ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៣នេះ ស្ថានភាពវិនិយោគរបស់កម្ពុជា នៅតែរក្សាបានសញ្ញាណវិជ្ជមាន ជាពិសេសគម្រោងវិនិយោគក្នុងវិស័យកាត់ដេរ តែម្ដង។ បើតាមឧកញ៉ា លឹម ហេង កម្ពុជានៅតែមានសក្តានុពលទាក់ទាញវិនិយោគិនសម្រាប់វិនិយោគក្នុងវិស័យកាត់ដេរ ជាពិសេស រោងចក្រកាបូប សម្លៀកបំពាក់ និងស្បែកជើង និងសម្ភារធ្វើដំណើរ ជាដើម។ ម្យ៉ាងវិញទៀត ឧកញ៉ា លឹម ហេង នៅតែបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់ ចំពោះទីផ្សារការនាំចេញផលិតផលកាត់ដេរកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់ឆ្នាំ២០២៣នេះ នឹងមានភាពល្អប្រសើរ តាមរយៈទីផ្សារសំខាន់ៗ ដូចជា សហគមន៍អឺរ៉ុប ចិន កូរ៉េខាងត្បូង ជប៉ុន ជាដើម។ យ៉ាងណាក៏ដោយ ឧកញ៉ា លឹម ហេង ក៏បានគូសបញ្ជាក់ទៀតថា តាមរយៈការបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា នាដើមឆ្នាំ២០២៣នេះ ទៅកាន់ ប្រទេសចិន និងប្រទេសឡាវ ក៏ដូចជា ដំណើរបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសមួយចំនួន មកកាន់កម្ពុជា គឺសុទ្ធតែជាឱកាសសម្រាប់កម្ពុជា អាចទាក់ទាញវិនិយោគិនឲ្យចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
សម្រាប់បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា ដ្បិត នាពេលបច្ចុប្បន្ននេះ វិស័យកាត់ដេរនៅកម្ពុជា បន្តរងផលប៉ះពាល់ ដោយមានរោងចក្រកាត់ដេរមួយចំនួនបានបន្តផ្អាក និងព្យួរការងារដល់កម្មករ-កម្មការិនី ក៏ពិតមែន តែបើក្រឡេកទៅមើលពីស្ថានភាពវិនិយោគក្នុងវិស័យនេះ នៅតែមានកំណើនគួរឲ្យកត់សម្គាល់។ អ្នកជំនាញរូបនេះ បានកត់សង្កត់ធ្ងន់ថា វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប គឺជាវិស័យមួយដែលមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច និងសង្គម កម្ពុជា ដូច្នេះ ការកើនឡើងនៃការវិនិយោគក្នុងវិស័យនេះ ក៏បានបង្ហាញឲ្យឃើញពីភាពរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា ផងដែរ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២២ កន្លងមក ការនាំចេញផលិតផលកាត់ដេរ ផលិតស្បែកជើង និងកាបូប របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់សរុបជាង ១០ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុប ចំនួន ១៨៦គម្រោង ជាមួយទុនវិនិយោគសរុបជាង ៤ពាន់លានដុល្លារ ភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ១៦៣គម្រោង។ រីឯ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៩គម្រោង។ ដោយឡែកវិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មានចំនួន ៩គម្រោង និងវិស័យទេសចរណ៍ មានចំនួន ៥គម្រោង។ ក្នុងនោះ វិនិយោគិនកម្ពុជា បានឈរនៅលំដាប់លេខរៀងទី១ ដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា ដែលគ្របដណ្ដប់រហូតជាង ៥៣% នៃគម្រោងសរុប ខណៈវិនិយោគិនចិន ឈរនៅលំដាប់ទី២ ដែលមានជាង ៤០% នៃគម្រោងសរុប។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕