ការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី

តើមានកត្តាអ្វីខ្លះជំរុញឲ្យ IMF ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី?


អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី០២ ឧសភា បានបញ្ចេញនូវរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួន ដោយបានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីមកដល់អត្រា ៤,៦% សម្រាប់ឆ្នាំ២០២៣នេះ បន្ទាប់ពីមើលឃើញពីការងើបឡើងវិញនៃសេដ្ឋកិច្ចមហាយក្សចិនដែលជាបងធំសេដ្ឋកិច្ចប្រចាំតំបន់អាស៊ី និងជាសេដ្ឋកិច្ចធំទី២ នៅលើពិភពលោក។
តើមានកត្តាអ្វីខ្លះជំរុញឲ្យ IMF ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី?

ទន្ទឹមនឹងការបង្កើនការព្យាករកំណើន IMF ក៏បានព្រមានពីហានិភ័យមួយចំនួនផងដែរ ដែលអាចធ្វើឲ្យរង្គោះរង្គើកំណើនសេដ្ឋកិច្ចតំបន់អាស៊ី នោះគឺ បញ្ហាការបន្ដកើនឡើងនៃអតិផរណា និងការប្រែប្រួលតម្លៃនៃទីផ្សារសាកល ដែលបណ្ដាលមកពីបញ្ហាចលាចល នៃវិស័យធនាគារនៅប្រទេសលោកខាងលិច។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការបើកឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងមានសារសំខាន់ខ្លាំងណាស់សម្រាប់តំបន់អាស៊ី ដែលផ្ដោតលើតម្រូវការប្រើប្រាស់ និងវិស័យសេវាកម្ម ជាជាងការវិនិយោគ។ នេះបើតាមការអះអាងរបស់ IMF ដែលបានបញ្ជាក់បន្ថែមថា តំបន់អាស៊ី និងប៉ាស៊ីហ្វិក នឹងក្លាយជាតំបន់ ដែលមានថាមវន្ដបំផុតក្នុងចំណោមតំបន់សំខាន់ៗរបស់ពិភពលោកនៅឆ្នាំ២០២៣នេះ ដោយមានភាគច្រើនលើសលុប គឺត្រូវបានជំរុញដោយទស្សនវិស័យត្រដែតឡើងនៃប្រទេសចិន និងឥណ្ឌា។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ ក៏បានអះអាងទៀតថា ដូចទៅនឹងតំបន់ផ្សេងទៀតនៅទូទាំងពិភពលោកដែរ តម្រូវការក្នុងស្រុកត្រូវបានគេរំពឹងថា នឹងនៅតែជាកត្តាជំរុញកំណើនខ្លាំងបំផុតនៅទូទាំងតំបន់អាស៊ីទាំងមូលនៅក្នុងឆ្នាំ២០២៣។

សេដ្ឋកិច្ចតំបន់អាស៊ី ត្រូវបានរំពឹងថា នឹងកើន ៤,៦% នៅឆ្នាំនេះ បន្ទាប់ពីបានកើនឡើង ៣,៨% កាលពីឆ្នាំ២០២២ និងរួមចំណែកប្រហែល៧០% នៃកំណើនសកលលោក។ នេះបើតាមការអះអាងរបស់ IMF ដែលបានសង្កត់ធ្ងន់ថា ប្រទេសចិន និងឥណ្ឌា គឺតួអង្គដ៏សំខាន់សម្រាប់រុញកំណើនក្នុងតំបន់អាស៊ី។ ក្នុងនោះ ប្រទេសចិនត្រូវបាន IMF ព្យាករថា នឹងមានកំណើនសេដ្ឋកិច្ច ៥,២% និងឥណ្ឌាមានកំណើន ៥,៩% នៅឆ្នាំនេះ បើទោះបីជាប្រទេសផ្សេងទៀតនៅក្នុងតំបន់នេះ ត្រូវបានរំពឹងថា នឹងមានការថយចុះកំណើនក្ដី។

ប៉ុន្ដែ IMF បានកាត់បន្ថយការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចតំបន់អាស៊ីនៅក្នុងឆ្នាំ២០២៤ អស់០,២% មកវិញ ដោយមកនៅត្រឹមអត្រា ៤,៤%ប៉ុណ្ណោះ ព្រមទាំងបានព្រមានពីហានិភ័យដែលអាចកើតឡើងចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចក្នុងតំបន់នេះផងដែរ។ ហានិភ័យទាំងនោះ មានដូចជា ការបន្ដអូសបន្លាយនូវអតិផរណាលើសពីការរំពឹងទុក តម្រូវការសាកលថយចុះ និងផលប៉ះពាល់ ដែលបណ្ដាលមកពីបញ្ហាតានតឹងខ្លាំងនៃវិស័យធនាគារនៅអាមេរិក និងអឺរ៉ុបជាដើម។

លើសពីនេះ IMF ក៏បានទទូចឲ្យធនាគារកណ្ដាលនៅអាស៊ី ដោយមិនរួមបញ្ចូលធនាគារនៅជប៉ុន និងចិន ត្រូវបន្ដរក្សាការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ដើម្បីទាញអតិផរណាឲ្យធ្លាក់ចុះមកវិញ ខណៈអតិផរណា ត្រូវបានគេមើលឃើញថា អាចនឹងបន្ដភាពរឹងរូសជាមួយនឹងកំណើនខ្ពស់ ដោយសារតែតម្រូវការក្នុងស្រុកបន្ដរឹងមាំ។

យ៉ាងណាមិញ សម្រាប់ប្រទេសចិន ដ្បិតថា មានសម្ទុះកំណើនងើបឡើងក្ដី ប៉ុន្ដែ IMF ក៏បានព្រមានថា បញ្ហាវិស័យអចលនទ្រព្យរបស់ប្រទេសនេះ គឺនៅតែជាហានិភ័យ ដែលធ្វើឲ្យអ្នករៀបចំគោលនយោបាយ ត្រូវការដោះស្រាយ ដើម្បីធានាដល់ការងើបឡើងវិញនៅក្នុងវិស័យដែលជាជន្ទល់សេដ្ឋកិច្ចរបស់ចិនមួយនេះ៕




អត្ថបទបន្ទាប់


TikTok ក្លាយជាអ្នកឧបត្ថម្ភពិសេសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២

ព័ត៌មាន
ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសហគមន៍កីឡានៅក្នុង បណ្តាញទំនាក់ទំនងសង្គម TikTok នឹងដាក់បង្ហាញមុខងារពិសេស និងអេហ្វិច (Effect) ថ្មី…

អាមេរិកអាចនឹងខ្វះលុយសងបំណុលនៅថ្ងៃទី ១ ខែមិថុនា ប្រសិនបើគ្មានការដំឡើងកម្រិតបំណុល

ព័ត៌មាន
កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានកោះហៅមេដឹកនាំកំពូលៗនៃសភាទាំងពីរថ្នាក់ ឱ្យទៅសេតវិមាននៅសប្តាហ៍ក្រោយ បន្ទាប់ពីក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ