អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ គាំទ្រចំពោះយន្តការប្រមូលពន្ធនេះ ព្រោះវាជាការរួមចំណែកជួយបង្កើនប្រាក់ចំណូលជាតិ។ ប៉ុន្តែអ្នកជំនាញយល់ថា រដ្ឋាភិបាលគួរតែពន្យារពេលអនុវត្តការយកពន្ធនេះបន្ដទៀតសិន ព្រោះការអនុវត្តពីឆ្នាំ២០២២ វាហាក់លឿនពេកសម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដែលទើបរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩។អ្នកវិនិយោគជាតិ និងអន្តរជាតិនឹងមិនសប្បាយចិត្តនោះទេ ប្រសិនរាជរដ្ឋាភិបាលអនុវត្តការយកពន្ធលើប្រាក់ចំណេញមូលធនចាប់ពីឆ្នាំក្រោយនេះតទៅមែននោះ។
បើមិនមានអ្វីប្រែប្រួលទេនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្ដើមអនុវត្តយកពន្ធលើប្រាក់ចំណេញមូលធន ក្រោយពីបានពន្យារពេលអនុវត្តអស់រយៈពេល១ឆ្នាំកន្លងមកនេះ។
ជុំវិញបញ្ហានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្ញាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា រាជរដ្ឋាភិបាលមិនគួរអនុវត្តការយកពន្ធលើប្រាក់ចំណេញមូលធនភ្លាមៗនោះទេ ដ្បិតវាហាក់លឿនពេកសម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩ ពីរឆ្នាំកន្លងមកនេះ។ សម្រាប់លោក ច្រឹក សុខនីម រាជរដ្ឋាភិបាលគួរពន្យារពេលអនុវត្ត២ទៅ៣ឆ្នាំទៀត ដើម្បីទុកពេលឲ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគមានលទ្ធភាពក្នុងការស្តារវិស័យអចលនទ្រព្យឲ្យមានភាពល្អប្រសើរឡើងវិញ។
អ្នកជំនាញរូបនេះ ជឿជាក់ថា ប្រសិនបើរាជរដ្ឋាភិបាលចាប់អនុវត្តយកពន្ធលើប្រាក់ចំណេញមូលធនពីឆ្នាំ២០២២តទៅ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់លទ្ធភាពក្នុងការស្តារវិស័យអចលនទ្រព្យប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យកម្ពុជាអាចបាត់បង់ភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ ក្នុងការស្រូបទាញការវិនិយោគក្នុងវិស័យនេះផងដែរ។ ទោះយ៉ាងណាលោក ច្រឹក សុខនីម អះអាងថា ការយកពន្ធលើប្រាក់ចំណេញមូលធននេះត្រូវបានគេអនុវត្តនៅតាមប្រទេសក្នុងតំបន់អាស៊ាន អាស៊ី និងពិភពលោករួចមកហើយ។
ជុំវិញបញ្ហានេះដែរ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចនទ្រព្យ CPL ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ការសម្រេចចិត្តមួយដ៏ស័ក្តិសមក្នុងការអនុវត្តការប្រមូលពន្ធលើប្រាក់ចំណេញមូលធននេះ។ ទន្ទឹមនឹងនេះ អ្នកជំនាញមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យរូបនេះបានបង្ហាញការគាំទ្រចំពោះយន្តការប្រមូលពន្ធនេះ ដ្បិតលោកឧកញ៉ាយល់ឃើញថា វាជាការរួមចំណែកមួយដ៏សំខាន់ក្នុងការជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការជួយបង្កើនប្រាក់ចំណូលរបស់រដ្ឋ។
តាមការពន្យល់របស់មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារនាពេលកន្លងមកបានឲ្យដឹងថា ពន្ធលើចំណេញមូលធននេះ គឺមានអនុវត្តលើការលក់អចលនវត្ថុ ដោយអចលនវត្ថុ ដែលលក់បាន ត្រូវដកយក តម្លៃ ២០% នៃតម្លៃលក់នោះ មកគិតពន្ធ ២០%។ ជាឧទាហរណ៍ បើអ្នកលក់ផ្ទះ១ខ្នងបានក្នុងតម្លៃ ១លានដុល្លារ នោះ នឹងត្រូវយកតម្លៃ ២០% នៃតម្លៃផ្ទះនោះ មកគិតពន្ធ ២០% ដែលបានកំណត់។ ដូច្នេះ បើអ្នកលក់ផ្ទះនោះ បានក្នុងតម្លៃ១លានដុល្លារ នោះអ្នកនឹងត្រូវបង់ពន្ធចំណេញមូលធននេះ ៤ម៉ឺនដុល្លារ។
ប៉ុន្តែ រាជរដ្ឋាភិបាលនឹងមានការលើកលែងផងដែរ ចំពោះការលក់ ឬផ្ទេរទ្រព្យមួយចំនួនដូចជាប្រភេទទ្រព្យដែលជាកម្មសិទ្ធិស្ថាប័នរដ្ឋ ទ្រព្យកម្មសិទ្ធិបេសកកម្មការទូតបរទេស ឬកុងស៊ុលបរទេស និង អង្គការអន្តរជាតិ ឬ ទីភ្នាក់ងារប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ និង រួមជាមួយនិវាសដ្ឋានដែលជាគោលដើមរបស់អ្នកជាប់ពន្ធដែលបានកាន់កាប់ និងរស់នៅរយៈពេល៥ឆ្នាំ ក៏នឹងទទួលបានការលើកលែងពន្ធនេះដែរ ប៉ុន្ដែ លើកលែងតែសម្រាប់ការលក់អចលនវត្ថុទីមួយប៉ុណ្ណោះ មិនអាចអនុវត្តចំពោះការលក់អចលនវត្ថុទី២ ឬ ទី៣នោះទេ។ ចំពោះការផ្ទេរអចលនទ្រព្យរវាងសាច់ញាតិដែលមានការលើកលែងនៅក្នុងពន្ធប្រថាប់ត្រា នោះក៏នឹងទទួលបានការលើកលែងលើពន្ធលើចំណេញមូលធននេះផងដែរ៕