ការបោះផ្សាយមូលបត្ររដ្ឋ

អ្នកជំនាញជឿថា ការផ្តល់អត្រាគូប៉ុង៤% នឹងជួយធ្វើឲ្យមូលបត្ររដ្ឋកាន់តែមានភាពទាក់ទាញ


រដ្ឋនឹងបន្តបោះផ្សាយលក់មូលបត្របំណុលលើកទី៧របស់ខ្លួន បើទោះបីការបោះផ្សាយកន្លងមកពុំសូវទទួលបានការគាំទ្រច្រើនពីស្ថាប័នចូលរួមដេញថ្លៃក៏ដោយ។ សម្រាប់ការបោះផ្សាយលក់លើកទី៧នេះ រដ្ឋនឹងផ្តល់អត្រាគូប៉ុងថេរ៤%ហើយស្ថាប័នចូលរួមដេញថ្លៃ អាចទិញដោយសេរីដោយមិនកំណត់ពីទំហំមូលបត្រ។ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាជឿជាក់ថា ការផ្តល់អត្រាគូប៉ុង៤% នឹងជួយឲ្យការជួញដូរមូលបត្របំណុលរបស់រដ្ឋទទួលបានការគាំទ្រពីវិនិយោគិនច្រើនជាងមុននៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន។
ផ្សារមូលបត្រកម្ពុជា
ដោយ

ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋនឹងបន្តបោះផ្សាយលក់មូលបត្រជាលើកទី៧របស់ខ្លួននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយការបង្កើនអត្រាគូប៉ុង ឬការប្រាក់ដល់៤% សម្រាប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចូលរួមវិនិយោគ។ សម្រាប់ការបោះផ្សាយលើកនេះ រដ្ឋមិនបានកំណត់ពីទំហំមូលបត្រនោះទេ ពោលគឺស្ថាប័នចូលរួមដេញថ្លៃអាចទិញមូលបត្ររដ្ឋដោយសេរី ជាមួយតម្លៃ១លានរៀលក្នុងមួយឯកតានៃមូលបត្រ។

យើងសង្កេតឃើញថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋកាលពីឆ្នាំ២០២២ ពុំសូវទទួលបានការគាំទ្រច្រើនពីស្ថាប័ន និងគ្រឹះស្ថានហិរញ្ញវត្ថុនោះទេ ពោលគឺក្នុងចំណោមការបោះផ្សាយលក់មូលបត្រទំហំ៣០០លានដុល្លារ លក់បានតែជិត២០លានដុល្លារប៉ុណ្ណោះ។ ទោះបីមិនសូវទទួលបានលទ្ធផលល្អពីការបោះផ្សាយលើកដំបូងក្តី តែរដ្ឋបានសម្រេចបន្តបោះផ្សាយលក់មូលបត្រចំនួន២០០លានដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៣ បន្ថែមលើទំហំដែលបានបោះផ្សាយកាលពីឆ្នាំ២០២២។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាមានសុទិដ្ឋនិយមខ្ពស់ថា ការជួញដូរមូលបត្របំណុលរបស់រដ្ឋនៅឆ្នាំនេះ នឹងទទួលបានការគាំទ្រពីវិនិយោគិនច្រើនជាងឆ្នាំមុន ក្រោយឯកឧត្តមមើលឃើញថា អត្រាគូប៉ុង៤% ដែលរដ្ឋបានផ្តល់ឲ្យស្ថាប័ន និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមវិនិយោគជាអត្រាមួយសមរម្យ ដែលអាចជួយធ្វើឲ្យមូលបត្ររដ្ឋមានការទាក់ទាញមួយកម្រិតទៀត។

ជុំវិញការបោះផ្សាយលក់មូលបត្ររដ្ឋនេះដែរ ឯកឧត្តម វង្សី វិស្សុត រដ្ឋាលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់កន្លងមកថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋបច្ចុប្បន្ន គ្រាន់តែជាការសាកល្បងយន្តនៃការដំណើររបស់ផ្សារមូលបត្រកម្ពុជាតែប៉ុណ្ណោះ មិនមែនដើម្បីកៀរគរថវិកាមកទ្រទ្រង់ការចំណាយរបស់រាជរដ្ឋាភិបាលនោះទេ។ ប៉ុន្តែជាគោលដៅទៅថ្ងៃអនាគតកម្ពុជាចង់ប្រើយន្តការនេះ ដើម្បីធ្វើពិពិធកម្មបំណុលសាធារណៈពីការពឹងផ្នែកលើប្រភពបំណុលពីក្រៅស្រុក មកពឹងផ្អែកប្រភពបំណុលក្នុងស្រុកវិញ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។ ឯកឧត្តមបានបន្តថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនេះ ក៏ដើម្បីជាការបើកផ្លូវដល់ការបោះផ្សាយលក់មូលបត្របំណុលរបស់ក្រុមហ៊ុនឯកជនផងដែរ ព្រោះតាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋនេះ នឹងជួយឲ្យរាជរដ្ឋាភិបាលអាចសិក្សាពីចំណុចខ្វះខាត ដើម្បីកែប្រែធ្វើឲ្យដំណើរការនៃបោះផ្សាយលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត កត្តាដែលធ្វើឲ្យការបោះផ្សាយលក់មូលបត្ររដ្ឋមិនសូវទទួលបានការគាំទ្រ គឺដោយសារការផ្តល់អត្រាគូប៉ុងនៅមានកម្រិតទាប បើធៀបនឹងការផ្តល់អត្រាការប្រាក់សន្សំដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ៕




អត្ថបទបន្ទាប់


អ័រគីដេ ប្រកាសបើកលក់ ខុនដូ អាគារថ្មី Tower F របស់ខ្លួន នៅលើផ្លូវ ២០០៤ ជាមួយការបង់រំលស់ត្រឹម ៣៥០ ដុល្លារ/ខែ ដោយគ្មានការប្រាក់រយៈពេលយូរ

អ័រគីដេ ប្រកាសបើកលក់ ខុនដូ អាគារថ្មី Tower F របស់ខ្លួន លើផ្លូវ ២០០៤ ចាប់ពីថ្ងៃ ២៤ ដល់ ២៦ កុម្ភៈ នេះ ជាមួយការបង់រំលស់ត្រឹម ៣៥០ ដុល្លា…

រដ្ឋាភិបាលចិនចាក់បញ្ចូលសាច់ប្រាក់ជិត ២៩ពាន់លានដុល្លារ ទៅក្នុងប្រព័ន្ធធនាគារ ខណៈអត្រាការប្រាក់នៅថេរ

ធនាគារប្រជាជនចិន ដែលជាធនាគារកណ្ដាលរបស់ប្រទេសចិន បានរក្សាអត្រាការប្រាក់កម្ចីគោលរបស់ខ្លួន ដោយមិនផ្លាស់ប្តូរសម្រាប់ អស់រយៈពេលប្រាំមួយខែជាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ