អចលនទ្រព្យ

ទើប​តែ​បើក​ផ្សារ​ម៉ាក្រូ​ក្ដៅៗ! អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រកាស​បើក​គម្រោង​ធំៗ​២​ទៀត​ហើយ!


បើ​និយាយ​ពី​តំបន់​ប៉ែក​ខាង​ជើង​ឈៀង​ខាង​លិច​នៃ​រាជ​ធានី​ភ្នំពេញ ពោល​គឺ​តំបន់​ភ្នំពេញ​ថ្មី បច្ចុប្បន្ន​នេះ បាន​និង​កំពុង​មាន​ការ​ប្រែ​ក្លាយ​នូវ​មុខ​មាត់​ថ្មី​របស់​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ដែល​គម្រោង​ធំៗ​ជា​ច្រើន​បាន​សម្រេច​ការ​សាងសង់ និង​កំពុង​សម្រុក​ការ​សាងសង់​ជា​បន្ត​បន្ទាប់។
គម្រោង​លំនៅដ្ឋាន shophouse វិនិយោគ​ដោយ​ក្រុមហ៊ុនរបស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ នៅតំបន់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។
ដោយ

អ្នក​ជំនាញ​បាន​មើល​ឃើញ​ថា តំបន់​ភ្នំពេញ​ថ្មី ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែនសុខ​នេះ បាន​និង​កំពុង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម​យ៉ាង​មមាញឹក។

មិន​ត្រឹមតែ​គម្រោង​លំនៅដ្ឋាន​បាន​និង​កំពុង​សម្រុក​សាងសង់​យ៉ាង​ស្អេក​ស្កះ​នោះ​ទេ ថ្មីនេះៗ គម្រោង​ផ្សារ​ទំនើប​ធំៗ​ក៏​បាន​និង​កំពុង​សាងសង់​ឡើង​ផង​ដែរ តួយ៉ាង ផ្សារ​ទំនើប​លក់​ទំនិញ​បោះដុំ​ដ៏​ធំ​របស់ Makro ក៏​​បាន​បើក​ដំណើរ ខណៈ​ដែល​ផ្សារ​ទំនើប AEON​ 2 របស់​ជប៉ុន ដែល​មាន​ទំហំ​ធំ​ជាង​ផ្សារ​ទំនើប AEON ទី១ ជិត ២​ដង​នោះ ក៏​កំពុង​សាងសង់​​ជិត​រួច​រាល់​ហើយ​ដែរ។

ទន្ទឹម​នឹង​នោះ​ដែរ មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍ ដ៏​ធំ​ជាង​គេ​មួយ​នៅ​តំបន់​នោះ ក៏គ្រោង​នឹង​បើក​ដំណើរការ​ឆាប់ៗ​នេះ​ផង​ដែរ ដែល​មាន​ទំហំ​ផ្ទៃដី​រហូត​ដល់ ៥​ម៉ឺន​ម៉ែត្រ​ការ៉េ។ គម្រោង​អគារ​សម្រាប់​ជួល​ដល់​ការ​ប្រារព្ធ​កម្មវិធី​ផ្សេងៗ ពិសេស កម្មវិធី​មង្គលការ​នេះ ត្រូវ​បាន​ដឹង​ថា បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន LYP Group របស់​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ដែល​បាន​ចំណាយ​ទុន​វិនិយោគ​រាប់​សិប​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន។

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​គ្រប់គ្រង​ក្រុមហ៊ុន LYP Group បាន​លើក​ឡើង​ថា គម្រោង​មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍ សែនសុខ នេះ នឹង​បើក​ឲ្យ​អ្នក​ដែល​ត្រូវ​ប្រារព្ធ​ពិធី​នានា អាច​ធ្វើការ​កក់​ទុក ចាប់​ពី​ថ្ងៃ​​ទី២០ ខែ​មករា ឆ្នាំ​២០១៨ នេះ​ត​ទៅ​ហើយ ដែល​ការ​កក់​នេះ​គឺ​សម្រាប់​កម្មវិធី​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្រោយ​ថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ប៉ុណ្ណោះ ខណៈ​ដែល​គម្រោង​នេះ កំពុង​ស្ថិត​នៅក្នុង​ការ​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ។

អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមហ៊ុន LYP Group។

លោក​ឧកញ៉ា បន្ថែម​ថា អគារ​សម្រាប់​ជួល​សម្រាប់​កម្មវិធី ពិសេស ពិធី​រៀប​អាពាហ៍​ពិពាហ៍​នេះ នឹង​ត្រូវ​បាន​រចនា​ឡើង តាម​បែប​រចនាបថ​បស្ចិម​ប្រទេស ដែល​មាន​បន្ទប់​ចំនួន​៧ ហើយ​ក្នុង​មួយ​បន្ទប់ អាច​ដាក់​តុ​ការសម្រាប់​កម្មវិធី​អាពាហ៍​ពិពាហ៍​បាន​ចាប់​ពី​៥០​តុ​ការ ឡើង​ទៅ ហើយ​បើ​រំលាយ​បន្ទប់​ចូល​គ្នា​ទាំង​៧​បន្ទប់​នោះ នឹង​អាច​ដាក់​បាន​រហូត​ដល់​៥០០​តុ​ការ ស្មើ​នឹង​ចំនួន​មនុស្ស ៥០០០​នាក់ និង​មាន​ទីធ្លា​ចត​យានយន្ដ​បាន​​រហូត​ដល់ ១២០០​គ្រឿង។ 

លោក​ឧកញ៉ា សេង ញ៉ក់ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ស្ថិត​នៅ​ជាប់​គ្នា​នោះ​ដែរ ក្រុមហ៊ុន LYP Group ក៏​បាន​បោះទុន​សាងសង់​គម្រោង​លំនៅដ្ឋាន​ប្រភេទ​ផ្ទះ​ហាង (Shophouse) ដឹ ព្រេមៀ លែន (The Premier Land) ដែល​នៅ​ជាប់​ផ្សារ​ទំនើប AEON 2 ដែល​កំពុង​សាងសង់ និង​ស្ថិត​នៅ​ផ្លូវ​តែ​មួយ​នៃ​ផ្សារ​ទំនើប Makro ផង​ដែរ។

បើ​តាម​អ្នក​គ្រប់គ្រង​គម្រោង The Premier Land  លោក មាន សំអុល បាន​គូស​បញ្ជាក់​ថា គម្រោង​នេះ​ត្រូវ​បាន​វិនិយោគ និង​សាងសង់​ជា​បី​ដំណាក់​កាល ខណៈ​ដែល​ដំណាក់កាល​ទី១​ត្រូវ​បាន​លក់​អស់​ហើយ និង​​កំពុង​បុក​គ្រឹះ​សាងសង់ រីឯ​ដំណាក់កាល​ទី២ ទើប​តែ​បាន​បើក​លក់​ថ្មីៗ​នេះ។ ប្រសិន​បើ​គម្រោង​ទី២​នេះ បាន​ជោគ​ជ័យ នោះ​ក្រុមហ៊ុន​នឹង​បើក​លក់​គម្រោង​ទី៣​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដែរ។

លោក មាន សំអុល បាន​គូស​បញ្ជាក់​ថា ចំពោះ​តម្លៃ​ផ្ទះ​នៅ​ក្នុង​គម្រោង The Premier Land នេះ មាន​ចាប់​ពី​ជាង ៣០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ខណៈ​ដែល​គម្រោង​ក្នុង​ដំណាក់​កាល​នីមួយៗ​មាន​លំនៅដ្ឋាន​ប្រមាណ ១០០​ខ្នង ដែល​មាន​ផ្ទះ​កម្ពស់​រហូត​ដល់​៤​ជាន់​កន្លះ ពោល​គឺ​គិត​ជា​ទឹកប្រាក់​សរុប​នៃ​មួយ​ដំណាក់កាល​របស់​គម្រោង​នេះ មាន​ប្រមាណ​លើស​ពី ៣០​លាន​ដុល្លារ​អាមេរិក។ 

ឯកឧត្តម បណ្ឌិត អៀង អូននី អភិបាលរង​នៃ​គណៈអភិបាល​រាជ​ធានី​ភ្នំពេញ បាន​លើក​ឡើង​ដែរ​ថា ការ​អភិវឌ្ឍ​ក្នុង​តំបន់​ភ្នំពេញ​បាន​និង​កំពុង​ធ្វើ​ឲ្យ​តំបន់​នេះ កាន់តែ​មាន​សក្ដានុពល​ខ្លាំង​ឡើង ហើយ​វា​ក៏​ស្ថិត​នៅ​ក្រោម​គោល​នយោបាយ​អភិវឌ្ឍ​ទីក្រុង​របស់​រាជ​រដ្ឋាភិបាល​ផងដែរ។ មិន​តែ​ប៉ុណ្ណោះ គម្រោង​ទាំង​ពីរ គឺ The Premier Land និង មជ្ឈ​មណ្ឌល​សន្និបាត​និង​ពិព័រណ៍ សែនសុខ នេះ នឹង​ជា​ចំណែក​មួយ​ជួយ​សម្រួល​​ដល់​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​តំបន់​កណ្ដាល​ក្រុង​បាន​មួយ​កម្រិត​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ ឯកឧត្តម​ក៏​សង្ឃឹម​ថា ក្រុមហ៊ុន​អភិវឌ្ឍ​នឹង​គោរព​ទៅ​តាម​គោលការណ៍​អភិវឌ្ឍន៍ ដោយ​គិតគូរ​ពី​បញ្ហា​បរិស្ថាន ហេដ្ឋា​រចនា​សម្ព័ន្ធ ពិសេស គឺ​ប្រព័ន្ធ​លំហូរ​ទឹក​ស្អុយ ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​​ជៀសវាង​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ។ 

សូម​ជម្រាប​ថា បច្ចុប្បន្ននេះ មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​និង​ពិព័រណ៍ សម្រាប់​ជួល​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​ផ្សេងៗ ពិសេស ពិធី​មង្គលការ ដែល​មាន​ទីតាំង​ធំ​ទូលាយ​នៅ​រាជ​ធានី​ភ្នំពេញ គឺ​មាន​តែ​នៅ​កោះពេជ្រ​មួយ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​វិនិយោគ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន OCIC របស់​អ្នក​ឧកញ៉ា ពុង ឃាវសែ។ 

ប៉ុន្ដែ កាល​ពី​ពេល​កន្លង​ទៅ ក៏​ធ្លាប់​មាន​លេច​ឮ​ដំណឹង​ថា អាជ្ញាធរ​គ្រោង​នឹង​លែង​អនុញ្ញាត​ឲ្យ​មជ្ឈមណ្ឌល​នេះ ជួល​សម្រាប់​ការ​រៀបចំ​អាពាហ៍​ពិពាហ៍​ត​ទៅ​ទៀត​ហើយ ដោយ​តម្រូវ​ឲ្យ​មាន​ការ​សាង​ថ្មី​មជ្ឈ​មណ្ឌល​នេះ នៅ​តំបន់​ជាយ​ទីក្រុង​ថ្មី​មួយ​ទៀត គឺ​ស្ថិត​នៅ​តំបន់​ជ្រោយ​ចង្វារ ដែល​ជា​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC ដែរ។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ វត្តមាន​របស់​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​និង​ពិព័រណ៍ សែនសុខ នៅក្បែរ AEON 2 ដែល​ត្រៀម​នឹង​បើក​ដំណើរការ​​នេះ ក៏​នឹង​ក្លាយ​ជា​ចំណែក​មួយ​ជួយ​សម្រួល​ដល់​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​កណ្ដាល​ក្រុង​បាន​មួយ​ផ្នែក​ផង​ដែរ នៅ​ពេល​មាន​កម្មវិធី​ម្ដងៗ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋី ពុង ឃាវសែ បោះទុន ១៥០០​លានដុល្លារ សង់ព្រលានយន្តហោះខ្នាតយក្សនៅក្រុងតាខ្មៅ

ព័ត៌មាន
កម្ពុជានឹងមានព្រលានយន្តហោះទំហំ ២៦០០ ហិចតា នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាការវិនិយោគក្នុងទំហំទឹកប្រាក់ ១៥០០លានដុល្លារសហរដ្…

អ្នក​ជំនាញ៖ កម្ពុជា​នៅ​មាន​សមត្ថភាព​ខ្ចី​បុល​ពី​បរទេស​បាន​ច្រើន​ទៀត!

ព័ត៌មាន
របាយការណ៍​ថ្មី​ស្ដីអំពី​ថវិកា​ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ថា បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា នឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ