Advertisement
គន្លឹះជោគជ័យ-លោក អ៊ិន ចាន់នី

«ខ្លាចាស់ហិរញ្ញវត្ថុ» លោក អ៊ិន ចាន់នី លាតត្រដាងពីគន្លឹះជោគជ័យ ក្នុងវិស័យធនាគារ


មានមនុស្សមិនតិចនោះទេ បានស្គាល់ និងធ្លាប់ប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជា។ ប៉ុន្ដែ នៅពីក្រោយភាពជោគជ័យដ៏ធំសម្បើមមួយនេះ ប្រហែលជាមិនសូវមានអ្នកបានដឹងនោះឡើយ អំពីវត្តមានរបស់បុគ្គលដ៏សំខាន់ម្នាក់ ដែលបានដឹកនាំតាំង​ពី​ស្ថាប័ន​ហិរញ្ញវត្ថុនេះ តាំងតែពីនៅត្រឹមតែជាក្បូនតូចមួយ រហូតវិវឌ្ឍខ្លួនមកជានាវាដ៏ធំមួយ កំពុងបណ្ដែតខ្លួនលើផ្ទៃសមុទ្រទីផ្សារហិរញ្ញវត្ថុនៅក្នុងប្រទេស និងតំបន់ នាពេលបច្ចុប្បន្ននេះ។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា
ដោយ

បុរសម្នាក់​នោះ គឺជា លោកបណ្ឌិត អ៊ិន ចាន់នី ដែលបច្ចុប្បន្ន ជា​ប្រធាន​នាយក​​ប្រតិបត្តិ​ធនាគារ​​អេស៊ីលីដា។

តើអ្វីជា ដែល​ជារូប​មន្ដ របស់​លោក អ៊ិន ចាន់នី សម្រាប់​យកមក​ដឹកនាំ និងពង្រីក​ធនាគារ​អេស៊ីលីដា​ បាន​ដូចមក​ទល់សព្វ​ថ្ងៃនេះ?

ឆ្លើយដោយ​ខ្លី តែខ្លឹម ជាមួយ​នឹងអ្នក​យក​ព័ត៌មាន ខេមបូណូមីស លោក អ៊ិន ចាន់នី ដែល​មាន​បទពិសោធន៍​ចាស់ទុំ​ក្នុងវិស័យ​ហិរញ្ញវត្ថុ​នៅកម្ពុជា ឬអាច​ចាត់ទុក​ថា ជា «ខ្លាចាស់​» មួយរូប​នៅក្នុង​វិស័យនេះ បានមាន​ប្រសាសន៍​យ៉ាងដូច្នេះ​ថា «ខ្ញុំគិតថា​ អ្វីដែលខ្ញុំ និង​អេស៊ីលីដា ទទួល​បានមក​ទល់​ពេលនេះ គឺផ្ដើម​ចេញពី ការស្ដាប់​ត្រូវ គិតត្រូវ និងសម្រេច​ចិត្តធ្វើ​ត្រូវ»។ 

Advertisement

មាន​ឈាមជ័រ ជាអ្នក​ខេត្ត​ព្រៃវែង លោក អ៊ិន ចាន់នី បានជីក​បើកកកាយ​ពីប្រវត្តិ​ផ្ទាល់​ខ្លួន​ខ្លះៗ ព្រមជាមួយ​នឹងការ​កកើត និង​ការដឹកនាំ​ស្ថាប័ន​មួយ ដែលពីដំបូង​ត្រឹមតែ​​ជាអង្គការ​​ក្រៅ​រដ្ឋាភិបាល រហូតដល់​ក្លាយ​ជាធនាគារ​ពាណិជ្ជ អេស៊ីលីដា ដ៏ធំជាងគេ​នៅកម្ពុជា​យ៉ាងដូច្នេះ​ថា ខ្លួនលោក​ដើម​ឡើយគ្រាន់តែ​ជាគ្រូ​បង្រៀន​ម្នាក់​ប៉ុណ្ណោះ ក្រោយមក​​លោកទទួល​បាន​អាហារូបករណ៍ ដើម្បី​បន្តការ​សិក្សានៅ​សហរដ្ឋ​អាមេរិក។ ការដែល​ទទួល​បាន​ឱកាស​ដ៏កម្រនេះ បានធ្វើឲ្យ យុវជន អ៊ិន ចាន់នី គិតគុំ​ក្នុងចិត្តថា នេះជា​ឱកាស​មួយ​ដែលអាច ប្រែក្លាយ​ជីវិតរបស់លោក ពីជីវិត​​គ្រូ​បង្រៀន ទៅចាប់​ជំនាញ​ផ្សេងទៀត ខណៈ​ដែល​លោក​​ពេលនោះ ក៏មិនសូវ​ជាចូលចិត្ត​ការបង្រៀន​នេះប៉ុន្មាន​ដែរ។ 

ខ្ញុំគិតថា​ អ្វីដែលខ្ញុំ និង​អេស៊ីលីដា ទទួល​បានមក​ទល់​ពេលនេះ គឺផ្ដើម​ចេញពី ការស្ដាប់​ត្រូវ គិតត្រូវ និងសម្រេច​ចិត្តធ្វើ​ត្រូវ
— លោកបណ្ឌិត អ៊ិន ចាន់នី

លោក អ៊ិន ចាន់នី បានមាន​ប្រសាសន៍​យ៉ាងដូច្នេះ​ថា «ពេលខ្ញុំ បានទទួល​អាហារូបករណ៍​ទៅរៀន​នៅសហរដ្ឋ​អាមេរិក​ហ្នឹង! ខ្ញុំយល់ថា ខ្ញុំមិន​ចង់ធ្វើជា​គ្រូបង្រៀន​ទៀតទេ។ ខ្ញុំត្រូវតែ​សិក្សា​ពីជំនាញ គណនេយ្យ និងការ​គ្រប់គ្រង​សហគ្រាស។ តែពេលខ្ញុំ​ត្រឡប់​មកវិញ ខ្ញុំបាន​ធ្វើការ​នៅអង្គការ​ពលកម្មអន្តរ​ជាតិ និង UNDP ហ្នឹង ខ្ញុំនៅ​តែ​បង្រៀន​ដដែល ខ្ញុំបាន​បង្រៀន​គណនេយ្យ និងការ​គ្រប់គ្រង​ដដែល។ ខ្ញុំក៏រកផ្លូវ​មួយ​ឃើញថា ទោះក្នុង​ស្ថានភាព​ណា​ក៏ដោយ យើងនៅ​តែជាគ្រូ​បង្រៀន​ដដែល ដូចក្នុង​ការបង្រៀន​បុគ្គលិក​របស់​យើង ពន្យល់​សហការី​របស់​យើង ក៏ស្ថិត​នៅក្នុង​ការ​បង្រៀន​ដដែល»។

ក្រោយ​មកទៀត នៅឆ្នាំ ១៩៩៨ លោកអ៊ិន ចាន់នី ទទួល​បាន​អាហារូបករណ៍​ទៅបន្ត​ការសិក្សា​នៅសហរដ្ឋ​អាមេរិក​ជាថ្មីម្ដង​ទៀត នៅសាលា Harvard ទាក់ទង​នឹងការ​អភិវឌ្ឍ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​។ តាម​បទពិសោធន៍​ជំនាញ​ជា​គ្រូ​បង្រៀន គួបផ្សំ​នឹងចំណេះដឹង​ដែលបាន​រៀនពី​សាលា​ ទាក់ទង​នឹង​សេដ្ឋកិច្ច គណនេយ្យ និង​ហិរញ្ញវត្ថុ បាន​ធ្វើឲ្យ​លោក​អាចឈាន​ទៅ​បង្កើត​​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយឡើង នាអំឡុង​ពេលនោះ។

លោកអ៊ិន ចាន់នី បានគូស​បញ្ជាក់ថា កត្តា​សំខាន់​មួយ ដែលធ្វើឲ្យ​លោក អាច​ឈាន​ទៅ​សម្រេច​គោល​ដៅទាំងនេះ​បាន គឺកើត​ចេញ​ដំបូង តាមរយៈ​ការ​ស្ដាប់ ហើយលោក​បានអះអាង​ថា លោក​ចូលចិត្ត​ស្ដាប់​អ្នកដទៃ​ឲ្យ​យោបល់ ទោះបី​ត្រឹមត្រូវ ឬមិន​ត្រឹមត្រូវ ក៏លោក​ទទួលស្ដាប់​ជានិច្ច រួចធ្វើ​ការ​ពិចារណាតាមក្រោយ​។ 

សហគ្រិនទាំងអស់ តែងតែចង់ធ្វើអ្វីដែលថ្មី ប៉ុន្ដែ ដើម្បីអាចធ្វើវាទៅបាន ឬមិនបាន យើងត្រូវសួរខ្លួនឯងថា តើយើងហ៊ានប៉ុនណា? ព្រោះថា ធ្វើអ្វីក៏ដោយ គឺមិនគេចផុតឡើយ ពីការប្រឈមនឹងហានិភ័យ
— លោកបណ្ឌិត អ៊ិន ចាន់នី

អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​រូបនេះ បានលើក​ឡើង​យ៉ាង​ដូច្នេះ​ថា «ខ្ញុំចូលចិត្ត​ស្ដាប់ ហើយខ្ញុំ​ស្ដាប់ត្រូវ ខ្ញុំគិត​ត្រូវ និងខ្ញុំយក​មកអនុវត្ត​ត្រូវ ព្រោះខ្ញុំ​មានចរិត​មួយ នៅពេល​គេឲ្យយោបល់​មកខ្ញុំ ខ្ញុំតែង​តែស្ដាប់​សិន ទោះខុស​ក៏ដោយ ត្រូវក៏ដោយ។ ហើយខ្ញុំគិត​ហើយ បាន​ឲ្យយោបល់​ទៅ​វិញ បើខ្ញុំមិន​អាចធ្វើ​តាម​បានខ្ញុំ​ពន្យល់​ទៅវិញ តែបើខ្ញុំ​អាចធ្វើបាន​ខ្ញុំទទួល​យក។ ហើយខ្ញុំ​ក៏ឲ្យតម្លៃខ្ពស់​ទៅលើ​អ្នកឲ្យ​យោបល់​។ ការសម្រេច​ចិត្តទៀត​សោត គឺខ្ញុំគិត​គូរ​​អំពី​ប្រយោជន៍​រួមរបស់​ស្ថាប័ន ខ្ញុំមិន​ដែលគិតគូរ​ពីប្រយោជន៍​ផ្ទាល់ខ្លួន​ខ្ញុំ​ឡើយ»។

លោកអ៊ិន ចាន់នី បាន​ពន្យល់​ពីបទ​ពិសោធន៍ នៃការស្ដាប់​ត្រូវរបស់​លោក​ថា កាលពីមុន​បង្កើត​បានជា​ធនាគារ លោកបាន​បង្កើត​ការបោះឆ្នោត​មួយ ជាមួយនឹង​សហការី​ចំនួន ១០នាក់ របស់​លោក ដោយឲ្យ​ពួក​គេ​សរសេរ​​ពីគោលដៅរបស់​ស្ថាប័ន ថាតើ ១០ ឆ្នាំ​ទៅមុខ​ទៀត ចង់​ធ្វើអ្វី? មាន​អ្នកខ្លះថា ​ចង់​ធ្វើមជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។ រីឯអ្នក​ខ្លះទៀត​ថា ចង់ធ្វើ​ជាធនាគារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និងអ្នកខ្លះ​ទៀត​ថា ចង់ធ្វើជា​ក្រុមហ៊ុន​ឯកជន​បណ្ដុះ​បណ្ដាល​សហគ្រិន​ភាព។ ក្រោយពី​បានមតិយោបល់​ទាំងអស់​មក លោក​បានយក​មកបូក​បញ្ចូល​គ្នា រួចធ្វើ​ការបោះ​ឆ្នោត ថាតើ យក​មតិមួយ​ណា​។ នៅទី​បំផុត​ មាន​៩០% បោះ​ឆ្នោត​ថា នឹង​បង្កើត​ធនាគារ អភិវឌ្ឍន៍​សេដ្ឋកិច្ច។  

Advertisement

លោក អ៊ិន ចាន់នី បានសង្កត់​ធ្ងន់​នៅត្រង់​ចំណុច​នេះ​ថា នេះហើយ​ គឺជាអ្វី​ដែលកើត​ចេញពីការ​ស្ដាប់ត្រូវ គឺការ​ស្ដាប់ពី​សហការី​ជុំវិញ​ខ្លួន ព្រោះកាល​នោះ ដ្បិតថា​លោក​​ក៏មាន​គំនិតចង់​ធ្វើធនាគារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែរ ប៉ុន្ដែ លោក​មិនបាន​កំណត់ថា ត្រូវតែ​ធ្វើវា​នោះទេ។ លោកបាន​លើកឡើង​ថា «ការស្ដាប់ត្រូវ នឹងធ្វើឲ្យ​យើងគិត​ត្រូវ ហើយ​ការគិត​ត្រូវ​នេះ នឹងធ្វើឲ្យ​យើង​សម្រេច​ចិត្តធ្វើ​ត្រូវ»។

ដោយឡែក បើនិយាយ​ពីសហគ្រិន​ភាព​វិញ លោកអ៊ិន ចាន់នី បានបង្ហើប​ឲ្យដឹង​ថា លោក​ក៏មិនខុស​ពីសហគ្រិន​ដទៃទៀត​ដែរ ពោលគឺ ហ៊ានធ្វើ ហ៊ាន​ប្រឈម​មុខនឹង​ហានិភ័យ។

«សហគ្រិន​​ទាំងអស់ តែងតែ​ចង់ធ្វើអ្វី​ដែល​ថ្មី ប៉ុន្ដែ ដើម្បី​អាចធ្វើវា​ទៅ​បាន ឬមិនបាន យើង​ត្រូវ​សួរ​ខ្លួនឯង​ថា តើយើង​ហ៊ាន​ប៉ុន​ណា? ព្រោះថា ធ្វើអ្វី​ក៏ដោយ គឺមិន​គេចផុត​ឡើយ ពីការ​ប្រឈម​នឹង​ហានិភ័យ​» នេះគឺ​ជាការ​លើក​ឡើង​របស់​សហគ្រិន​ជើងចាស់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ លោក អ៊ិន ចាន់នី។ 

លោក អ៊ិន ចាន់នី បាន​បញ្ជា​ក់ថា កាលពី​ចាប់ផ្ដើម​ធនាគារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដំបូង ក្រុម​ការងារ​លោក គ្មាន​ទាំង​ជំនាញ​ខាង​ធនាគារ និងគ្មាន​ទាំង​ដើមទុន។ ប៉ុន្ដែ ដោយមាន​ភាពក្លាហាន​ទាំងអស់​នេះហើយ ទើប​លោក និងសហការី បាន​ទៅរៀន​ពីជំនាញ​ទាំង​អស់ នឹងរៀប​ចំផែនការ​ប្រតិបត្តិការ​ឥណទាន​យ៉ាងច្បាស់​លាស់ ដើម្បី​ស្នើ​សុំមូល​និធិ​​ពី ធនាគារ​អភិវឌ្ឍន៍​បារាំង។

អ្នកជំនាញ​ហិរញ្ញវត្ថុរូបនេះ​​ បានលើក​ឡើងយ៉ាង​ដូច្នេះ​ថា «កាលហ្នឹង ម្នាក់ៗ​គិតចង់​ធ្វើធនាគារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ប៉ុន្ដែ គ្មាន​ទុនទេ គឺពឹង​លើ​ទុន​បរទេស ដោយ​យើង​បានទៅរក​ទុនពី​ធនាគារ​អភិវឌ្ឍន៍​បារាំង ហើយ​ហ៊ាន​សន្យា​ជាមួយគេ​ទៀត​ ដែល​​កាលហ្នឹង លុយ​នោះ​មាន​ជាង​​ប្រមាណ ៦០ម៉ឺន​ដុល្លារ​ហ្នឹង ខ្ញុំថា ខ្ញុំអត់​ឲ្យបាត់​ទេ! ហើយ​អត់បាត់​មែន ឥឡូវ​នេះ លុយ​យើងមាន​តែកើន កើន​រហូត​ដល់​យើង​ចុះ​បញ្ចីក្នុង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​នាពេល​សព្វថ្ងៃ។ នោះ​ហើយ​ជាទ្រព្យ​ដើម​របស់​យើង​»។ 

Advertisement

សូមជម្រាប​ថា គិតត្រឹម​ឆ្នាំ២០១៧​កន្លងទៅ​នេះ ធនាគារ​អេស៊ីលីដា មានទ្រព្យ​សកម្ម​សរុប​ជាង ៥.២០០ លាន​ដុល្លារ​អាមេរិក ខណៈដែល​ប្រាក់បញ្ញើ​មាន​ជាង ៣.៣០០លាន​ដុល្លារ​អាមេរិក និងឥណទាន និង​បុរេ​ប្រទាន (សុទ្ធ) មាន​ជាង ៣.០០០ លាន​ដុល្លារ​អាមេរិក។ រីឯ ប្រាក់​ចំណេញ​ក្រោយ​ដកពន្ធ​ មាន​ប្រមាណ​ជាង ៩១​លាន​ដុល្លារ​អាមេរិក។

គិតក្នុង​ត្រឹមបំណាច់​ឆ្នាំ២០១៧​ដដែលនេះ ធនាគារ​អេស៊ីលីដា មានបណ្ដាញ​ប្រតិបត្តិការ​ចំនួន ២៦១ សាខា​គ្របដណ្ដប់​នៅទូទាំង​ប្រទេស  ព្រមទាំង​មានការ​ពង្រីកខ្លួន​​ធនាគារ​អេស៊ីលីដា នៅ​ប្រទេស​ឡាវ មាន​ចំនួន ៤១ ការិយាល័យ និងស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ អេស៊ីលីដា នៅមីយ៉ាន់​ម៉ា មានចំនួន ៨ការិយាល័យ​ផងដែរ៕
© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​ជំនាញ​អះអាង​ថា ការធ្វើ​របាយការណ៍​ហិរញ្ញវត្ថ​ ​៣​ផ្សេងគ្នា​របស់​ក្រុមហ៊ុន ជាអំពើ​ខុសច្បាប់

ព័ត៌មាន
កន្លងមកមានក្រុមហ៊ុនមួយចំនួន បានធ្វើរបាយការណ៍ហិរញ្ញវត្ថុចំនួន៣ផ្សេងគ្នា គឺរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដៃគូវិនិយោគ របាយការណ៍ហិរញ្ញវត្ថុសម្...

ឧកញ៉ា ម៉ុង ឫទ្ធី៖ ខ្ញុំរកទិញស្វាយមិនបាន តែគេថា ស្វាយអត់ទីផ្សារ!

ព័ត៌មាន
លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលមហាជនស្គាល់ថា ជាអ្នកជំនួញដ៏លេចធ្លោមួយរូប ក្នុងវិស័យកសិកម្មកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា តម្រូវការផ្លែស្វ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ