អ្នកជំនាញមើលឃើញសញ្ញាល្អសម្រាប់វិស័យទេសចរណ៍

អ្នកជំនាញមើលឃើញសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ ក្រោយក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បង្កើនជើងហោះហើរអន្តរជាតិ


អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជា បានមើលឃើញពីសញ្ញាល្អឡើងវិញនៃទីផ្សារទេសចរណ៍អន្តរជាតិ ក៏ដូចជាកម្ពុជា នៅចំពេលដែលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បានបង្កើនជើងហោះហើរអន្តរជាតិរបស់ពួកគេកាន់តែច្រើនជាងមុន។ អ្នកជំនាញរំពឹងថា ប្រសិនបើប្រទេសចិន មានការបន្ធូរបន្ថយវិធានការកូវីដ១៩កាន់តែច្រើនបន្ថែមទៀតនោះ វិស័យទេសចរណ៍កម្ពុជានឹងកាន់តែឆាប់រើបខ្លួនឡើងវិញ ដ្បិតថា ភ្ញៀវទេសចរជនជាតិចិន គឺជាភ្ញៀវអាទិភាព និងមានទីផ្សារធំជាងគេសម្រាប់កម្ពុជា។
អ្នកជំនាញមើលឃើញសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ ក្រោយក្រុមហ៊ុនអាកាសចរណ៍ចិនធំៗ បង្កើនជើងហោះហើរអន្តរជាតិ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានគូសបញ្ជាក់ថា ភ្ញៀវទេសចរចិននៅតែជាភ្ញៀវទេសចរអទិភាព និងជាទីផ្សារដ៏ធំមួយរបស់ប្រទេសកម្ពុជា។ បើតាម លោក ធួន ស៊ីណាន បច្ចុប្បន្នកម្ពុជាហាក់មើលឃើញពន្លឺ និងមានក្តីសង្ឃឹមឡើងវិញជាបណ្តើរៗហើយៗជុំវិញការទទួលបានភ្ញៀវទេសចរជនជាតិចិន បន្ទាប់ពីមានដំណឹងថា ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិនបានបង្កើនជើងហោះហើររបស់ខ្លួនជាមួយអន្តរជាតិបន្ថែមទៀត។ ដោយលោក អះអាងថា ការចាប់ផ្តើមបង្កើនជើងហោះហើរថ្មីៗ របស់ក្រុមហ៊ុនអាកាសចរចិនទៅកាន់អន្តរជាតិ ជាការបើកទំព័រថ្មី និងជាក្តីសង្ឃឹមថ្មីមួយសម្រាប់កម្ពុជា, ហើយលោកមើលឃើញថា រដ្ឋាភិបាលចិនហាក់នឹងអាចសម្រេចបើកសេរីឡើងវិញក្នុងការហោះហើរចេញចូលអន្តរជាតិនាពេលឆាប់ៗខាងមុខនេះផងដែរ។ ករណីដែលប្រទេសចិនការរបើកជើងមេឃទូលំទូលាយឡើងវិញនោះ មិនត្រឹមតែវិស័យទេសចរណ៍ទេ ដែលទទួលបាននូវផលវិជ្ជមាន វិស័យដទៃទៀតក៏នឹងទទួលបានប្រយោជន៍ដូចគ្នាដែរ។

យោងតាមប្រភពព័ត៌មានពីសារព័ត៌មាន Bloomberg បានផ្សាយថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ចិនរួមមាន China Eastern, China Southern Airlines, Air China និង Hainan Airlines សុទ្ធតែបានប្រកាសអំពីការបង្កើនជើងហោះហើរទៅអន្តរជាតិចាប់ពីចុងខែតុលានេះតទៅ។

ដោយឡែក បើតាម ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា បច្ចុប្បន្នជើងហោះហើរទៅមកកម្ពុជាចិនហាក់នៅមិនទាន់មានអ្វីប្រែប្រួលនៅឡើយនោះទេ ពោលគឺ ការហោះហើរនៅមានចំនួន ១៥ជើងហោះពីកម្ពុជាទៅចិន និង១៥ជើងហោះពីចិនចូលមកកម្ពុជា ក្នុងរយៈពេលមួយសប្តាហ៍។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ទៀតថា បើទោះបីជា ក្រុមហ៊ុនអាកាសចរណ៍របស់ចិនបានបង្កើនជើងហោះហើរជាមួយអន្តរជាតិក៏ពិតមែន ប៉ុន្ដែភាគីចិននៅតែមានការរឹតបន្ដឹងលើការធ្វើដំណើរដដែល។

បើតាមក្រសួងទេសចរណ៍បានអះអាងថា នៅរយៈពេល៩ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១លាន២សែននាក់ និងរំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី១លាន៥សែននាក់ ទៅ២លាននាក់នៅពេញមួយឆ្នាំ២០២២៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យកសិកម្មកម្ពុជានៅតែជួបបញ្ហាប្រឈម ប្រសិនកសិករមិនផ្លាស់ប្ដូរទម្លាប់ផលិតដែលមិនស្របតាមទីផ្សារ

ព័ត៌មាន
នៅមួយទស្សវត្សន៍ចុងក្រោយនេះវិស័យកសិកម្មកម្ពុជា ហាក់មានការប្រែប្រួល និងរីកចម្រើនយ៉ាងឆាប់រហ័ស គួរឲ្យក់សម្គាល់ តាមរយៈការដាក់ចេញនូវគោលនយោបា…

ចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០កំពុងស្រពិចស្រពិល

ព័ត៌មាន
វិបត្តិជំងឺកូវិដ-១៩ និងវិបត្តិសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែនកំពុងបង្កើតជាភាពមិនច្បាស់លាស់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ