នេះបើតាមការផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក លោក Sujiro Seam បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរ៉យទ័រថា សហភាពអឺរ៉ុបត្រូវគេចាត់ទុកថាជាដៃគូអភិវឌ្ឍន៍នៅតំបន់ប៉ាស៊ីហ្វិកជាយូរមកហើយ ហើយសហភាពអឺរ៉ុបក៏ចង់ឱ្យគេយល់កាន់តែច្បាស់ថា ខ្លួនគឺជាដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររបស់តំបន់នេះផងដែរ។
ការជំរុញរបស់សហភាពអឺរ៉ុបនេះបានកើតឡើងនៅពេលដែលមហាអំណាចធំៗកំពុងប្រជែងដណ្តើមឥទ្ធិពលគ្នានៅក្នុងតំបន់នេះកាន់តែខ្លាំងក្លា ដោយសហរដ្ឋអាមេរិក និងអូស្ត្រាលីបានបង្កើនការចូលរួមនៅក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ បន្ទាប់ពីប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសកោះសូឡូម៉ុន (Solomon) ក្នុងឆ្នាំនេះ។
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបដដែលនេះ បាននិយាយថា ភូមិសាស្ត្រនៅមហាសមុទ្រប៉ាស៊ីហ្វិកនេះ ត្រូវបានទទួលស្គាល់ដោយប្រទេសជាច្រើនរួមទាំងសហភាពអឺរ៉ុបផងដែរថា ពិតជាមានសារៈសំខាន់សម្រាប់ពួកគេ ហើយសហភាពអឺរ៉ុបបានមានបង្ហាញវត្តមាននៅតំបន់នេះជាយូរមកហើយភាគច្រើនតាមរយៈទំនាក់ទំនងរបស់ប្រទេសបារាំងភ្ជាប់ទៅនឹងលក្ខណៈភូមិសាស្ត្រនយោបាយរបស់ប្រទេសបារាំងតែម្ដង។
នៅឆ្នាំ២០២១សហភាពអឺរ៉ុបបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកជាផ្លូវការ ហើយបានប្រកាសអំពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលចំនួន ជាង៣០០ពាន់លានដុល្លារ ដែលគេរំពឹងថានឹងជួយជំរុញទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកកាន់តែខ្លាំងថែមទៀត។
លោក Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក បានបន្ថែមថា សហភាពអឺរ៉ុបមានគម្រោងអភិវឌ្ឍន៍ជាច្រើនដែលកំពុងដំណើរការនៅក្នុងតំបន់នេះ ហើយកំពុងសម្លឹងមើលពង្រីកទំនាក់ទំនងបន្ថែមទៀតដោយកត់សម្គាល់ថា សហភាពអឺរ៉ុបកំពុងពិភាក្សាបញ្ចប់លើគម្រោងចំណាយប្រាក់ ជាង ៥ លានដុល្លារ សម្រាប់ការសិក្សាពីលទ្ធភាពសម្រាប់បង្កើតកំពង់ផែមួយនៅលើកោះគីរីទីម៉ាទី (Kiritimati) នៅប្រទេសកោះ គីរីបាទី (Kiribati)។
លោក Seam បានបន្ថែមថា វត្តមានអឺរ៉ុបនៅក្នុងតំបន់ប៉ាស៊ីហ្វិក គឺមិនចង់ប្រឆាំងនឹងនរណាម្នាក់នោះទេ ហើយក៏មិនមែនមក ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ប្រទេសចិននោះដែរ។
លោកគូសបញ្ជាក់ទៀតថា ផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងការជំរុញវត្តមានរបស់ EU នៅក្នុងតំបន់ប៉ាស៊ីហ្វិកគឺផ្តល់ឱកាសសេដ្ឋកិច្ច ហើយអឺរ៉ុបបានចុះហត្ថលេខាលើភាពជាដៃគូពាណិជ្ជកម្មមួយចំនួនជាមួយរដ្ឋាភិបាលប៉ាស៊ីហ្វិក និងកំពុងចរចាកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយប្រទេសតុងហ្កា ដើម្បីអនុញ្ញាតឱ្យប្រទេសនេះចូលទៅកាន់ទីផ្សារអឺរ៉ុបកាន់តែប្រសើរជាងមុន។ បន្ថែមពីនេះទៀត សហភាពអឺរ៉ុបក៏មានគម្រោងបង្កើតផែនការតាមដានដែនសមុទ្រក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ហើយកន្លងមកយោធាបារាំង ដែលមានបទពិសោធន៍ច្រើននៅក្នុងតំបន់នេះបានជួយគាំទ្រសហភាពអឺរ៉ុប ដើម្បីបង្កើនទំនាក់ទំនងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះបានយ៉ាងល្អ៕
អត្ថបទ៖ សុខ ជា