ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្ន ទំហំបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាហាក់នៅមានកម្រិតទាបនៅឡើយ ពោលគឺនៅរក្សាបានប្រមាណតែ ៣០% នៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ ខណៈដែលសមត្ថភាពសងត្រឡប់របស់កម្ពុជា គឺអាចខ្ចីបានលើសពីនេះទៅទៀត ពោលគឺអាចខ្ចីបានរហូតដល់លើស ៤០% នៃ GDP។
ការអះអាងបែបនេះ គឺដោយសារតែកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការសងត្រឡប់ តាមរយៈកំណើនរឹងមាំនៃសេដ្ឋកិច្ច។ តួយ៉ាង តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា ទំហំចំណូលចរន្ដថវិការដ្ឋ គិតតាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ មានការកើនឡើង២ដង ពោលគឺ កើនពីជាង២ពាន់លានដុល្លារ ដល់ជាង ៤ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ចំណូលថវិកាជាតិធៀបនឹង GDP បានកើនឡើងដល់កម្រិតកណ្ដាលធៀបនឹងប្រទេសក្នុងតំបន់ ស្មើនឹងប្រមាណជាង១៨% នៃ GDP នៅឆ្នាំ២០១៧។ ដោយឡែក ទំហំនៃការចំណាយថវិការដ្ឋសរុប ក៏បានកើនឡើងជិត២ដងផងដែរ។
និន្នាការបំណុលសាធារណៈក្រៅប្រទេសកើនឡើងនេះ គឺដោយសារតែកម្ពុជាកំពុងស្ថិតនៅក្នុងនិន្នាការមួយដែលនឹងត្រូវលែងទទួលបានជំនួយឥតសំណងតទៅទៀត ខណៈដែលកម្ពុជាបានវិវឌ្ឍខ្លួនទៅមួយជំហានទៀតក្នុងនាមជាប្រទេសចំណូលមធ្យមកម្រិតទាប និងត្រៀមឈានទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ទៀតថា ការទទួលបានទំនុកចិត្តពីប្រទេសម្ចាស់បំណុល ក៏ជាការឆ្លុះបង្ហាញឲ្យឃើញពីសមត្ថភាព និងការលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។
សំណួរសួរថា តើហេតុអ្វីបានជាកម្ពុជាមិនពង្រីកបំណុលនេះឲ្យធំច្រើនជាងនេះ ខណៈដែលកម្ពុជាមានសមត្ថភាពបែបនេះ? ឆ្លើយនឹងសំណួរនេះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ដែរថា កម្ពុជាមិនទាន់បន្ថែមកម្រិតបំណុលឲ្យធំ គឺដោយសារតែរាជរដ្ឋាភិបាលចង់រក្សាចន្លោះសមត្ថភាពនេះទុក សម្រាប់ការពារពេលមានវិបត្តិកើតឡើង កាលណាបំណុលច្រើន តែសេដ្ឋកិច្ចជួបវិបត្តិ នោះវានឹងលំបាកក្នុងការសងត្រឡប់ទៅវិញ។ ទោះយ៉ាងណា ឯកឧត្តមបានបង្ហើបដែរថា ជារៀងរាល់ឆ្នាំ កម្ពុជាបានបំពេញនូវតួនាទីជាកូនបំណុលបានល្អ ដោយមានការសងត្រឡប់ទៅកាន់ម្ចាស់បំណុលបានខ្លះៗហើយដែរ។
លោក ច័ន្ទ សុផល អ្នកសេដ្ឋកិច្ចឯករាជ្យ បានលើកឡើងដែរថា លោកសាទរ ប្រសិនបើរាជរដ្ឋាភិបាលអាចពង្រីកការខ្ចីបំណុលពីបរទេសបានកាន់តែច្រើន ដើម្បីយកមកប្រើប្រាស់សម្រាប់ការអភិវឌ្ឍ ពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ នោះគឺជារឿងដ៏ល្អមួយសម្រាប់កម្ពុជា ខណៈដែលប្រទេសកម្ពុជា មានលទ្ធភាពខ្ពស់ក្នុងសងត្រឡប់ ហើយកម្ពុជាក៏កំពុងខ្វះខាតនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ សម្រាប់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចឲ្យលូតលាស់បានឆាប់រហ័យ និងប្រកបដោយចីរភាពផងដែរ។
លោកបន្ថែមថា វាជាឱកាសល្អប្រសិនបើកម្ពុជាអាចទទួលបានបំណុលច្រើនជាងនេះ ដើម្បីយើងមកប្រើក្នុងការអភិវឌ្ឍ ប៉ុន្ដែ វាក៏អាចមានហានិភ័យផងដែរ ប្រសិនបើការប្រើប្រាស់បំណុលនោះ មិនមានគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព។ ឧទាហរណ៍៖ ខ្ចីលុយយកមកធ្វើផ្លូវ តែផ្លូវធ្វើមិនបានប៉ុន្មានផងខូចវិញ ត្រូវជួសជុលឡើងវិញដដែលៗជាដើម។ល។
ទោះយ៉ាងណា ដើម្បីគ្រប់គ្រងបំណុលសាធារណៈ ឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗចំនួន៤ គឺ ទី១ គឺត្រូវខ្ចីឥណទាន ក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន។ ទី២ គឺត្រូវខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់។ ទី៣ ត្រូវខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើន និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ និងទី៤ ត្រូវប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
សូមជម្រាបដែរថា ប្រទេសចិនត្រូវបានស្គាល់ថា ជាម្ចាស់បំណុលដ៏ធំជាងគេរបស់កម្ពុជា ដែលមានប្រមាណជិត ៥០% នៃបំណុលសរុប ឬស្មើនឹងទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារ បន្ទាប់មកគឺទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ និងប្រទេសមួយចំនួនទៀត ដូចជា ជប៉ុន កូរ៉េខាងត្បូង និងដៃគូទ្វេភាគីផ្សេងទៀត។
ហើយនៅឆ្នាំ២០១៧នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ប៉ាន់ប្រមាណថា នៅរក្សាបាន ៦.៩% ខណៈដែលឆ្នាំ២០១៨នេះ នឹងនៅតែមានកំណើនល្អដូចឆ្នាំមុនៗដែរ៕