ប្រធានាធិបតីស្រីលង្កាលោក Ranil បានអះអាងនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានរ៉យទ័រថា វាចាំបាច់ត្រូវតែមាននរណាម្នាក់ជួយហៅ និងអញ្ជើញប្រទេសម្ចាស់បំណុលសំខាន់ៗរបស់ស្រីលង្កា ហើយប្រទេសនេះនឹងពឹងឱ្យប្រទេសជប៉ុនដែលជាម្ចាស់បំណុលដ៏ធំជាងគេរបស់ខ្លួន ជួយបើការកិច្ចសន្ទនាជាមួយភាគីម្ចាស់បំណុលផ្សេងៗទៀត។ ជាមួយគ្នានេះ លោក Ranil នឹងធ្វើដំណើរទៅទីក្រុងតូក្យូនៅខែក្រោយនេះតែម្ដង ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដើម្បីពិភាក្សាពីកិច្ចការនេះ។
ប្រទេសស្រីលង្កាដែលមានប្រជាជនចំនួន ២២លាននាក់ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌានេះកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពីការទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨មក ដោយសារតែផលប៉ះពាល់រួមគ្នានៃជំងឺរាតត្បាត COVID-19 និងការគ្រប់គ្រងសេដ្ឋកិច្ចមិនបានត្រឹមត្រូវ។
លោក អ៊ូឌីសាន ចូណាស (Udeeshan Jonas) ប្រធានអ្នករៀបចំយុទ្ធសាស្រ្តរបស់ធនាគារវិនិយោគ CAL Group មានមូលដ្ឋាននៅទីក្រុងកូឡុំបូប្រទេសស្រីលង្កាបាននិយាយថា ផែនការរបស់លោកប្រធានាធិបតី Ranil ទៅកាន់ប្រទេសជប៉ុននេះអាចជួយទទួលបានមូលនិធិបន្ថែមទៀតនៅពេលផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបានសម្រេចមែននោះ។
លោក Jonas បាននិយាយថា ដោយជប៉ុនជាសមាជិកមួយនៃក្រុមប្រទេស Quad ដូច្នេះ ជប៉ុនអាចនឹងនាំប្រទេសឥណ្ឌា និងម្ចាស់បំណុលទ្វេភាគីសំខាន់ៗផ្សេងទៀតនៅក្នុងក្រុមប្រទេសនេះមកជាមួយផងដែរ ដូចជាអាមេរិក និងអូស្ត្រាលីជាដើម ហើយស្រីលង្កាអាចធ្វើការលើផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលនឹងគ្របដណ្តប់ទៅលើផ្នែកបំណុលជាច្រើន។
លោកប្រធានាធិបតីស្រីលង្កា អះអាងដែរថា ពេលនេះស្រីលង្កាក៏កំពុងតែជជែកពិភាក្សាជាមួយប្រទេសចិនផងដែរ ហើយ ក៏កំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែរ។
យោងតាមរបាយការណ៍កាលពីខែមីនាបានឱ្យដឹងថា បំណុលទ្វេភាគីសរុបរបស់ស្រីលង្កាត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិប៉ាន់ប្រមាណថាមានចំនួន ជាង៦ពាន់២រយលានដុល្លារនៅចុងឆ្នាំ២០២០ដែលក្នុងនោះបានជំពាក់បំណុលរបស់ប្រទេសជប៉ុន និងចិនច្រើនជាងគេ។ យ៉ាងណាមិញ គ្រាន់តែនៅឆ្នាំ២០២២នេះ ប្រទេសឥណ្ឌាបានចំណាយថវិកាប្រមាណជា ៤ ពាន់លានដុល្លារ ដើម្បីជួយរក្សាសេដ្ឋកិច្ចរបស់ស្រីលង្កាឱ្យនៅមានស្ថិរភាព ដោយផ្ដោតសំខាន់លើផ្នែកឥណទាន និងការដោះដូរទ្រព្យសម្បត្តិផ្សេងៗទៀត ហើយប្រទេសស្រីលង្កាក៏បានជំពាក់បំណុលមូលបត្របំណុលអន្តរជាតិចំនួន ១៤ ពាន់លានដុល្លារផងដែរ។
ក្រៅតែពីស្វែងរកជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួនហើយនោះ ស្រីលង្កាក៏កំពុងចរចាជាមួយមូលនិធិ IMF ដើម្បីទទួលបានកញ្ចប់ប្រាក់កម្ចីដែលមានតម្លៃចន្លោះពី ២ ពាន់លានដុល្លារទៅ ៣ ពាន់លានដុល្លារបន្ថែមទៀត ហើយក្រុមមន្ត្រីមូលនិធិ IMF ត្រូវគេរំពឹងថា នឹងទៅប្រទេសនេះនៅចុងខែសីហានេះ ដើម្បីបន្តកិច្ចពិភាក្សាពីប្រាក់កម្ចីនេះ៕
អត្ថបទ៖ សុខ ជា