
ដោយសារកត្តាចម្បងមួយចំនួន រួមមានដូចជា វិនិយោគិនធំៗងាកមកសម្រុកទិញចូល Bitcoin ហើយរដ្ឋាភិបាលនៃប្រទេសមួយចំនួនចាប់ផ្ដើមប្រើប្រាស់ Bitcoin គួបផ្សំជាមួយនឹងនិន្ននាការសេដ្ឋកិច្ចសកល។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្ដិ៍។
ក្រុមអ្នកជំនាញព្យាករថា Bitcoin ដែលរូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកអាចហក់ឡើងថ្លៃរហូតដល់១៣ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយកាក់នៅឆ្នាំនេះ។ ទីផ្សារជួញដូរគ្រីបតូដ៏ធំបំផុតរបស់ប្រទេសថៃ ដែលមានឈ្មោះថា Bitkub Exchange បានឱ្យដឹងថា Bitcoin បានវិវត្តខ្លួនយ៉ាងឆាប់រហ័សក្លាយជាផ្នែកស្នូលដ៏សំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ហើយនោះក៏ដោយសារតែកត្តាមួយចំនួនរួមមាន ដូចជាបណ្ដាវិនិយោគិនធំៗងាកមកសម្រុកទិញចូល Bitcoin ហើយរដ្ឋាភិបាលនៃប្រទេសមួយចំនួនចាប់ផ្ដើមប្រើប្រាស់ Bitcoin គួបផ្សំជាមួយនឹងនិន្ននាការសេដ្ឋកិច្ចសកល។
ដោយសារតែរំហូរវិនិយោគលើ Bitcoin មានទំហំរហូតដល់ទៅ១៩ពាន់លានដុល្លារអាម៉េរិកនៅក្នុងខែមេសា កន្លងទៅថ្មីៗនេះ តម្លៃរបស់ Bitcoin ត្រូវបានព្យាករថា នឹងអាចឈានដល់១៣ម៉ឺនដុល្លារអាម៉េរិក នៅក្នុងឆ្នាំនេះ។ Bitcoin ដែលរូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកបើគិតពីទំហំនៃទីផ្សារមូលធនបានហក់ឡើងថ្លៃជាង១៧% សម្រាប់ឆ្នាំនេះ និងបានហក់ឡើងថ្លៃវិញរហូតដល់ទៅជាង៤៧% ក្រោយពីបានធ្លាក់ថ្លៃខ្លាំងមកនៅត្រឹម៧ម៉ឺន៥ពាន់ដុល្លារអាម៉េរិកក្នុង១កាក់ កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ។
ការធ្លាក់ថ្លៃយ៉ាងគំហុកនោះកើតឡើងដោយសារប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធបដិការខ្ពស់កប់ពពកលើបណ្ដាប្រទេសជាដៃពាណិជ្ជកម្មដែលធ្វើឱ្យទីផ្សារទូទាំងពិភពលោកជ្រួលច្របល់ក្រឡាប់ចាក់៕
ដោយ: តែម សុខុម