លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម បានគូសបញ្ជាក់ថា បន្ទាប់ពីប្រឡងចប់សិស្សទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានរួចស្រេចសម្រាប់មកបន្តការសិក្សានៅកម្រិតបន្ទាប់ ដោយត្រូវបង្កើនទំនួលខុសត្រូវជាងមុនជាមួយការរស់នៅឆ្ងាយពីផ្ទះ និងត្រូវរកសិស្សច្បងឱ្យជួយតម្រង់ទិស ជាពិសេសត្រូវគិតពីសុវត្ថិភាព។ បើតាមអ្នកជំនាញរូបនេះ សម្រាប់ការជ្រើសរើសមុខជំនាញ សិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ផ្ដោតឱ្យបានខ្ពស់ ពីព្រោះបច្ចុប្បន្នឱកាសការងារមានច្រើនកើតចេញពីមុខជំនាញដូចជាផ្នែកបច្ចេកវិទ្យា វិស្វកម្ម ឌីជីថល និងប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ជាពិសេសត្រូវតាមដានព័ត៌មានពីក្រសួងការងារ ដើម្បីឱ្យកាន់តែច្បាស់ពីឱកាសការងារក្នុងស្រុកបន្ថែមទៀត។ តែយ៉ាងណា អ្នកជំនាញបានក្រើនរំលឹកដល់សិស្សគ្រប់រូប កុំឱ្យឆាប់ជឿលើការផ្សព្វផ្សាយរបស់គ្រឹះស្ថានអប់រំ ដោយត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ថា តើមានចុះបញ្ជីទទួលស្គាល់ផ្លូវការឬទេ ចៀសវាងដាក់ពាក្យចូលរៀនខុស ខាតបង់ទាំងថវិកា និងពេលវេលា។
ជាមួយគ្នានេះលោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ជាទូទៅស្ថាប័នសិក្សាតែងតែមានផ្ដល់អាហារូបករណ៍ដល់សិស្ស ដែលប្រឡងចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមសប្បុរសធម៌ ឬគោលការណ៍រៀងៗខ្លួន។ តែយ៉ាងណាសិស្ស ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះគ្រឹះស្ថានអប់រំដែលមានផ្ដល់អាហារូបករណ៍ទាំងនោះ ដោយតាមដានថាមានចុះបញ្ជីទទួលស្គាល់ដោយក្រសួងអប់រំឬអត់ និងត្រូវមើលលើកេរ្តិ៍ឈ្មោះសាលាថា មានគុណភាពកម្រិតណា ហើយនៅពេលសិក្សាបញ្ចប់ អាចមានសមត្ថភាពចាប់យកឱកាសការងារបានខ្ពស់ឬអត់។ បើតាមអ្នកជំនាញរូបនេះ នៅពេលខាងមុខតាមស្ថាប័នការងារនីមួយៗភាគច្រើន នឹងមានតម្រូវការអ្នកដែលមានជំនាញខាងឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) កើនឡើង ដូច្នេះលោកបានក្រើនរំលឹកថា សិស្សទាំងអស់ត្រូវផ្ដោតលើជំនាញនេះឱ្យបានច្បាស់លាស់។
គួរបញ្ជាក់ថា នៅថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ មានបេក្ខជនអវត្តមានចំនួន១,៣៤០នាក់ ស្រី៥០២នាក់ ក្នុងនោះបេក្ខជនស្វ័យរិនចំនួន១,១៣៥នាក់ និងបេក្ខជនចំណេះទូទៅចំនួន២០៥នាក់។ ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនចុះឈ្មោះចូលរួមប្រឡងសរុប១៥១,២៣៨នាក់ ស្រី៨៤,៧៣៥ នាក់ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន៣៧,៤៤៥ នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១១៣,៧៩៣នាក់។ សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ៕
អត្ថបទ៖ ជា ម៉ារ៉ា