ទេសាភិបាលធនាគារកណ្ដាលអង់គ្លេស លោក Andrew Bailey កាលពីថ្ងៃទី៣១ ខែសីហា បានព្រមានថា កំណើនយ៉ាងលឿន នៃវិស័យ AI បានជំរុញឱ្យតម្លៃភាគហ៊ុនបច្ចេកវិទ្យាមួយចំនួនហក់ឡើងខ្ពស់ ខណៈវិនិយោគិន ក៏កំពុងខ្ចីប្រាក់កាន់តែច្រើនដើម្បីវិនិយោគ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ បញ្ហាកាន់តែគួរឱ្យបារម្ភ គឺប្រាក់វិនិយោគជាច្រើនកំពុងប្រមូលផ្តុំនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនតូច។ ប្រសិនបើវិស័យ AI ជួបការបរាជ័យធ្ងន់ធ្ងរ ហានិភ័យទាំងនេះអាចផ្គុំបញ្ចូលគ្នា និងធ្វើឱ្យការធ្លាក់ចុះ នៃទីផ្សារកាន់តែធ្ងន់ធ្ងររហូតអាចរាលដាលទៅសេដ្ឋកិច្ចពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះ បច្ចេកវិទ្យា AI ក៏កំពុងបង្កការព្រួយបារម្ភផ្នែកសន្តិសុខផងដែរ។ ប្រព័ន្ធ AI មួយចំនួនមានសមត្ថភាពអាចឆ្លងផុតប្រព័ន្ធការពារ ឬធ្វើពុតជាមនុស្សពិត ដើម្បីគេចពីការត្រួតពិនិត្យសុវត្ថិភាព។ ក្រុមហ៊ុនបច្ចេកវិទ្យាប្រមាណ១០០ រួមមាន Google, Microsoft, Anthropic និង OpenAI បានអំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័ននានាពង្រឹងការការពារតាមអ៊ីនធឺណិត មុនពេល AI កាន់តែមានសមត្ថភាពខ្លាំងឡើង។
លោក Andrew Bailey បានជំរុញឱ្យរដ្ឋាភិបាល និងនិយ័តករហិរញ្ញវត្ថុនានា បង្កើតវិធានការតឹងរ៉ឹងជាងមុនដើម្បីធានាថា AI ត្រូវបានអភិវឌ្ឍ និងប្រើប្រាស់ដោយសុវត្ថិភាព។ ការព្រមាននេះកើតឡើង ខណៈទីផ្សារពិភពលោកកំពុងប្រឈមនឹងសម្ពាធបន្ថែមពីការរំខានដល់ការផ្គត់ផ្គង់ថាមពល ដែលពាក់ព័ន្ធនឹងជម្លោះរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់៕
ដោយ: តែម សុខុម