Advertisement
កម្ពុជា-សិង្ហបុរី

នាយក​រដ្ឋមន្ត្រី​កម្ពុជា៖ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ប្រមាថ​ដល់​ពលិកម្ម​​​របស់​កងទ័ព​វៀតណាម


សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ស៊ានឡុង ថា ជា​ការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់ ឈាម​ស្រស់​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ជួយ​រំដោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍​ បន្ទាប់​ពី​មេដឹកនាំ​សិង្ហ​បុរី​រូប​នេះ​បាន​និយាយ​ថា វៀតណាម​បាន​ឈ្លានពាន​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៩។
នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន (រូបខាងឆ្វេង) និង​ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ លោក លី ស៊ានឡុង។
ដោយ
Advertisement

នៅក្នុង​សំបុត្រ​រំលែក​ទុក្ខ​មួយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ចំពោះ​ការ​ស្លាប់​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ឧត្ដមសេនីយ៍ Prem Tinsulanonda, លោក លី ស៊ានឡុង បាន​សរសើរ​ការ​ដឹកនាំ​របស់​លោក Prem ដែល​នៅ​ពេល​នោះ សមាជិក​អាស៊ាន​មាន​តែ​ ៥​ប្រទេស​ប៉ុណ្ណោះ ដែល​បាន​រួមគ្នា​ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​វៀតណាម មក​លើ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ជំនួស​ខ្មែរ​ក្រហម។

លោក លី ស៊ានឡុង បាន​សរសេរ​នៅ​ក្នុង​លិខិត​នោះ​ផង​ដែរ​ថា ប្រទេស​ថៃ​បាន​នៅ​ជួរ​មុខ​គេ​ ប្រឈម​នឹង​កង​កម្លាំង​វៀតណាម​នៅតាម​ព្រំដែន​របស់​ខ្លួន​ជាមួយ​កម្ពុជា។ លោក​បន្ត​ថា លោក Prem មាន​ការតាំង​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ទទួល​យក​រឿង​នេះ ហើយ​បាន​ធ្វើការ​ជាមួយ​ដៃគូ​អាស៊ាន​ដើម្បី​ប្រឆាំង​នឹង​ការ​កាន់កាប់​កម្ពុជា​ពីសំណាក់​​វៀតណាម នៅ​ក្នុង​វេទិកា​អន្ដរជាតិ។ 

នៅលើ​បណ្តាញ​ហ្វេសប៊ុក នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​​សោក​ស្តាយ​ខ្លាំង​ណាស់ ចំពោះ​ការ​លើក​ឡើង​របស់​​លោក លី ស៊ានឡុង ហើយ​បាន​ចោទ​ប្រកាន់​មេដឹកនាំ​សិង្ហ​បុរី​រូប​នេះ ថា បាន​គាំទ្រ​ការ​ប្រល័យ​ពូជ​សាសន៍ និង​រួម​ចំណែក​ដល់​ការ​សម្លាប់​រង្គាល។

សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការ​លើក​ឡើង​នេះ បង្ហាញ​ថា កាល​នោះ សិង្ហបុរី​បាន​គាំទ្រ​របប​ប្រល័យ​ពូជ​សាសន៍ និង​ចង់​ឲ្យ​របប​ប្រល័យ​ពូជ​សាសន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដែរ។»

សម្តេច​បាន​បន្ត​ថា សិង្ហបុរី​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រជុំ​ដែល​នាំ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ត្រី​ភាគី កម្ពុជា​ប្រជាធិបតេយ្យ និង​អូស​បន្លាយ​សង្គ្រាម​នៅ​កម្ពុជា និង​ទុក្ខ​វេទនា​របស់​ប្រជាជន​កម្ពុជា ជាង​១០​ឆ្នាំ​ថែម​ទៀត ហើយ​ដែល​ស្មើ​នឹង​ការ​ប្រឆាំង​នឹង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា ផង​ដែរ។

សម្តេច ហ៊ុន សែន បាន​បន្ថែម​ដូច្នេះ​ថា ៖ «ការ​លើក​ឡើង​នេះ ក៏​ជា​ការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់ ឈាម​ស្រស់ របស់​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម ដែល​បាន​ជួយ​រំដោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍នោះ។ ការលើក​ឡើង​របស់​ឯកឧត្តម លី ស៊ានឡុង នា​ពេល​នេះ ក៏​បាន​បង្ហាញ​ប្រជាជន​សាំងកាពួ និង​ពិភព​លោក ថា មេដឹកនាំ​សិង្ហ​បុរី​នា​ពេល​នោះ បាន​រួម​ចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាង​ពិត​ប្រាកដ។»

នៅក្នុង​សប្តាហ៍​នេះ​ ប្រទេស​វៀតណាម​ក៏​បាន​ច្រាន​ចោល​សម្ដី​របស់​លោក លី ស៊ានឡុង ផងដែរ ដោយ​និយាយ​ថា សេចក្តី​ថ្លែងការណ៍​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​ថា វៀតណា​បាន​រំដោះ​កម្ពុជា​​ចេញ​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍។

យោងតាម​សារព័ត៌មាន​វៀតណាម រដ្ឋាភិបាល​វៀតណាម​សម្ដែង​ការ​"សោក​ស្តាយ" ហើយ​បាន​ពិភាក្សា​ជាមួយ​ក្រសួង​ការបរទេស​សិង្ហ​បុរី​អំពី​បញ្ហា​នេះ​រួច​ហើយ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​ប្រាប់​ប្រតិភូ​អឺរ៉ុប​ថា នឹង​មិន​ឆ្លង​កាត់​ខ្សែ​«បន្ទាត់​ក្រហម»​ទេ ក្នុង​ករណី​លោក កឹម សុខា

ព័ត៌មាន
រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ប្រាប់​គណៈ​ប្រតិភូ​អឺរ៉ុប​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធ...

វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ បើក​ការិយាល័យ​ស្របច្បាប់​នៅ​កម្ពុជា​បាន​ហើយ!

ព័ត៌មាន
ទីបំផុតទៅ វិទ្យុ​សំឡេងសហរដ្ឋ​អាមេរិក (Voice of America) ដែលផ្សាយ​ព័ត៌មាន​ជា​ភាសា​ខ្មែរ​ពី​សហរដ្ឋ​អាមេរិក បានទទួល​ការអនុញ្ញាត​ពីរ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ