ការរំពឹងយ៉ាងដូច្នេះ ក្រោយក្រុមអ្នកជំនាញសង្កេតឃើញថា សកម្មភាពវិនិយោគនៅក្នុងវិស័យ ដែលជាជន្ទល់សេដ្ឋកិច្ចមួយនេះ នៅតែបន្ដមានជាហូរហែនៅរយៈពេលកន្លងមកនេះ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថានភាពនៃការនាំចេញទំនិញនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ហាក់មានការធ្លាក់ចុះនៅប៉ុន្មានខែចុងក្រោយក្នុងឆមាសទី១ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នា២០២២។ យ៉ាងណាក៏ដោយចុះ នៅរយៈពេល៦ខែតទៅមុខទៀត ពោលគឺនៅចុងឆ្នាំ២០២៣នេះ អ្នកជំនាញរូបនេះ បានបង្ហាញនូវក្តីរំពឹងខ្ពស់ និងជឿជាក់ថា ស្ថានភាពនៃការបញ្ជាទិញទំនិញនៅក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌកម្ពុជា នឹងមានកំណើនវិជ្ជមានល្អប្រសើរត្រលប់មកវិញ។ ការជឿជាក់បែបនេះ ក៏ដោយសារ អ្នកឧកញ៉ា មើលឃើញថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ កំណើននៃសកម្មភាពវិនិយោគថ្មីៗនៅក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ដែលកត្តានេះហើយ កាន់តែបង្ហាញសញ្ញាណវិជ្ជមានសម្រាប់ការផលិត និងនាំចេញផលិតផលកាត់ដេរកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ដោយឡែក បើតាមការអះអាងរបស់លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ស្ថានភាពនៃការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរកម្ពុជានៅឆមាសទី២ឆ្នាំនេះ នៅតែមិនមានភាពច្បាស់លាស់នៅឡើយទេ ដោយសារបញ្ហាសេដ្ឋកិច្ចសកលនៅតែបន្តកើតមាននាពេលបច្ចុប្បន្ននេះ។
ទោះយ៉ាងណា លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច មកពីរាជបណ្ឌិត្យសភាកម្ពុជា ក៏បានបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់ ចំពោះទីផ្សារការនាំចេញផលិតផលវាយនភណ្ឌកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅចុងឆ្នាំ២០២៣នេះ នឹងមានភាពល្អប្រសើរឡើងវិញ។ លោកបណ្ឌិត ហុង វណ្ណៈ អះអាងថា បើទោះបីជាផលិតផលវាយនភណ្ឌកាត់ដេរនេះ មិនមែនជាទំនិញចាំបាច់ខ្លាំង ដូចជាស្បៀងអាហារក៏ពិតមែន ប៉ុន្តែផលិតផលទាំងនេះ ក៏ជាផលិតផលដែលមានតម្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃដែរ ដែលតម្រូវឱ្យមានការបញ្ជាទិញបន្ថែម។ មួយវិញទៀត សម្រាប់តម្លៃ និងគុណភាពផលិតផលទំនិញរបស់កម្ពុជា ក៏មានភាពសមស្របអាចទទួលយកបាន ឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន ដូចនេះការបញ្ជាទិញផលិតផលទាំងនេះពីកម្ពុជាអាចនឹងមានការកើនឡើងផងដែរ។ ជាងនេះទៅទៀត កម្ពុជាក៏មានទំនាក់ទំនងល្អជាមួយប្រទេស ដែលជាដៃគូបញ្ជាទិញផងដែរ ជាក់ស្តែងដូចជាបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប និងអាមេរិកជាដើម។
សូមជម្រាបថា នៅរយៈពេល៥ខែដើមឆ្នាំ២០២៣នេះ កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងសម្រេចបានជាង ៣ពាន់៣រយលានដុល្លារ ធ្លាក់ជាង ១ពាន់លានដុល្លារ ស្មើនឹង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃជាង ៤ពាន់៣រយលានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕