សេដ្ឋកិច្ចឥណ្ឌា

ឥណ្ឌា ទម្លាក់ជប៉ុន ក្លាយជាសេដ្ឋកិច្ចធំបំផុតទី៤ ខណៈអ្នកជំនាញព្យាករថា ឥណ្ឌានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលើលោក


ប្រទេសឥណ្ឌា បានបំបែកកំណត់ត្រាសេដ្ឋកិច្ចដោយហក់ឡើងមកឈរនៅលំដាប់ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី៤ លើពិភពលោក បន្ទាប់ពីបានទម្លាក់ជប៉ុន ជាមួយនឹងទំហំផលិតផលក្នុងស្រុកសរុបរហូតដល់ប្រមាណជិត៤,២ទ្រីលានដុល្លារអាម៉េរិក។ សេដ្ឋវិទូអាម៉េរិក ដ៏ល្បីល្បាញមួយរូបបានទស្សន៍ទាយថា ឥណ្ឌានឹងមិនឈប់ត្រឹមតំណែងទី៤នេះទេ ពោលគឺអាចមានសក្ដានុពលស្ទុះឡើងទៅកាន់កំពូលតារាងសេដ្ឋកិច្ចពិភពលោកនៅត្រឹមចុងសតវត្សរ៍នេះ។
សេដ្ឋកិច្ចឥណ្ឌា
ដោយ

សារព័ត៌មាន The Economic Times បានរាយការណ៍ថា លោក ជេហ្វ្រី ឌី សាច(Jeffrey D. Sachs) សេដ្ឋវិទូ និងជាអ្នកជំនាញអភិវឌ្ឍន៍សកលជនជាតិអាម៉េរិក បានព្យាករណ៍ថា ឥណ្ឌានឹងក្លាយជាសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោកនៅត្រឹមចុងសតវត្សរ៍ទី២១នេះ។ លោកបានពន្យល់ពីកត្តាប្រជាសាស្ត្រថា នៅត្រឹមចុងសតវត្សរ៍នេះចំនួនប្រជាជនឥណ្ឌា អាចនឹងកើនឡើងច្រើនជាងប្រជាជនចិន រហូតដល់ទៅ២ដង ដែលជាកម្លាំងចលករប្រជាសាស្ត្រដ៏សំខាន់ក្នុងការរុញច្រានសេដ្ឋកិច្ចរបស់ប្រទេសនេះ។
នៅក្នុងបទបង្ហាញនាវេទិកាពិភពលោក ស្តីពី«ប្រាជ្ញាបុរាណសម្រាប់បញ្ហាប្រឈមសម័យទំនើប»ធ្វើឡើងនៅទីក្រុង វ៉ារ៉ាណាស៊ី ប្រទេសឥណ្ឌា លោក ជេហ្វ្រី ឌី សាចបានសង្កត់ធ្ងន់ថា ពិភពលោកបានឈានចូលដល់យុគសម័យពហុមជ្ឈមណ្ឌលអំណាច ដែលលែងមានតំបន់ ឬប្រទេសណាមួយអាចគ្រប់គ្រងពិភពលោកតែម្នាក់ឯងបានទៀតហើយ។ យុគសម័យថ្មីនេះ ទាមទារឱ្យមានការយល់ដឹងស៊ីជម្រៅអំពីអារ្យធម៌ គំនិត ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណចម្រុះនៅតាមតំបន់នីមួយៗ។
ក្នុងនាមជានាយកមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Adani Group ដែលជាសហគ្រាសពហុផលិតកម្មដ៏ធំរបស់ឥណ្ឌា សម្រាប់ការដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបំប្លែងមុខមាត់សេដ្ឋកិច្ចឥណ្ឌា។
ទន្ទឹមនឹងនេះ លោក ក៏បានរំលេចពីកាតព្វកិច្ចសង្គមរបស់អាជីវកម្មលក្ខណៈគ្រួសារនៅឥណ្ឌា ដោយបានបញ្ជាក់ថា សហគ្រាសធំៗទាំងនោះចាំបាច់ត្រូវរក្សាតុល្យភាពឱ្យបានល្អរវាងផលប្រយោជន៍ពាណិជ្ជកម្ម និងការទទួលខុសត្រូវចំពោះសង្គមជាតិ។
សេដ្ឋវិទូរូបនេះបានចាត់ទុកក្រុមហ៊ុន Adani Group គឺជាម៉ាស៊ីនរុញច្រានដ៏ចម្បងនៃវឌ្ឍនភាព និងការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចរបស់ឥណ្ឌា។ លោកបានលើកយកគំរូរបស់ក្រុមហ៊ុននេះមកបង្ហាញពីកាលានុវត្តភាព ចក្ខុវិស័យ និងគោលដៅវែងឆ្ងាយ ដែលឥណ្ឌាអាចសម្រេចបាន បើទោះបីជាបច្ចុប្បន្ន កម្រិតអភិវឌ្ឍន៍របស់ឥណ្ឌានៅមានគម្លាតធំ បើធៀបនឹងមហាអំណាចសេដ្ឋកិច្ចផ្សេងទៀតក៏ដោយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឈ្នះទាំងទូរសព្ទ iPhone 17 Pro និងសម្រេចទាំងគោលដៅសន្សំ!

ក្នុងគោលបំណងលើកទឹកចិត្តអតិថិជនឱ្យបង្កើតទម្លាប់សន្សំប្រាក់ និងរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគតប្រកបដោយទំនុកចិត្តខ្ពស់ អិលអូអិលស៊ី សូមណែន…

ពលរដ្ឋអាម៉េរិក លើនាវាទេសចរណ៍ Odyssey ដែលជាប់គាំងនៅកម្ពុជា ចេញមុខបកអាក្រាតថៃ ដែលប្រើរូបថតខ្លួនឃោសនាទុច្ចរិតសម្អុយឈ្មោះកម្ពុជា

មាសសុទ្ធមិនខ្លាចភ្លើង ដោយបុរសជនជាតិអាម៉េរិកម្នាក់នៅលើនាវាទេសចរណ៍ Odyssey របស់អាម៉េរិកដែលជាប់គាំងនៅកម្ពុជា បានចេញមុខបកអាក្រាតថៃថា ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ