Nasdaq ថាការបោះផ្សាយលក់មូលបត្រ នឹងងើបឡើងវិញនៅឆ្នាំក្រោយ

Nasdaq រំពឹងថា ការបោះផ្សាយលក់មូលបត្រ នឹងងើបឡើងវិញក្នុងឆ្នាំ២០២៣ និងអំពាវនាវឱ្យមានច្បាប់រឹតបន្តឹងបន្ថែមលើគ្រីបតូ


លោកស្រី Adena Friedman ប្រធានប្រតិបត្តិក្រុមហ៊ុនផ្សារមូលបត្រដ៏ធំរបស់អាមេរិក Nasdaq Inc បាននិយាយថា ការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO នឹងបន្តស្ងៀមស្ងាត់នៅត្រីមាសទី១ នៃឆ្នាំ២០២៣ ខណៈដែលអ្នកវិនិយោគនៅតែបន្តប្រុងប្រយ័ត្នលើការជួញដូរក្នុងទីផ្សារនេះ ប៉ុន្តែលោកស្រីសង្ឃឹមថា វានឹងមានសកម្មភាពរស់រវើកឡើងវិញ នៅត្រីមាសទី២។
Nasdaq រំពឹងថា ការបោះផ្សាយលក់មូលបត្រ នឹងងើបឡើងវិញក្នុងឆ្នាំ២០២៣ និងអំពាវនាវឱ្យមានច្បាប់រឹតបន្តឹងបន្ថែមលើគ្រីបតូ

ជាមួយគ្នានេះ នាយកប្រតិបត្តិផ្សារភាគហ៊ុនលំដាប់ពិភពលោកមួយនេះ ក៏បាន​អំពាវនាវ​ឲ្យមាន​ច្បាប់​រឹតបន្ដឹងបន្ថែមទៀត​ទៅលើ​ពាណិជ្ជកម្មរូបិយវត្ថុឌីជីថល ឬហៅថា គ្រីបតូ ដែលបច្ចុប្បន្ន ទីផ្សារកំពុងមានការ​រង្គោះរង្គើខ្លាំង ដ្បិតថាក្រុមហ៊ុន​មួយចំនួន​ដួលរលំ ក្ស័យធន និងមានជាប់ព័ន្ធនឹងករណីឆបោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។

លោកស្រី Friedman ​បានថ្លែងក្នុងកិច្ចសម្ភាសន៍​មួយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ប្រមាណ ២០០ក្រុមហ៊ុន ត្រៀម​បោះផ្សាយលក់​មូលបត្រ​នៅផ្សារភាគហ៊ុន Nasdaq ដែលចំនួន​នេះ គឺតិច​ជាង​កាលពីពីរបីឆ្នាំមុន ​ដែលមាន​ដល់ ២៥០ ទៅ ៣០០ក្រុមហ៊ុន។

កាលពីឆ្នាំមុន គឺ​ជាឆ្នាំ​ដ៏ពិសេស​សម្រាប់ការបោះផ្សាយលក់​មូលបត្រ (IPO) នៅ Nasdaq ដែល​មានក្រុមហ៊ុនចុះបញ្ជីថ្មីៗដល់ ៧៥០ក្រុមហ៊ុនឯណោះ ជាពិសេស​គឺត្រូវបានទិញ ​ដោយក្រុមហ៊ុន SPAC ដែលជាក្រុមហ៊ុនជួញដូរសាធារណៈ។ ប៉ុន្តែ ការចុះបញ្ជីក្នុងផ្សារភាគហ៊ុន បានថមថយសកម្មភាព​មក​វិញយ៉ាងខ្លាំង ចំពេល​មានបញ្ហា​អតិផរណាខ្ពស់ និងការដំឡើង​អត្រាការប្រាក់គោល។

ក្រុមហ៊ុនផ្សារមូលបត្រ​ Nasdaq ទទួលបាន​​ការបោះផ្សាយលក់​មូលបត្រចំនួន១៤៣ លើកក្នុងរយៈពេល ៩ខែ​នៃឆ្នាំ​២០២២ ដែលខុសឆ្ងាយ​ធៀបនឹងកាលពីឆ្នាំមុន ពោលគឺ​មានត្រឹម​រយៈពេល៣ខែដំបូងប៉ុណ្ណោះនៃឆ្នាំ២០២១ ផ្សារភាគហ៊ុននេះ​មាន​ការបោះផ្សាយលក់​មូលបត្រ ដល់ទៅ ៥៥៧ លើកឯណោះ។

ជាមួយគ្នានេះដែរ លោកស្រី Friedman ក៏បាន​បញ្ជាក់​ឱ្យដឹងដែរថា លោកស្រី​បាន​ចូលរួម​ទីផ្សារលុយគ្រីបតូ ជាមួយនឹង​ការចាប់ផ្តើមអាជីវកម្ម​ទ្រព្យសកម្មឌីជីថល Nasdaq ដែល​មាន​គោលដៅទាក់ទាញ​វិនិយោគិន ប៉ុន្តែ​ការ​អនុញ្ញាត​ចំពោះ​អាជីវកម្មនេះ ត្រូវបាន​ពន្យារពេល​ទៅ​ដល់ឆ្នាំក្រោយ។

ផ្សារភាគហ៊ុន​ Nasdaq ក៏បាន​ពង្រីក​បច្ចេកវិទ្យា​​ប្រឆាំង​ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដើម្បីអង្កេត និងកាត់​បន្ថយការលាងលុយកខ្វក់ ការក្លែងបន្លំ និង​ទីផ្សារ​ដែលបង្កហានិភ័យផងដែរ។

បើតាម​លោកស្រី Friedman បានឱ្យដឹងថា Nasdaq បាន​ចូលរួមពាក់ព័ន្ធ​នៅក្នុងលំហរូបិយបណ្ណគ្រីបតូអស់រយៈពេល​ជាច្រើនឆ្នាំមកហើយ ដោយ​បានផ្តល់​នូវ​បច្ចេកវិទ្យា​ឈ្លបការណ៍ និង​សម្រាប់​ការជួញដូរទ្រព្យសកម្មឌីជីថលនេះ។ ​ទោះយ៉ាងណា អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា​ ការគ្រប់គ្រង​លើការជួញដូរគ្រីបតូនេះ ក៏តម្រូវឱ្យមានការតាមដាន​ និង​រឹតបន្តឹងផ្នែកច្បាប់បន្ថែមទៀត ដើម្បីធានាសុវត្ថិភាព និង​ទទួលបាន​ការទុកចិត្តពីអ្នកវិនិយោគ។

រូបិយបណ្ណ​គ្រីបតូ ត្រូវបាន​ដាក់ស្ថិតនៅក្រោម​សម្ពាធ​ក្នុងឆ្នាំនេះ បន្ទាប់ពីកើតមានករណីក្ស័យធន​​ចំពោះ​ក្រុមហ៊ុនផ្តល់ប្រាក់កម្ចី និងក្រុមហ៊ុន​ជួញដូរគ្រីបតូ ដែល​ក្នុងនោះ​រួមមាន​ក្រុមហ៊ុន FTX ជាដើម៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ប្រធានាធិបតីបារាំងថា ច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិកមានលក្ខណៈ «ហួសហេតុពេកហើយ»

ព័ត៌មាន
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយទៅកាន់សមាជិកសភាអាមេរិកមកពីគណបក្សនយោបាយទាំងប្រជាធិបតេយ្យ និងសាធារណរដ្ឋកាលពីថ្ងៃពុធ ទី…

សម្តេចតេជោ ហ៊ុន សែន ផ្តល់ធាតុចូល ៥ចំណុចដល់វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន

ព័ត៌មាន
ថ្លែងក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាល រាជធានី និង រដ្ឋធានីអាស៊ាន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ