អ្នកជំនាញក្នុងវិស័យកសិកម្ម សុទ្ធតែយល់ឃើញថា នារយៈពេល ៥ឆ្នាំចុងក្រោយនេះ វិស័យកសិកម្មហាក់មានការវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សពិសេសសន្ទុះនៃការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។ ក៏ប៉ុន្ដែ ទាក់ទងនឹងការផលិត និងទីផ្សារក៏នៅតែមានកត្តាប្រឈមមួយចំនួនដែលត្រូវដោះស្រាយផងដែរ។
លោក ហួ ធីនាង នាយកប្រតិបត្តិគម្រោងជីថ្នាំកសិកម្ម ក្រុមហ៊ុនអង្គរហ្រ្គីន ដែលជាក្រុមហ៊ុនផ្តោតសំខាន់ទៅលើវិស័យកសិកម្ម យល់ឃើញថា រយៈពេល៥ឆ្នាំចុងក្រោយនេះ វិស័យកសិកម្ម ហាក់មានការប្រែប្រួលខ្លាំងគួរឱ្យកត់សម្គាល់ ផលិតកម្មកសិកម្មជាច្រើនរបស់កម្ពុជា ត្រូវបាននាំចេញជាបន្តបន្ទាប់ បើទោះបីកម្ពុជា ស្ថិតក្នុងបរិបទកូវីដ១៩ ក៏ដោយចុះ។
អ្នកជំនាញកសិកម្មរូបនេះបានគូសបញ្ជាក់ថា ភាពរីកចម្រើនផ្នែកកសិកម្មនាពេលបច្ចុប្បន្ន ដោយសារតែប្រជាកសិករកាន់តែមានការយល់ដឹងខ្ពស់នូវចំណេះដឹងផ្នែកកសិកម្ម ការប្រើប្រាស់ឧបករណ៍កសិកម្មទំនើប ក៏ដូចជា កសិករកាន់តែយល់ដឹងច្បាស់ពីតម្រូវការទីផ្សារ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះ បានបញ្ជាក់បន្ថែមថា វិស័យកសិកម្មក៏នៅជួបបញ្ហាមួយចំនួនផងដែរ ពិសេសបញ្ហាទីផ្សារ ដែលកសិករ គួរគិតគូពិចារណា និងបង្កើនការច្នៃប្រឌិតបន្ថែមលើផលិតកម្មកសិកម្មរបស់ខ្លួន។
ដោយឡែក ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករ និងជាអ្នកជំនួញផ្នែកនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ក៏បានមើលឃើញថា វិស័យកសិកម្មនាពេលបច្ចុប្បន្ន កាន់តែមានភាពលេចធ្លោរ ពិសេសការនាំចេញផ្លែស្វាយស្រស់ ផ្លែចេកស្រស់ ទៅកាន់ទីផ្សារអន្តរជាតិ ពិសេសប្រទេសចិនតែម្ដង។ ឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ន ប្រទេសចិនហាក់បង្កើនការរឹតត្បិតនូវវិធានការមួយចំនួននៃការនាំចូលផលិតផលកសិកម្មពីប្រទេសវៀតណាម ដែលជាការបង្កើនឱកាសកាន់តែខ្លាំងសម្រាប់កម្ពុជា ក្នុងការនាំកសិផលចូលទៅទីផ្សារប្រទេសចិន។
ជាមួយគ្នានោះ លោក លន់ យ៉េង អគ្គលេខាធិការដ្ឋានសហព័ន្ធស្រូវ-អង្ករ កម្ពុជា និងជាអ្នកជំនាញផ្នែកនាំចេញស្រូវ-អង្ករ ក៏បានយល់ឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យកសិកម្ម កាន់តែបង្ហាញអានុភាពរបស់ខ្លួនលើទីផ្សារអន្តរជាតិ ពិសេសអំឡុងវិបត្តិកូវីដ១៩ ហាក់បានបង្កើនឱកាសកាន់តែខ្លាំងសម្រាប់វិស័យកសិកម្មកម្ពុជា។ ដ្បិតថា កូវីដ១៩បានជំរុញកំណើនការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ តែវាក៏បានបង្កជាផលរំខានមួយចំនួនដែរលើដំណើរការនាំចេញអង្ករ។ បើតាមលោក លន់ យ៉េង រហូតមកដល់ពេលនេះ កម្ពុជា នៅតែជួបបញ្ហាថ្លៃដឹកញ្ជូនខ្ពស់ និងខ្វះទូកុងតឺន័រ សម្រាប់ដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការនាំចេញអង្ករ។
សូមបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២១នេះ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ដូចជា អង្ករ ប្រមាណ៥៣ម៉ឺនតោន,ស្រូវ ជាង៣លានតោន,គ្រាប់ស្វាយចន្ទី ប្រមាណ៩២ម៉ឺនតោន,ផ្លែស្វាយស្រស់ ប្រមាណ២២ម៉ឺនតោន,ម្រេច ជិត៣ម៉ឺនតោន និងកសិផលដទៃច្រើនមុខទៀត ខណៈដែលប្រាក់ចំណូលដែលទទួលបានពីការនាំចេញផលិតផលកសិកម្មសរុបមានជាង ៤ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕