ដំណាំកៅស៊ូ

អ្នកជំនាញរំពឹងទាក់ទាញបានរោងចក្រផលិតសម្បកកង់រថយន្តបន្ថែមនៅឆ្នាំនេះ


ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា រំពឹងថា កម្ពុជានឹងទទួលបានរោងចក្រកែច្នៃសម្បកកង់រថយន្តមកវិនិយោគបន្ថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីមានរោងចក្រកែច្នៃសម្បកកង់រថយន្តចំនួន៣ បានបើកដំណើរការនៅក្នុងឆ្នាំ២០២៣។ តាមរយៈរោងចក្រទាំងនោះ វាបានជួយធ្វើឱ្យវិស័យកៅស៊ូកម្ពុជា មានការរីកចម្រើនថែមមួយកម្រិតទៀត តាមរយៈការធានាទិញផលិតផលកៅស៊ូក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារខាងក្រៅ។
ដំណាំកៅស៊ូ
ដោយ

យ៉ាងណាមិញ កម្ពុជារកចំណូលបានជាង៩០០លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិនៅពេញមួយឆ្នាំ២០២៣ កើនឡើងប្រមាណ៧០% បើធៀបនឹងឆ្នាំ២០២២។

លោក ម៉ែន សុភ័ក្រ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា កត់សម្គាល់ឃើញថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់ ហើយបញ្ហាសង្គ្រាមនៅតែកើតមានជាបន្តបន្ទាប់ក្តី ប៉ុន្តែចលនាពាណិជ្ជកម្មក្នុងវិស័យកៅស៊ូកម្ពុជា នៅតែមានទីផ្សារល្អប្រសើរនៅឆ្នាំ២០២៣កន្លងទៅ ពោលគឺផលិតផលកៅស៊ូកម្ពុជា នៅតែតម្រូវការខ្ពស់ បើទោះបីជាតម្លៃកៅស៊ូនៅឆ្នាំ២០២៣ មិនសូវទទួលបានតម្លៃខ្ពស់យ៉ាងណាក៏ដោយ។ ជាក់ស្តែង បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម តម្លៃលក់ជ័រកៅស៊ូ គិតជាមធ្យមក្នុងរយៈពេល១១ខែឆ្នាំ២០២៣ មានតម្លៃជាង១ពាន់៣រយដុល្លារក្នុង១តោន ថយចុះជាង១១០ដុល្លារក្នុង១តោន ឬស្មើនឹង៧,៧% បើធៀបនឹងឆ្នាំ២០២២។ យ៉ាងណាមិញនៅពេញមួយឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណជាង៩០០លានដុល្លារពីការនាំចេញកៅស៊ូ និងផលិត​ផល​ធ្វើពីកៅស៊ូ ដែលកើនឡើងជិត៧០% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រធានសមាគមរូបនេះកត់សម្គាល់ឃើញថា បន្ទាប់ពីមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៣ បានបើកដំណើរការនៅកម្ពុជាមក វាបានជួយជំរុញឱ្យវិស័យដាំដុះកៅស៊ូនៅកម្ពុជា កាន់តែមានការរីកចម្រើនមួយកម្រិតទៀត ពោលគឺបានស្រូបទាញ និងធានានូវការទិញផលិតផលកៅស៊ូដោយផ្ទាល់នៅក្នុងស្រុកបានមួយចំណែក ដោយបានជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើពាណិជ្ជកម្មទៅក្រៅប្រទេស និងកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើទីផ្សារខាងក្រៅផងដែរ។ ស្របពេលដែលកម្ពុជា ជាប្រទេសដែលផលិតវត្ថុធាតុដើមកៅស៊ូស្រាប់ គួបផ្សំកម្ពុជា មានកម្លាំងពលកម្មគ្រប់គ្រាន់ផងនោះ លោក ម៉ែន សុភ័ក្រ រំពឹងខ្ពស់ថា កម្ពុជានឹងទទួលបានការវិនិយោគលើរោងចក្រកែច្នៃសម្បកកង់រថយន្ត ឬរោងចក្រកែច្នៃផលិតផលសម្រេចផ្សេងៗ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូ មកវិនិយោគនៅកម្ពុជាបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤នេះ និងឆ្នាំបន្តបន្ទាប់ទៀត។

គួរជម្រាបថា ក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណឡជី ខេមបូឌា ឯ.ក ដែលជាក្រុមហ៊ុនរោងចក្រផលិតសម្បកកង់រថយន្ដធំមួយ ដែលប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិ នៅក្នុងស្រុកប្រមាណជិត៥ពាន់តោនក្នុងមួយឆ្នាំ ដែលបានបើកដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីពាក់កណ្តាល់​ឆ្នាំ២០២៣កន្លងទៅនេះ។កាលពីថ្ងៃទី១២ខែមករា ក្រុមហ៊ុននេះបានបន្តបើកការដ្ឋានសាងសង់រោងចក្រដំណាក់កាលទី២របស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ហើយនៅពេលដែលគម្រោងដំណាក់កាលទី១ និងដំណាក់កាលទី២ ដំណើរការពេញលេញទាំងអស់ហើយនោះ ក្រុមហ៊ុននេះនឹងមានសមត្ថភាពផលិតសម្បកកង់ semi-steel ចំនួន៨,៥លានកង់ និងសំបកកង់ all-steel ចំនួន ១,៦៥លានកង់ក្នុងមួយឆ្នាំផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានផ្ទៃដីដាំកៅស៊ូ សរុបជាង ៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូ កសិ-ឧស្សាហកម្ម មានជាង ៤ម៉ឺន៦ពាន់ហិកតា ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចចំនួនជាង ១៨ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារ មានជាង ១៨ម៉ឺនហិកតា។ ដោយឡែក ផ្ទៃដីចៀរជ័រកៅស៊ូមាន ប្រមាណ ៣២ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៨ម៉ឺនហិកតា៕

None



អត្ថបទបន្ទាប់


រឿងហាមកសិករធ្វើស្រែប្រាំង! អ្នកជំនាញថា គួរស្វែងរកដំណោះស្រាយ ជាជាងហាមកសិករ

ការចេញសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តមួយចំនួន ណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទីពីរ ដោយសារតែបារម្ភពីការខ្វះ…

ក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ចិនមួយជឿថា ទីផ្សារអចលនទ្រព្យចិន នឹងនៅតែទន់ខ្សោយក្នុងឆ្នាំ២០២៤

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន Country Garden ដែលជំពាក់បំណុលវណ្ដកបានបង្ហាញក្ដីរំពឹងថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ