បើគ្មានការប្រែប្រួលទេគម្រោងស្ពានឆ្លងទន្លេនេះ អាចនឹងបើកការដ្ឋានសាងសង់នៅអំឡុងឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ជឿជាក់ថា គម្រោងស្ពានឆ្លងទន្លេមិត្តកម្ពុជា-កូរ៉េ ដែលគ្រោងសាងសង់នៅអំឡុងឆ្នាំ២០២៣ វានឹងជួយប្រែមុខមាត់តំបន់អរិយក្សត្រឲ្យក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលរបស់កម្ពុជាដែលពោរពេញដោយការអភិវឌ្ឍន៍សំណង់និងអគារខ្ពស់ៗ។ លោកឧកញ៉ា បានគូសបញ្ជាក់បន្ថែមថា តាមរយៈគម្រោងនេះវានឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះមានតម្លៃកាន់តែខ្ពស់បន្ថែមទៀត ខណៈបច្ចុប្បន្នតម្លៃអចលនទ្រព្យនៅតំបន់នោះកំពុងមានការកើនឡើងរួចទៅហើយ បន្ទាប់ពីព័ត៌មានសាងសង់ស្ពាន នេះត្រូវបានបែកធ្លាយ។
សម្រាប់ឧកញ៉ា ចេង ខេង គម្រោងស្ពានឆ្លងទន្លេនេះ វាមិនត្រឹមតែជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់នោះឲ្យកាន់តែមានភាពល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយស្ពាននេះលេចចេញជារូបរាងនឹងមានវិនិយោគិនជាច្រើនទៅបោះទុនវិនិយោគ ដើម្បីអភិវឌ្ឍន៍នៅតំបន់នោះ ដែលធ្វើឲ្យតំបន់អរិយក្សត្រកាន់តែមានភាពទាក់ទាញមួយកម្រិត។
ជុំវិញគម្រោងស្ពានឆ្លងទន្លេនេះ លោក ច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើដំណើររបស់សាធារណជន ជាពិសេសប្រជាជនរស់នៅតំបន់អរិយក្សត្រតែម្តង។ លោកជឿជាក់ថា តាមរយៈគម្រោងនេះ វានឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យនៅតំបន់នោះមានការកើនឡើងមួយកម្រិតទៀត ហើយវាក៏ជាផ្នែកមួយក្នុងការជួយទាក់ទាញវិនិយោគិនឲ្យទៅអភិវឌ្ឍន៍នៅតំបន់នោះផងដែរ។ ប៉ុន្តែអ្នកជំនាញរូបនេះជឿជាក់ថា អ្វីៗត្រូវការចំណាយពេលយួរ។
ជាមួយគ្នានេះ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex កត់សម្គាល់ឃើញថា តម្លៃអចលនទ្រព្យនៅតំបន់អរិយក្សត្របានកើនឡើងតាំងពី៣ឆ្នាំមុនមកម្ល៉េះ ហើយតាមរយៈគម្រោងស្ពានឆ្លងទន្លេមិត្តភាពកម្ពុជា-កូរ៉េនេះ វានឹងជួយតម្លៃអចលនទ្រព្យនៅតំបន់នោះមានភាពល្អប្រសើរមួយកម្រិតទៀត។ ទោះបីយ៉ាងនេះក្តី អ្នកស្រីយល់ថា វិនិយោគិនបច្ចុប្បន្នមិនសូវបោះទុនវិនិយោគលើអចលនទ្រព្យ ដែលមានតម្លៃថ្លៃៗនោះទេ ពោលគឺពួកគេភាគច្រើនបោះទុនវិនិយោគតែលើអចលនទ្រព្យ ដែលមានតម្លៃសមរម្យ និងក្រោមទីផ្សារប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ខេមបូណូមីស កាលពីពេលថ្មីៗថា រាជរដ្ឋាបាលកម្ពុជាបានឯកភាពជាគោលការណ៍ហើយ ដោយអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េចំនួនពីរ ក្នុងនោះស្ពានទី១ សាងសង់ចេញពីម្តុំផ្សាររាត្រីក្បែរចាស់ឆ្ពោះទៅត្រើយសុខាឆ្លងកាត់ទន្លេសាប និងស្ពានទី២ចេញពីម្តុំត្រើយសុខាឆ្ពោះទៅអរិយក្សត្រឆ្លងកាត់ទន្លេមេគង្គ។ តាមគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះគ្រោងសាងសង់នៅចុងឆ្នាំ២០២៣ តែគេមិនទាន់ដឹងថាស្ពាននេះជាប្រភេទស្ពានអ្វី ហើយគ្រោងចំណាយប៉ុន្មាននៅឡើយទេ៕