លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រំពឹងវត្តមានរបស់តំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ា ដែលទើបទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលឱ្យបង្កើតនឹងក្លាយជាផ្នែកមួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញការវិនិយោគថ្មីៗ ពិសេសក្នុងវិស័យឧស្សាហកម្មតែម្តង។ អ្នកជំនាញរូបនេះបានបន្ថែមថា នៅពេលតំបន់សេដ្ឋកិច្ចពិសេសនេះលេចរូបរាង តម្រូវការអចលនទ្រព្យនៅជុំវិញនោះនឹងកើនឡើងភ្លាមៗ មិនថា ជាការសាងសង់ឃ្លាំងស្តុកទំនិញ ផ្ទះស្នាក់នៅរបស់កម្មករនិយោជិត ឬអគារពាណិជ្ជកម្មសម្រាប់បម្រើដល់សេវាកម្មផ្សេងៗនោះទេ។ នេះគឺជាសញ្ញាវិជ្ជមានបំផុតសម្រាប់ម្ចាស់ដី និងអ្នកវិនិយោគអចលនទ្រព្យនៅតំបន់ផ្លូវ ៥១។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច ជឿជាក់ថា តាមរយៈតំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ានឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ និងចម្រុះ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែប្រសើរ។ បន្ថែមលើនេះ វាក៏នឹងជួយបង្កើតឱកាសការងារដល់ពលរដ្ឋ បង្កើនការនាំចេញ ជួយពង្រឹងមូលដ្ឋានឧស្សាហកម្មកម្ពុជា ឱ្យកាន់តែប្រសើរ ព្រមទាំងជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងខ្សែច្រវាក់ផលិតកម្មទាំងក្នុងតំបន់ និងសកលផងដែរ។ បើតាមអ្នកជំនាញរូបនេះ ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិនិយោគិននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដ្បិតមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ដែលមានប្រសិទ្ធភាព រួមទាំងការរៀបចំសេវារដ្ឋបាលច្បាស់លាស់ ដែលនឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្ម។
គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ា ផ្លូវជាតិលេខ ៥១ ដែលរាជរដ្ឋាភិបាលទើបចេញអនុក្រឹត្យឱ្យបង្កើតកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ មានទីតាំងស្ថិតនៅក្នុងស្រុកសំរោងទង និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលលាតសន្ធឹងលើផ្ទៃដីសរុប៥២៨ហិកតា។ គិតត្រឹមឆ្នាំ២០២៥ កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការសរុបជាង៣០គម្រោង ដោយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកែប្រែកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ទាក់ទាញមួយនៅតំបន់អាស៊ីអាគ្នេយ៍៕
អត្ថបទ សោម ស្រីពេជ្រ