របាយការណ៍ហិរញ្ញវត្ថុ​

អ្នក​ជំនាញ​អះអាង​ថា ការធ្វើ​របាយការណ៍​ហិរញ្ញវត្ថ​ ​៣​ផ្សេងគ្នា​របស់​ក្រុមហ៊ុន ជាអំពើ​ខុសច្បាប់


កន្លងមកមានក្រុមហ៊ុនមួយចំនួន បានធ្វើរបាយការណ៍ហិរញ្ញវត្ថុចំនួន៣ផ្សេងគ្នា គឺរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដៃគូវិនិយោគ របាយការណ៍ហិរញ្ញវត្ថុសម្រាប់ផ្សព្វផ្សាយជាសាធារណៈ និងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់បង់ពន្ធ។ នេះជាប្រសាសន៍របស់លោក ប៊ូ ថារិន អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិគណនេយ្យ ដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន​ខេមបូណូមីស ដោយសង្កត់ធ្ងន់ថា ការធ្វើបែបនេះ គឺជាអំពើល្មើសច្បាប់ «គណនេយ្យ និងសវនកម្ម»របស់កម្ពុជា។
លោក ប៊ូ ថារិន អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិគណនេយ្យ (រូបថត៖សៃ វណ្ណដា)
ដោយ

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «តាមច្បាប់នេះ គឺខុស ប៉ុន្ដែតាមទម្លាប់ គាត់ធ្វើ ក៏ប៉ុន្ដែ មិនមែនបានន័យថា យើងមានភស្តុតាងជាក់លាក់ ថា ក្រុមហ៊ុនណាបានធ្វើដូច្នេះទេ គ្រាន់តែតាមការអង្កេតរបស់យើងតែប៉ុណ្ពោះ ពុំមែនជាការចោទប្រកាន់ទៅលើក្រុមហ៊ុនណាមួយទេ គ្រាន់តែអង្កេតឃើញថា របាយការណ៍ហិរញ្ញវត្ថុអាចមានលើសពីមួយ»។   

ច្បាប់ស្តីពី៖ «គណនេយ្យ និងសវនកម្ម» មានចែងអំពីការកំណត់ស្តង់ដារគណនេយ្យ ស្តង់ដារសវនកម្ម  និងក្រមសីលធម៌វិជ្ជាជីវៈរបស់គណនេយ្យករ និងសវនករ ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសវនកម្ម និងទោសប្បញ្ញាតិ​ជាដើម។  

ទាក់ទងនឹងបញ្ហានេះ អ្នកនាង លី កញ្ញារ័ត្ន នាយិកាផ្នែកហិរញ្ញវត្ថុ និងសេវាកម្មពន្ធដារ​នៃក្រុមហ៊ុន Aplus Consulting Co.,Ltd បានលើកឡើងថា របាយការណ៍ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនដែលត្រឹមត្រូវ គឺទាល់តែមានតួលេខដូចគ្នាពីរបាយការណ៍មួយទៅរបាយការណ៍មួយទៀត។

អ្នកនាង លី កញ្ញារ័ត្ន បានថ្លែងយ៉ាងដូច្នេះថា៖ «តើការធ្វើរបាយការណ៍ហិរញ្ញវត្ថុហ្នឹង ចេញមកមានតួលេខដូចគ្នា ឬខុសគ្នា?។ បើសិនតួលេខចេញមកខុសគ្នា មានន័យថា តួលេខហ្នឹង វាពុំត្រឹមត្រូវ។ ឧទាហរណ៍ថា យើងរាយការណ៍ពីទ្រព្យសម្បត្តិរបស់យើង មាន១សែនដុល្លារ អ៊ីចឹងលទ្ធផលទាំងបីហ្នឹង គួរតែដូចគ្នា គ្រាន់តែរបៀបលើកដាក់តាម​ប្រភេទ...វាខុសគ្នាទៅតាមពន្ធ និងចំណាត់ថ្នាក់ជាដើម។ ប៉ុន្ដែ លទ្ធផលសរុប គួរតែដូចគ្នា បើសិនខុសគ្នា ឧទាហរណ៍ថា យើងរាយការណ៍ទ្រព្យសម្បត្តិថា មាន១សែន ដល់ពេលរាយការណ៍ទៅពន្ធដាថា មាន៥ម៉ឺនដុល្លារ បើសិនរាយការណ៍ទៅផ្សេងទៀត យើងប្រើប្រាស់តួលេខផ្សេង អ៊ីចឹងវាមិនត្រឹមត្រូវទេ។...តាមធម្មតាប្រទេសមានមានស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ ដូច្នេះ ការរៀបចំត្រូវមានស្តង់ដារដូចៗគ្នា»។ 

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានអត្ថាធិប្បាយថា របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជាទូទៅ មានតែមួយទេ មិនត្រូវមានរបាយការណ៍ហិរញ្ញវត្ថុច្រើននោះទេ។

លោកថ្លែងយ៉ាងដូច្នេះថា៖​ «នៅក្នុងវិស័យហិរញ្ញវត្ថុវិញ ដូចជាមិនមានក្រុមហ៊ុនណាចេញរបាយការណ៍ពីរបីនោះទេ ពីព្រោះ វាជាបទប្បញ្ញត្តិ វាជាច្បាប់ ហើយតម្រូវឲ្យផ្សព្វផ្សាយជាសាធារណៈ​ ដូចជា របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មីក្រូហិរញ្ញវត្ថុ​ ក្រុមហ៊ុនធានារ៉ាប់រងជាដើម។ មានករណីមួយថា មានរបាយការណ៍ច្រើន តែរបាយការណ៍ហ្នឹងមិនទាន់ធ្វើសវនកម្មដោយស្ថាប័នឯករាជ្យ ប៉ុន្ដែ បន្ទាប់ពីធ្វើសវនកម្មហើយ គឺគេកែសម្រួលដោយធ្វើរបាយការណ៍តែមួយទេ អត់មានពីរបីទេ»។  

បើតាមលោក ង៉ែត ជូ កន្លងមក ពិតជាមានក្រុមហ៊ុនមួយចំនួនបានធ្វើរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗគ្នា។ លោកបញ្ជាក់ថា ការធ្វើរបាយការណ៍ផ្សេងគ្នានេះ អាចនឹងមានតួលេខខុសគ្នា ដែលអាចបណ្តាលឲ្យរដ្ឋបាត់ចំណូលពន្ធផងដែរ។

យ៉ាងណាក៏ដោយ លោក ប៊ូ ថារិន អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិគណនេយ្យ បានអះអាងថា ចំណូលពន្ធរបស់រដ្ឋបានកើនឡើងរាល់ឆ្នាំ ដែលបញ្ជាក់ថា រាជ​រដ្ឋាភិបាលគ្រប់គ្រងចំណូលពន្ធបានល្អ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖​ ​«យើងមិនអាចវាយតម្លៃថា ការធ្វើបែបនេះ បាត់បង់ចំណូលពន្ធទេ គ្រាន់តែថា ក្រុមហ៊ុនគាត់មួយចំនួននោះ មិនអាចអនុវត្តតាមច្បាប់របស់យើង។ តាមពិត ពេលដែលច្បាប់ចូលជាធរមាន យើងត្រូវតែអនុវត្ត ក៏ប៉ុន្ដែ ការយល់ដឹង និងការអនុវត្តរបស់ក្រុមហ៊ុន យើងអត់មានទិន្នន័យពិតប្រាកដទេ។…រដ្ឋាភិបាល កំពុងតែជំរុញ ឲ្យគាត់អនុវត្តនូវកាតព្វកិច្ចទាំងអស់នេះ តាមរយៈការផ្សព្វផ្សាយឲ្យគាត់បានយល់ជ្រួតជ្រាបអំពីកាតព្វកិច្ចទាំងអស់នេះ។ ដូច្នេះ យើងមាននៅក្នុងផែនការទាំងផែនការរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ របស់រដ្ឋាភិបាលយើង។ ដូច្នេះ មានន័យថា យើងធ្វើយ៉ាងណាឲ្យការអនុវត្តកាតព្វ​កិច្ចទាំងអស់នេះ គឺមានភាពពេញលេញចាប់តាំងពីថ្ងៃច្បាប់ចូលជាធរមាន ក៏ប៉ុន្ដែ លទ្ធផលយ៉ាងណានោះ គឺយើងនៅតាមដានតទៅទៀត»៕
None



អត្ថបទបន្ទាប់


កម្ពុជារកចំណូលពីអង្គរ បានជាង ៦០លានដុល្លារអាមេរិក សម្រាប់ ៦ខែ ឆ្នាំ២០១៨

គិតចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០១៨ កម្ពុជារកចំណូលបាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានប្រមាណជាង ៦០ លានដុល្លារអាមេរិក ដ…

«ខ្លាចាស់ហិរញ្ញវត្ថុ» លោក អ៊ិន ចាន់នី លាតត្រដាងពីគន្លឹះជោគជ័យ ក្នុងវិស័យធនាគារ

មានមនុស្សមិនតិចនោះទេ បានស្គាល់ និងធ្លាប់ប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជា។ ប៉ុន្ដែ នៅពីក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ