ភាគហ៊ុននៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អេវើក្រេន ដែលកំពុងជួបការលំបាកដោយសារតែបំណុលវណ្ឌកមួយនេះ បានបើកការជួញដូរលើកដំបូងក្នុងតម្លៃ ០,២២ដុល្លារហុងកុង ឬប្រហែលជា០.០២ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន កាលពីព្រឹកថ្ងៃទី២៨ខែសីហា និងបានកើនដល់ ០,០៤ដុល្លារ នៅម៉ោងបិទបញ្ចប់ការជួញដូរវេលាព្រឹកថ្ងៃដដែលនោះ។ មែនទែនទៅ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានផ្អាកការជួញដូរចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មកម្ល៉េះ ដែលពេលនោះភាគហ៊ុនរបស់ក្រុមហ៊ុននេះមានតម្លៃ ០,២១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។
ក្រុមហ៊ុន អេវើក្រេន ធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតលំដាប់ទី២របស់ប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះបានខកខានបំពេញកាតព្វកិច្ចសងបំណុលមួយចំនួនបង្កឱ្យមានភាពយឺតយ៉ាងក្នុងការប្រគល់ផ្ទះដល់ម្ចាស់ផ្ទះ និងយឺតយ៉ាវក្នុងការទូទាត់វិក្កយប័ត្រប្រាក់ ដល់ក្រុមអ្នកផ្គត់ផ្គង់ផងដែរ។
ក្រុមហ៊ុន អេវើក្រេន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយដែលជំពាក់បំណុលច្រើនជាងគេបំផុតនៅក្នុងពិភពលោក និងជាអ្នកស្ថិតនៅចំកណ្តាលនៃវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន ហើយក្រុមហ៊ុននេះបានជំពាក់បំណុលជាច្រើនចាប់តាំងពីចុងឆ្នាំ២០២១មក។
ក្រុមហ៊ុននេះ បានដាក់ពាក្យស្នើសុំឱ្យនិយ័តករផ្សាភាគហ៊ុនហុងកុង ដកចេញនូវវិធានការផ្អាកការជួញដូរហ៊ុនរបស់ខ្លួនកាលពីល្ងាចថ្ងៃសុក្រ ទី២៥ ខែសីហា បន្ទាប់ពីក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានដោះស្រាយរួចហើយនូវលក្ខខណ្ឌផ្សេងៗ ដែលកំណត់ដោយផ្សារហ៊ុនក្រុងហុងកុង (Hong Kong Exchange) រួមទាំងការចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុផងដែរ។
លទ្ធផលពាណិជ្ជកម្មរបស់ក្រុមហ៊ុន អេវើក្រេន សម្រាប់ឆមាសទីមួយឆ្នាំនេះ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៧ ខែសីហាបង្ហាញថា ក្រុមហ៊ុននេះបានខាតបង់សុទ្ធចំនួនជាង ៤ពាន់លានដុល្លារ គឺខាតតិចជាងប្រហែលពាក់កណ្ដាលនៃឆមាសទី១កាលពីឆ្នាំ២០២២ ដែលពេលនោះក្រុមហ៊ុននេះបានខាតបង់សុទ្ធជាង ៩ពាន់លានដុល្លារ។
ក្រុមហ៊ុននេះបាននិយាយថា ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនពេលនេះ នៅតែមិនច្បាស់លាស់នៅឡើយ។ សាច់ប្រាក់សរុបដែលខ្លួនអាចប្រមូលបាន គឺមានចំនួនជិត ២ពាន់លានដុល្លារគិតត្រឹមដំណាច់ខែមិថុនា ខណៈដែលបំណុលសុទ្ធបច្ចុប្បន្ន មានចំនួនជិត ១០០ពាន់លានដុល្លារ។ ក្រុមហ៊ុននេះក៏បាននិយាយដែរថា ខ្លួនក៏មានពាក់ព័ន្ធនឹងវិវាទផ្សេងៗ និងករណីមជ្ឈត្តិកម្ម ឬអាជ្ញាកណ្ដាល ដោយហេតុផលផ្សេងៗទៀត។
គួររំឭកបន្ដិចថា ក្រុមហ៊ុន China Evergrande នេះក៏ទើបតែបានដាក់សំណើការពារក្ស័យធននៅក្នុងទីក្រុងញូវយ៉ករួចហើយដែរ កាលពីថ្ងៃទី ១៧ ខែសីហាកន្លងទៅ ដើម្បីស្វែងរកការការពារទ្រព្យសម្បត្តិរបស់ខ្លួននៅអាមេរិក ពីបម្ចាស់បំណុល នៅពេលដែលវាកំពុងដំណើរការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ៕