វិស័យផ្សារភាគហ៊ុននៅ​ឆ្នាំ២០១៩

ទីផ្សារមូលបត្រកម្ពុជា រក្សាបាននូវសញ្ញាវិជ្ជមានក្នុងឆ្នាំ២០១៩ តែអាចពុះកញ្ជ្រេលខ្លាំងក្នុងឆ្នាំ ២០២០


វិស័យមូលបត្រនៅកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០១៩ ទទួលបាននូវទំនុកចិត្ត និងការគាំទ្រពី សំណាក់វិនិយោគិនក្នុងស្រុក និងបរទេស ដោយក្នុងនោះ មាន ក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨ បានប្រមូលទុនពីផ្សារមូលបត្រសរុបជាង ១៦០លានដុល្លារអាមេរិក។
ទីផ្សារភាគហ៊ុនកម្ពុជា រំពឹងថា នឹងរក្សាសញ្ញាវិជ្ជមានក្នុងឆ្នាំ ២០២០

អ្វីដែលគេចាប់អារម្មណ៍​ខ្លាំងនោះ គឺ​តាមគម្រោង​ផែនការ នៅដើមឆ្នាំ២០២០ ធនាគារ​អេស៊ីលីដា នឹងក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជីបន្ទាប់ ហើយក៏ជា ធនាគារពាណិជ្ជទី ១ នៅកម្ពុជា ដែលលក់​ភាគហ៊ុន​ជាសាធារណៈ ​និងជាមេដែកឆក់​ដ៏សំខាន់​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា ផងដែរ។

​ឯកឧត្តម ហុង សុហួរ អគ្គនាយក​នៃក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៩ ​ផ្សារមូលបត្រកម្ពុជា សម្រេចបាននូវ ភាពរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ ទាំងសកម្មភាព​ជួញដូរ​មានកាន់តែច្រើន ចំនួនវិនិយោគិន ក៏បន្តកើន​ឡើង​ដល់ជាង​២ម៉ឺននាក់ ត្រឹមដំណាច់ឆ្នាំ ២០១៩ ជាពិសេសគឺ ទទួលបាន​ការចាប់អារម្មណ៍​កាន់តែច្រើន ពីសំណាក់​អ្នកវិនិយោគ ដែលមាន​បំណងចុះ​បញ្ជីនៅលើ ផ្សារមូលបត្រ​កម្ពុជា ហើយទំនោរ​វិជ្ជមាននេះ នឹងបន្ត​រហូតដល់​ឆ្នាំ ២០២០។

ឯកឧត្តម ហុង សុហួរ ពន្យល់​បន្ថែមថា វិស័យមូលបត្រ​កម្ពុជា ចាប់ដំណើរការ ក្នុងពេល​ដំណាលគ្នា​ជាមួយនឹង​ការរីកចម្រើន​នៃទីផ្សារ​អចលនទ្រព្យ ដែលនេះ​ក៏អាចចាត់ទុក​ថា ជាឧបសគ្គ​នៃការរីកលូតលាស់​របស់ផ្សារ​មូលបត្រ​កម្ពុជាដែរ។ ទោះយ៉ាងណា ក្នុងរយៈពេល ១ឆ្នាំចុង​ក្រោយនេះ លទ្ធផល​ចាប់ផ្តើម​ប្រសើរ​ឡើង​ជាបណ្តើរៗ ទាំងសកម្មភាព​នៅក្នុងទីផ្សារ និងការចាប់អារម្មណ៍​នៃសំណាក់​សាធារណជន​ជាអ្នកទិញ​លក់ភាគហ៊ុន ក៏ដូចជា​ក្រុមហ៊ុន​ចុះបញ្ជី មានការចាប់អារម្មណ៍​ជាងមុន។

លោក ហា ចុង វ៉ុន (HA Jong Weon) អគ្គនាយករងនៃ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា បានលើក​ឡើងដែរថា បើទោះបីជា​វិស័យមូលបត្រ​នៅកម្ពុជា មានសញ្ញាល្អក្នុងឆ្នាំ ២០១៩នេះក៏ដោយចុះ ក៏លោក​នៅតែរំពឹងថា នឹងទទួល​បានការគាំទ្រ​បន្ថែមពី សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការជួយ​ជំរុញ វិស័យឯកជន ដូចជា ធនាគារ មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន​ធានារ៉ាប់រង ព្រមទាំង​ជំរុញ ក្រុមហ៊ុនធំៗ កំពូលៗ ឈានមុខគេ នៅកម្ពុជា ឲ្យចូលរួមក្នុង ផ្សារមូលបត្រកម្ពុជា។

បើតាមទិន្នន័យ​ចុងក្រោយពី ក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា បានឲ្យដឹងថា ទំហំនៃការជួញ​ដូរ​គិតជាមធ្យម​ក្នុងឆ្នាំ ២០១៩ មានតម្លៃ​ទឹកប្រាក់រហូត ១៧ម៉ឺនដុល្លារ​ក្នុងមួយថ្ងៃ ធៀបនឹងឆ្នាំ​មុនទំហំ​ទឹកប្រាក់នៃ​ការជួញដូរ​ក្នុងមួយថ្ងៃ​បានត្រឹម​ប្រមាណ ២ម៉ឺនដុល្លារប៉ុណ្ណោះ។

តួអង្គដ៏សំខាន់​មួយទៀត ដែលគ្រោង​នឹងបង្ហាញ​ខ្លួននៅដើមឆ្នាំ ២០២០ ខាងមុខ គឺធនាគារអេស៊ីលីដា ដែលជាធនាគារ​ពាណិជ្ជទី ១​ នៅកម្ពុជា ដែលនឹង​ចុះបញ្ជី​នៅក្នុងផ្សារ​មូលបត្រ​កម្ពុជា ដើម្បីបោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ បន្ទាប់ពី​ធនាគារនេះ​ទទួលបាន​លិខិតអនុញ្ញាត​ពីធនាគារជាតិ នៃកម្ពុជា ដែលជា​អាណាព្យាបាល កាលពីថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា ការបោះផ្សាយមូលបត្រ​កម្មសិទ្ធិ​ជាលើកដំបូង របស់ធនាគារ​អេស៊ីលីដា គឺ ដើម្បី បង្កើន​ប្រភពទុន​ដ៏សម្បូរបែប និងគាំទ្រ​ការរីកចម្រើន​នាពេល​អនាគត តាមរយៈ​ទីផ្សារ​មូលធនកម្ពុជា។

ការសម្រេចចិត្ត ចូលក្នុងផ្សារ​មូលបត្រកម្ពុជា របស់ធនាគារ អេស៊ីលីដា នឹងជំរុញ​ឲ្យផ្សារមូលបត្រ​កម្ពុជា​កាន់តែមាន​ការទទួលស្គាល់ និងភាពជឿជាក់  ​ដែលវានឹង​ជំរុញឲ្យ​មានការជួញដូរ​កាន់តែខ្លាំងឡើងៗ។

ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា​បានបញ្ជាក់ដែរថា ផ្សារមូលបត្រកម្ពុជា ជាច្រកទ្វារថ្មីមួយ សម្រាប់ស្ថាប័ន​វិនិយោគមកពី វិស័យឯកជន ក្នុងការកៀរគរ​ប្រមូល​ទុនបន្ថែម សម្រាប់ប្រើប្រាស់​ក្នុងប្រតិបត្តិការ​របស់ពួកគេ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុង​សិក្សា​ពីលទ្ធភាព ក្នុងការជំរុញ​ស្ថាប័នរដ្ឋ ឲ្យបោះផ្សាយ​លក់មូលបត្រ​រដ្ឋ នាពេល​អនាគតថែម​ទៀតផង។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃគណៈកម្មការ​មូលបត្រកម្ពុជា បានមាន​ប្រសាសន៍​ដែរថា ទីផ្សារមូលបត្រ​កម្ពុជា មិនស្ងប់ស្ងាត់​ទៀតនោះទេ ចូរស្ថាប័ន​វិនិយោគ កុំបារម្ភខ្លាច មិនមានអ្នកទិញ នៅពេល​ដែលខ្លួនបោះផ្សាយ​លក់មូលបត្រនោះ ពីព្រោះមាន​អ្នកវិនិយោគច្រើន​ណាស់ ទន្ទឹងរង់ចាំមើល​ការបោះផ្សាយថ្មីៗទៀត។

សូមរម្លឹកបន្តិចដែរថា កាលពី ខែសីហា ឆ្នាំ ២០១៩កន្លងទៅ ធនាគារ ABA​ បានក្លាយ​ជាធនាគារពាណិជ្ជ​ទី ១ ដែលធ្វើការចុះបញ្ជី​លក់មូលបត្រ​បំណុល​ជាផ្លូវការ នៅលើផ្សារ​មូលបត្រ​កម្ពុជា ក្នុងទំហំទឹកប្រាក់​សរុបជាង ២១លានដុល្លារ​អាមេរិក និងបានក្លាយ​ជាស្ថាប័ន​ហិរញ្ញវត្ថុទី ៣ បោះផ្សាយ​លក់មូល​បត្របំណុល​នៅកម្ពុជា ហើយក៏​ជាក្រុមហ៊ុនចុះ​បញ្ជី​ចុងក្រោយគេ​បំផុតក្នុងឆ្នាំ ២០១៩​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះ​នៅពីក្រោយ​កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩នេះ ហើយមានព្យុះភ្លៀង​អ្វីខ្លះដែលត្រូវ​ឆ្លងកាត់?

ព័ត៌មាន
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថា មានសន្ទុះកំណើនខ្ពស់ជុំវិញ៧% ជាង២ទសវត្សរ៍មកហើយ។ តើក្នុងឆ្នាំ២០១៩នេះ សេដ្ឋកិច្ចរបស…

ភ្លើងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចយក្សអាមេរិក-ចិន ក្តៅងំ ស្ទើរពេញមួយឆ្នាំ ២០១៩

ព័ត៌មាន
សង្គ្រាមពាណិជ្ជកម្មរវាង មហាអំណាចចិន និងអាមេរិក ដែលជាសង្រ្គាមដ៏រ៉ាំរ៉ៃ អូសបន្លាយពេលអស់ជាច្រើនឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែក្នុងឆ្នាំ ២០១៩កន្លងទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ