ក្រុមហ៊ុន Evergrande បានជាប់ឈ្មោះជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតទូទាំងពិភពលោក ជាមួយនឹងបំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាម៉េរិក ហើយក្រុមហ៊ុននេះត្រូវបានតុលាការកំពូលនៃក្រុងហុងកុង ចេញសាលដីកាបង្គាប់ឱ្យរំលាយចោល កាលពីអំឡុងខែខែមករា ដើមឆ្នាំ២០២៤ នេះ បន្ទាប់ពីក្រុមហ៊ុននេះខកខានមិនបានផ្តល់ផែនការច្បាស់លាស់សម្រាប់ការរៀបចំឡើងវិញ នូវបំណុលក្រៅប្រទេសចំនួន២៣ពាន់លានដុល្លារអាម៉េរិករបស់ខ្លួន។
តាមរយៈឯកសារផ្លូវការមួយបង្ហាញថា ក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ ឈានមុខគេមួយ ដែលមានការិយាល័យកណ្ដាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក និងដែលទទួលបន្ទុកជម្រះបញ្ជីក្នុងដំណើរការរំលាយចោលក្រុមហ៊ុន Evergrande បាននិយាយថា ខ្លួនកំពុងចាប់ផ្តើមដំណើរការពាក្យបណ្ដឹង ដែលបានដាក់កាលពីចុងខែមីនា ប្រឆាំងចុងចោទចំនួន៧រូប ដែលរួមមានទាំងលោក ហួយ កា យ៉ាន (Hui Ka Yan) ដែលជាស្ថាបនិករបស់ Evergrande និងអតីតនាយកប្រតិបត្តិកំពូលៗនៃក្រុមហ៊ុននេះផងដែរ។
ក្រុមហ៊ុនប្រឹក្សាខាងលើ បាននិយាយថា ខ្លួនទទួលបានដីកាបង្គាប់ពីតុលាការក្រុងហុងកុង ឱ្យរារាំងចុងបណ្ដឹងទាំង៧រូបខាងលើ រួមទាំងលោក ហួយ កា យ៉ាន (Hui Ka Yan) ផងមិនឱ្យលក់ចេញទ្រព្យសកម្មរបស់ពួកគេ។
សូមបញ្ជាក់ថា តុលាការក្រុងហុងកុង បានប្រកាសពីពាក្យបណ្ដឹងប្រឆាំងចុងបណ្ដឹងទាំង៧រូបខាងលើនេះជាសាធារណៈ កាលពីថ្ងៃទី២ ខែសីហា៕
ដោយ: តែម សុខុម