ក្រុមហ៊ុន​ AEON

តើមានកត្តាចម្បងអ្វីធ្វើឱ្យក្រុមហ៊ុនយក្សជប៉ុន AEON ដកខ្លួនចេញពីទីផ្សារប្រទេសថៃ ក្រោយរកស៊ីជាង៤០ឆ្នាំ?


ក្រោយធ្វើប្រតិបត្តិការនៅប្រទេសថៃ អស់រយៈពេលជាង៤០ឆ្នាំ ​ទីបំផុត​ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ជប៉ុន AEON ​បាន​សម្រេចលក់អាជីវកម្មផ្សារទំនើបរបស់ខ្លួនទៅឱ្យក្រុមហ៊ុន​យក្សថៃ Central Group។ តើអ្វីជាមូលហេតុចម្បង ដែលជំរុញឱ្យ AEON ប្តូរទិសដៅ​បែប​នេះ ខណៈក្រុមហ៊ុន​នេះកំពុងបង្វែរការវិនិយោគទៅកាន់ទីផ្សារ ដែលមានសក្តានុពលកំណើនខ្ពស់ជាងជាពិសេសវៀតណាម?
ក្រុមហ៊ុន​ AEON
ដោយ

ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ប្រទេសជប៉ុន AEON បានដកខ្លួនចេញពីអាជីវកម្មផ្សារទំនើបរបស់ប្រទេសថៃ បន្ទាប់ពីធ្វើប្រតិបត្តិការអស់រយៈពេលជាង៤០ឆ្នាំ ដោយលក់អាជីវកម្មហាង MaxValu របស់ខ្លួនទៅឱ្យក្រុមហ៊ុនថៃ Central Group ខណៈដែលក្រុមហ៊ុននេះផ្លាស់ប្តូរការវិនិយោគទៅកាន់ទីផ្សារ ដែលមានការរីកចម្រើនលឿនជាងមុន ជាពិសេសប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
ទោះជាយ៉ាងណានេះមិនមែនមានន័យថា AEON បរាជ័យនៅប្រទេសថៃ ឬចាកចេញពីប្រទេសនេះទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ វាគឺជាការសម្រេចចិត្តផ្នែកយុទ្ធសាស្ត្រ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទុន និងផ្តោតលើទីផ្សារដែលមានឱកាសរីកចម្រើនខ្ពស់ជាងនេះ។ តាមកិច្ចព្រមព្រៀងដែលគ្រោងនឹងសម្រេចជាស្ថាពរនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន Central Food Retail នឹងទិញយកភាគហ៊ុនទាំងអស់របស់ AEON នៅប្រទេសថៃ ហើយហាង MaxValu និង MaxValu Tanjai ប្រមាណ៣០សាខា នឹងត្រូវប្តូរទៅជាយីហោ Tops។
ហេតុអ្វីបានជា AEON ជ្រើសរើសធ្វើបែបនេះ? កត្តាទី១ គឺដោយកំណើនសេដ្ឋកិច្ចថៃ កំពុងរងសម្ពាធ ឬ ដាំក្បាលចុះ ដែលធ្វើឱ្យអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ប្រឈមនឹងថ្លៃដើមកើនឡើង តម្រូវការចុះខ្សោយ បំណុលអាក្រក់កើនឡើង និងការទទួលបានឥណទានកាន់តែតឹងរ៉ឹង។ ការផ្តល់កម្ចីដល់ SMEs បានធ្លាក់ចុះ១៥ត្រីមាសជាប់គ្នា ខណៈរោងចក្របិទទ្វារបានកើនលើសរោងចក្របើកថ្មីជាលើកដំបូងក្នុងរយៈពេល១០ត្រីមាស។ កត្តាទី២ គឺការប្រកួតប្រជែងកាន់តែខ្លាំង និងបញ្ហារចនាសម្ព័ន្ធ ដោយអាជីវកម្មថៃកំពុងរងសម្ពាធពីថ្លៃដើមខ្ពស់ ការប្រកួតប្រជែងពីទំនិញនាំចូល គំរូអាជីវកម្មហួសសម័យ និងការខ្វះបច្ចេកវិទ្យា និងជំនាញដែលអាចប្រកួតប្រជែងបាន។
និងកត្តាទី៣ ដោយសារ AEON មើលឃើញឱកាសធំជាងនេះនៅវៀតណាម។ ក្រុមហ៊ុន AEON គ្រោងបែងចែកប្រមាណ៦០% នៃថវិកាវិនិយោគសរុបសម្រាប់តំបន់អាស៊ានទៅវៀតណាម និងពង្រីកអាជីវកម្មនៅទីនោះយ៉ាងខ្លាំងក្នុងរយៈពេលពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ជាក់ស្តែងវៀតណាម បានក្លាយជាទីផ្សារ ដែលបង្កើតប្រាក់ចំណូលបានច្រើនបំផុតសម្រាប់ផ្សារទំនើប AEON Mall នៅអាស៊ីអាគ្នេយ៍ រួចទៅហើយដែលនេះបង្ហាញថា ក្រុមហ៊ុនជប៉ុនមួយនេះកំពុងមើលឃើញសក្តានុពលកំណើនរយៈពេលវែងនៅវៀតណាមខ្លាំងជាង។
ទោះបី AEON លក់អាជីវកម្មផ្សារទំនើបក៏ដោយ ក៏ក្រុមហ៊ុននេះមិនបានចាកចេញពីប្រទេសថៃទាំងស្រុងនោះទេ ដោយ AEON នឹងបន្តរក្សាអាជីវកម្មផ្សេងទៀតរួមមានឱសថស្ថាន ការកម្សាន្ត និងសេវាកម្មហិរញ្ញវត្ថុ។ ដូច្នេះការចាកចេញពីវិស័យផ្សារទំនើបថៃរបស់ AEON អាចមើលឃើញថា ជាការឆ្លើយតបទៅនឹងការកើនឡើងនៃសម្ពាធសេដ្ឋកិច្ច និងការប្រកួតប្រជែងនៅថៃ ខណៈក្រុមហ៊ុននេះកំពុងប្តូរទុនទៅកាន់ទីផ្សារ ដែលខ្លួនជឿថា មានកំណើនលឿន និងឱកាសខ្ពស់ជាង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រឿងអាស្រូវប្រឡងចូលក្របខណ្ឌមន្ត្រីនៅថៃ រកឃើញការក្លែងបន្លំពិន្ទុ និងសង្ស័យជាប់ពាក់ព័ន្ធគ្រួសារអ្នកនយោបាយមានឥទ្ធិពល

រឿងអាស្រូវប្រឡងចូលក្របខណ្ឌមន្ត្រីនៅប្រទេសថៃ ផ្ទុះកាន់តែខ្លាំង និងកំពុងរញ្ជួយដល់ប្រព័ន្ធនយោបាយ បន្ទាប់ពីក្រសួងមហាផ្ទៃថៃ ទម្លាយថា គ្រួសារអ្នកនយោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ