្រសិនបើការចូលប្រើ AI បរទេសត្រូវបានរឹតត្បិត ឬធ្វើឱ្យថ្លៃដើមខ្ពស់ជាងមុនផលប៉ះពាល់អាចរាលដាលពេញសេដ្ឋកិច្ចអឺរ៉ុបទាំងមូល។ ទន្ទឹមនេះការប្រើបច្ចេកវិទ្យា AI លឿនជាងមុន អាចបង្កើនផលិតភាពអឺរ៉ុបរហូតដល់៤% ក្នុងរយៈពេលមួយទសវត្សរ៍៕ទសវត្សរ៍៕
ដោយ: តែម សុខុម