តៃវ៉ាន់

តៃវ៉ាន់អនុម័តបង្កើនថវិកាការពារជាតិសម្រាប់ឆ្នាំ២០២៤ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងរបស់ចិន


តៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែសីហា បានអនុម័តច្បាប់ថវិកាការពារជាតិដ៏ច្រើនបំផុតរហូតដល់ជាង ១៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤។ កញ្ចប់ថវិកានេះ គឺជាការកើនឡើងរយៈពេល៧ឆ្នាំជាប់ៗគ្នា ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសចិននៅជុំវិញច្រកសមុទ្រតៃវ៉ាន់ និងស្របពេលដែលអាមេរិកផ្គត់ផ្គង់អាវុធយ៉ាងសកម្មដល់តៃវ៉ាន់ផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
តៃវ៉ាន់អនុម័តបង្កើនថវិកាការពារជាតិឆ្នាំ២០២៤ ជាង ១៩ពាន់លានដុល្លារ
ដោយ

កញ្ចប់ថវិកាការពារជាតិ ដែលកោះតៃវ៉ាន់ បានអនុម័តពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះបានកើនឡើង ៤,៦% បើធៀបនឹងឆ្នាំមុន ដោយឡើងដល់ជាង១៩ពាន់លានដុល្លារអាមេរិក គឺស្មើនឹងប្រហែល ២,៥%នៃផលិតផលក្នុងស្រុកសរុបរបស់តៃវ៉ាន់។ សេចក្តីព្រាងច្បាប់ថវិកានេះ នឹងត្រូវអនុម័តជាផ្លូវការនៅចុងឆ្នាំនេះ ព្រោះវាត្រូវឆ្លងកាត់ការជជែកដេញដោលនៅក្នុងសភាបន្ថែមទៀត។
ការវិភាគមួយបង្ហាញថា ថវិកាការពារជាតិទូទៅបានកើនឡើងជិត ៨% គឺឡើងដល់ជិត ១៤ពាន់លានដុល្លារ ដែលវាបានឆ្លុះបញ្ចាំងពីការចំណាយកាន់តែកើនឡើងរបស់ទីក្រុងតៃប៉ិសម្រាប់តម្រូវការយន្តហោះយោធា និងការប្រុងប្រយ័ត្នរបស់កងទ័ពជើងទឹក ខណៈដែលប្រទេសចិនបង្កើនសកម្មភាពយោធាដូចជា សមយុទ្ធកងទ័ពជើងទឹកនៅជិតដែនទឹករបស់តៃវ៉ាន់ជាដើម។

លើសពីនេះ កញ្ចប់ថវិកាពិសេសចំនួនជិត៣ពាន់លានដុល្លារ ក៏ត្រូវបានត្រៀមទុកសម្រាប់ទិញយន្តហោះចម្បាំងអាមេរិក F-16V ថ្មីមួយចំនួនក្នុងចំណោមឧបករណ៍ផ្សេងទៀតផងដែរ។ ប្រសិនបើសភាតៃវ៉ាន់បានអនុម័តមែននោះ ថវិកាការពារជាតិសរុបសម្រាប់ឆ្នាំ២០២៤ នឹងកើនឡើងជិត ៥%បើធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែការអត្រាកំណើននេះនៅតែទាបជាងឆ្នាំ២០២៣ដែលធ្លាប់មានជាង១២%។
មូលហេតុចម្បងនៃការបង្កើនថវិកាការពារជាតិនេះ គឺការបង្កើនសម្ពាធយោធាចេះតែកើនឡើងពីសំណាក់ចិនដីគោកទៅលើកោះនេះ ចាប់តាំងពីប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៊ីងវិន បានឡើងកាន់តំណែងក្នុងឆ្នាំ២០១៦មក។ ការអនុម័តដោយរលូនចំពោះការលក់អាវុធអាមេរិកឱ្យតៃវ៉ាន់ក៏បានរួមចំណែកដល់ការកើនឡើងថវិកាការពារជាតិរបស់តៃវ៉ាន់នេះផងដែរ។
កាលពីថ្ងៃពុធ ទី២៣ ខែសីហា រដ្ឋាភិបាលអាមេរិកបានប្រកាសថា ខ្លួនបានយល់ព្រមលក់ប្រព័ន្ធស្វែងរក និងតាមដានតាមរលកធាតុអាកាសសម្រាប់យន្តហោះចម្បាំង F-16 និងបានជូនដំណឹងពីការលក់នេះដល់សភារួចហើយ។ ប្រសិនបើអាមេរិកអនុម័តផ្លូវការ នោះតៃវ៉ាន់នឹងត្រូវចំណាយប្រមាណ ៥០០លានដុល្លារអាមេរិក សម្រាប់ការទិញយកប្រព័ន្ធនេះ ហើយនេះគឺជាការអនុម័តលើកទី១១នៃការលក់សព្វាវុធទៅឲ្យតៃវ៉ាន់ក្រោមការដឹកនាំរបស់លោក ចូ បៃដិន និងជាលើកទី៣នៅក្នុងឆ្នាំនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាស៊ានត្រូវការកញ្ចប់ថវិការជាង ២៩ទ្រីលានដុល្លារ ដើម្បីការផ្លាស់ប្តូរប្រភពថាមពលរហូតដល់ឆ្នាំ២០៥០

ព័ត៌មាន
អាស៊ានត្រូវការកញ្ចប់ថវិកាចំនួនជាង ២៩ទ្រីលានដុល្លាររហូតដល់ឆ្នាំ២០៥០ ដើម្បីអនុវត្តការផ្លាស់ប្តូរប្រភពថាមពល ដូចដែលបានព្យាករណ៍ដោយទីភ្នាក់ងារ…

ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅកម្ពុជាហាក់នៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង

ព័ត៌មាន
ស្ថិតក្នុងបរិបទពិភពលោកកាន់តែរីកចម្រើន ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅកម្ពុជាកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ