វិស័យកសិកម្ម

រឿងហាមកសិករធ្វើស្រែប្រាំង! អ្នកជំនាញថា គួរស្វែងរកដំណោះស្រាយ ជាជាងហាមកសិករ


ការចេញសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តមួយចំនួន ណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទីពីរ ដោយសារតែបារម្ភពីការខ្វះខាតទឹក និងខាតបង់ថវិកាបានបង្កឱ្យមានការប្រតិកម្មជាបន្តបន្ទាប់។ ជុំវិញបញ្ហានេះដែរ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា អាជ្ញាធរមិនគួរហាមឃាត់ពលរដ្ឋមិនឱ្យបង្កបង្កើនផលស្រូវប្រាំងបែបនេះនោះទេ ពោលគឺគួរតែស្វះស្វែងរកមធ្យោបាយ ឬអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ឬប្រឡាយមេ ដើម្បីធ្វើយ៉ាងណាឱ្យកសិករមានទឹកធ្វើស្រែល្អជាង។
វិស័យកសិកម្ម
ដោយ

នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីស លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការហាមឃាត់របស់អាជ្ញាធរមិនឱ្យកសិករធ្វើស្រែប្រាំងលើកទីពីរ ដោយសារបារម្ភខ្វះទឹក គឺជារឿងមិនសមហេតុផល។ សម្រាប់អ្នកជំនាញរូបនេះ អាជ្ញាធរគួរតែស្វះស្វែងរកវិធីសាស្ត្រ ឬដំណោះស្រាយសមស្របណាមួយ ដើម្បីធ្វើយ៉ាងណាឱ្យកសិករអាចធ្វើស្រែប្រាំងលើកទីពីរបានល្អជាង។ ទន្ទឹមនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះស្នើឱ្យអាជ្ញាធរគួរពិនិត្យមើលការអភិវឌ្ឍប្រព័ន្ធប្រឡាយទឹកនៅជនបទ និងមិនគួរកសាងតែទីក្រុង ធ្វើតែសួនច្បារពេកនោះទេ។

យ៉ាងណាមិញ​លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានចាត់ទុកការផលិតស្រូវនៅកម្ពុជា ជាវិស័យសក្កានុពលមួយនៃវិស័យកសិកម្មរបស់កម្ពុជា ដែលអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក ខណៈដំណាំក្រៅពីនេះលោកយល់ថា កម្ពុជាមិនទាន់អាចប្រគួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងបាននៅឡើយទេ ដោយសារតែកម្ពុជា មានផ្ទៃដីដាំដុះតូច រួមផ្សំជាមួយបច្ចេកទេស ហើយប្រជាពលរដ្ឋធ្វើកសិកម្មតាមលក្ខណៈគ្រួសារ និងការផលិតត្រូវការចំណាយថ្លៃដើមខ្ពស់។

សម្រាប់អ្នកជំនាញរូបនេះ ដើម្បីគាំទ្រដល់ដំណាំស្រូវ គឺត្រូវទាមទារឱ្យមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់ និងចងក្រងជាសហគមន៍កសិករ នោះទើបអាចកាត់បន្ថយថ្លៃដើមឱ្យមកនៅក្នុងកម្រិតទាបបាន។

ជុំវិញការហាមឃាត់ប្រជាកសិករមិនឱ្យធ្វើស្រែប្រាំងលើកទីពីរនេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការហាមឃាត់នេះបើស្ដាប់មួយភ្លែតវាហាក់ដូចជាអាជ្ញាធរស្រុក-ខេត្តអាក្រក់ រារាំងកសិករដែលចង់ធ្វើស្រែមិនឱ្យធ្វើស្រែ។ តែបើពិនិត្យពីស្ថានភាពជាក់ស្តែងប្រភពទឹកពិតជាមិនគ្រប់គ្រាន់សម្រាប់ធ្វើស្រែប្រាំងលើកទីពីរមែន ហើយបើប្រជាកសិករនៅតែបន្តធ្វើនោះវានឹងខាតលុយ ខាតកម្លាំងជាដើម។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះហាក់មានចម្ងល់ចំពោះតួនាទីរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលមានជាច្រើនអាណត្តិមកនេះ តែប្រជាកសិករនៅតែធ្វើស្រែបានតែមួយរដូវ ហើយលោកបានចោទជាសំណួរថា តើឱ្យកសិកររំពឹងអ្វី?

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អាជ្ញាធរ ខេត្តពោធិ៍សាត់ បានណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២របស់ខ្លួន ដើម្បីទល់ស្តាត់កុំឱ្យខ្វះទឹកសម្រាប់ប្រើប្រាស់ និងបញ្ចៀសការខាតបង់។ទន្ទឹមគ្នានេះ អាជ្ញាធរអះអាងថា ការផ្អាកធ្វើស្រូវប្រាំងលើកទី២នេះ មិនបានប៉ះពាល់ដល់ការប្រមូលផលស្រូវសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ខេត្តពោធិ៍សាត់នោះទេ ដ្បិតថា ការធ្វើស្រូវប្រាំងលើកទី១មានចំនួនច្រើនលើសលប់ និងទទួលបានទិន្នផលច្រើនរួចទៅហើយ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹមរយៈពេល១ថ្ងៃ មានក្រុមហ៊ុនបារាំងធំៗ៥ បានបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

ព័ត៌មាន
ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ នៃដំណើរបំពេញបេសកកម្មការងារក្នុងប្រទេសបារាំង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានក្រុមហ៊ុន…

អ្នកជំនាញរំពឹងទាក់ទាញបានរោងចក្រផលិតសម្បកកង់រថយន្តបន្ថែមនៅឆ្នាំនេះ

ព័ត៌មាន
ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា រំពឹងថា កម្ពុជានឹងទទួលបានរោងចក្រកែច្នៃសម្បកកង់រថយន្តមកវិនិយោគបន្ថែមទៀតនៅឆ្នាំនេះ បន្ទាប់ពីមានរោងចក្រកែច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ