អ្នកជំនាញក្នុងវិស័យកាត់ដេរវាយតម្លៃថា វិស័យនេះនៅតែមានភាពរឹងមាំ និងដំណើរការជាធម្មតា បើទោះបី កន្លងមកបានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជា ការកាត់បន្ថយម៉ោងធ្វើការរបស់កម្មករ កម្មការិនី និងបញ្ហាព្យួរការងារដល់កម្មករ និយោជិតមួយចំនួន ក៏ពិតមែន។ លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ និងលោក អាត់ ធន់ ប្រធានសហជីពកម្មករកាត់ដេរ បានកត់សម្គាល់ឃើញថា ដ្បិតកន្លងមក វិស័យកាត់ដេរនៅកម្ពុជា បានរងផលប៉ះពាល់ដល់កម្មករ កម្មការិនី មួយចំនួន តែនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះឡើយ ហើយបច្ចុប្បន្ន បញ្ហានេះហាក់ប្រសើរឡើងវិញច្រើន។ ការអះអាងរបស់អ្នកជំនាញខាងលើបែបនេះ ដោយសារតែលោកមើលឃើញថា សន្ទុះនៃការដំណើរការរបស់រោងចក្រដែលបានផ្អាកបណ្ដោះអាសន្ន និងរោងចក្រដែលបានព្យួរការងារកម្មករ កម្មការិនី នាពេលកន្លងមក ភាគច្រើនសុទ្ធតែបានដំណើរការឡើងវិញជាធម្មតា។ ម្យ៉ាងវិញទៀត លោកបានកត់សម្គាល់ឃើញថា ចំណូលពីការនាំចេញក្នុងវិស័យកាត់ដេរ នៅត្រីមាសទី១ឆ្នាំ២០២៣នេះ ក៏មិនសូវធ្លាក់ចុះខ្លាំង ប៉ុន្មាននោះដែរ បើធៀបនឹងត្រីមាសទី១ឆ្នាំ២០២២។
បើតាមអ្នកជំនាញធ្លាប់បានអះអាងថា វិស័យកាត់ដេរនៅកម្ពុជាធ្លាក់ចុះ ក៏ដោយសារតែការបញ្ជាទិញពីទីផ្សារដូចជានៅអាមេរិក និងអឺរ៉ុបមានការធ្លាក់ចុះ ព្រោះតែបញ្ហាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីបន្ដអូសបន្លាយ គួបផ្សំនឹងបញ្ហាអតិផរណាកើនឡើងនៅតាមបណ្ដាប្រទេសនានា។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភ័ណ្ឌ សរុបប្រមាណ ២ពាន់លានដុល្លារ។ ក្នុងនោះ ចំណូលពីការនាំចេញផលិតផលសម្លៀកបំពាក់ មានជាង ១ពាន់៦រយលានដុល្លារអាមេរិក មានការថយចុះ ២៣% បើធៀបនឹងត្រីមាសទី១ឆ្នាំ២០២២។ ដោយឡែក ចំណូលពីការនាំចេញផលិតផលស្បែកជើង មានជង ៣២៣លានដុល្លារអាមេរិក បានថយចុះ ២៣%។ រីឯ ចំណូលពីការនាំចេញផលិតផលវាយនភ័ណ្ឌវិញ មានជាង ១រយលានដុល្លារ បានថយចុះ ២១% បើធៀបនឹងត្រីមាសទី១ឆ្នាំ២០២២។
ដោយឡែក តាមរបាយការណ៍គយបង្ហាញថា នៅរយៈពេល ៤ខែ ឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ជាង៧ពាន់លានដុល្លារ ពោលគឺបានធ្លាក់ចុះប្រមាណ ៥% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕