វិស័យធនាគារ

តើផ្អែកលើកត្តាអ្វីនាំឱ្យធនាគារកណ្ដាលអឺរ៉ុប ព្រមានថា បណ្ដាទីផ្សារមាសជាហានិភ័យបង្កការគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុ?


មាសពិតជាសំខាន់សម្រាប់ប្រទេសនានាជុំវិញពិភពលោក ព្រោះវាផ្ដល់ស្ថិរភាពសេដ្ឋកិច្ច និងជួយគាំទ្រដល់រូបិយប័ណ្ណជាតិនៃប្រទេសទាំងនោះ ព្រមទាំងធ្វើឱ្យបណ្ដាវិនិយោគិនមានទំនុកចិត្ត ហើយវាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុតអំឡុងពេលមានវិបត្តិ។ ទោះជាយ៉ាងណា ពេលនេះធនាគារកណ្ដាលអឺរ៉ុប (ECB) បែរជាលើកឡើងគួរឱ្យភ្ញាក់ផ្អើលថា បណ្ដាទីផ្សារមាសអាចជាប្រភពដែលបង្កគ្រោះថ្នាក់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់តំបន់ចាយប្រាក់អឺរ៉ូទៅវិញ។
វិស័យធនាគារ
ដោយ

ធនាគារកណ្តាលអឺរ៉ុប (ECB) បានព្រមានថា បណ្ដាទីផ្សារមាសអាចគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុរបស់តំបន់ចាយប្រាក់អឺរ៉ូ ប្រសិនបើភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយពិភពលោកកាន់តែកើនឡើងកម្ដៅ។ អ្នកជំនាញសេដ្ឋកិច្ចចំនួន៤រូបនៃធនាគារកណ្តាលអឺរ៉ុប (ECB) បានសរសេរក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ថា តម្រូវការខ្ពស់នៃដុំមាសពិតជាក់ស្ដែងដែលភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់ឈ្មួញធំៗ គួបផ្សំជាមួយកង្វះតម្លាភាពនៃការជួញដូរមាសទាំងនោះ បង្កការគំរាមកំហែងកាន់តែធំ ប្រសិនបើទីផ្សារមាសជួបបញ្ហា។

អ្នកជំនាញសេដ្ឋកិច្ចទាំងនេះ បានលើកឡើងថា ប្រសិនបើមានស្ថានការណ៍ដ៏អាក្រក់កើតឡើង បណ្ដាទីផ្សារមាសអាចនឹងជះផលប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ។ ហានិភ័យទាំងនោះកើតចេញពីក្រុមហ៊ុនធំៗមួយចំនួនដែលគ្រប់គ្រងទីផ្សារមាស ការប្រើប្រាស់ច្រើនលើសលប់នៃប្រាក់ដែលបណ្ដាវិនិយោគិនបានខ្ចី និងកង្វះតម្លាភាពពីការជួញដូរមាសដោយផ្ទាល់រវាងភាគីអ្នកលក់ និងភាគីអ្នកទិញដោយមិនបានឆ្លងកាត់ផ្សារហ៊ុន។

គួររំឭកថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងឈានដល់កម្រិតកំណត់ត្រា៣,៥០០ដុល្លារអាម៉េរិក ក្នុងមួយអោន ឬជិត៤,២៧០ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងកាលពីខែមេសា បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធគយបដិការលើបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មទូទាំងពិភពលោក។ ហើយទោះបីជាហាងឆេងមាសបានធ្លាក់ចុះចាប់តាំងពីពេលនោះមកយ៉ាងណាក្ដី ក៏អ្នកជំនាញសេដ្ឋកិច្ចទាំងនេះនៅតែមើលឃើញពីហានិភ័យនៅឡើយ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចដែលមកពីធនាគារកណ្តាលអឺរ៉ុប (ECB) នេះបានព្រមានថា ប្រសិន​បើបណ្ដាវិនិយោគិនដែលប្រើប្រាស់ប្រាក់កម្ចីដើម្បីទិញចូលមាស ត្រូវបង្ខំចិត្តលក់ចេញមាសទាំងខាតដើម វានឹងបង្កការជ្រួលច្របល់ដែលអាចជះផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុទាំងមូលរបស់តំបន់ចាយប្រាក់អឺរ៉ូ។ អ្នកជំនាញទាំងនេះបានបន្ថែមទៀតថា បញ្ហានៅក្នុងទីផ្សារមាសដែលជួញដូរដុំមាសពិតជាក់ស្ដែងដូចជាការពន្យារពេលប្រគល់មាសជាដើម អាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ថែមទៀត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មន្ត្រីធនាគារកណ្ដាលអាម៉េរិក បានបង្ហើបថា ធនាគារកណ្ដាលអាម៉េរិកនឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលយ៉ាងហោចណាស់ដល់ខែកញ្ញា ក្នុងឆ្នាំនេះ

មន្ត្រីជាន់ខ្ពស់ពីររូបរបស់ធនាគារកណ្តាលអាម៉េរិក រួមទាំង លោក ចន វិល្លៀម (John Williams) ប្រធានធនាគារកណ្ដាលអាម៉េរិក សាខាក្រុងញូវយ៉ក បាន…

ចិន ជំរុញឱ្យអាម៉េរិក កែកំហុសរបស់ខ្លួន ចំពោះការរឹតបន្តឹងមិនឱ្យប្រើបន្ទះឈីបរបស់ខ្លួន

ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក បានជំរុញឱ្យមហាអំណាចសេដ្ឋកិច្ចលេខ១ លើពិភពលោកអាម៉េរិក កែតម្រូវកំហុសរបស់ខ្លួនជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ