ជាក់ស្ដែង នៅ៦ខែដំបូងនៅឆ្នាំនេះ កម្ពុជាបាននាំចេញស្វាយក្នុងចំនួនជាង១១ម៉ឺនតោន ថយចុះជាង២៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាបែបនេះក្ដី អ្នកជំនួញកសិកម្ម ក៏ដូចជាមន្ត្រីក្រសួងកសិកម្ម អះអាងា ទីផ្សារផ្លែស្វាយស្រស់ អាចនឹងប្រសើរឡើងវិញ នៅពេលដែលចិនចាប់ផ្ដើមបន្ធូរបន្ថយវិធានការកូវីដ១៩ ហើយកម្ពុជាក៏កំពុងជំរុញការនាំចេញដោយផ្ទាល់ ទៅកាន់ទីផ្សារចិន ដោយមិនចាំបាច់ត្រូវឆ្លងកាត់ប្រទេសវៀតណាមផងដែរ។
ទីផ្សារស្វាយស្រស់នៅឆ្នាំនេះ ហាក់មិនសូវល្អប្រសើរប៉ុន្មានទេ ដោយសារតែបញ្ហាការប្រែប្រួលអាកាសធាតុ ខណៈកន្លងមកកសិករដាំស្វាយ បានរអ៊ួរទាំអំពីតម្លៃស្វាយថោក និងមិនសូវមានអ្នកទិញនោះឡើយ។ ទោះយ៉ាងណា អ្នកជំនាញផ្នែកកសិកម្ម និងជាអ្នកជំនួញក្នុងការនាំចេញផ្លែស្រស់ បានបង្ហាញនូវក្ដីរំពឹងថា តម្លៃផ្លែស្វាយស្រស់ អាចនឹងប្រសើរឡើងវិញ នៅឆ្នាំក្រោយ បន្ទាប់ពីប្រទេសចិន អាចនឹងបន្ធូរបន្ថយវិធានការសេរ៉ូកូវីដ១៩ របស់ខ្លួនឡើងវិញ ក្រោយជំងឺកូវីដ១៩ នៅប្រទេសចិន បានធូរស្បើ បន្ថែមនឹងការចចាឲ្យមានការដឹកជញ្ជូនកសិផលដោយត្រង់រវវាងកម្ពុជា-ចិនផងដែរ។
លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា បានគូសបញ្ជាក់ថា អស់រយៈពេលជាង ២ឆ្នាំមកហើយ ដែលកម្ពុជា ជួបបញ្ហានៅក្នុងវិស័យកសិកម្ម ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូវីដ១៩ ពិសេសការធ្លាក់ចុះនៃតម្លៃផ្លែស្វាយស្រស់របស់កម្ពុជា ដែលនាំទៅប្រទេសចិន តែម្ដង ដ្បិតថា មានវិធានការការរឹតត្បិតលើការនាំចេញ និងតម្លៃដឹកជញ្ជូនក៏មានតម្លៃខ្ពស់ ហើយរហូតមកដល់ពេលនេះ បញ្ហាទីផ្សារផ្លែស្វាយស្រស់នៅតែជួបបញ្ហាដដែល។
បើតាមឧកញ៉ា ហ៊ុន ឡាក់ នៅឆ្នាំ២០២២នេះ ទាំងតម្លៃផ្លែស្វាយស្រស់ និងស្វាយកែច្នៃ សុទ្ធតែមានការធ្លាក់ចុះ ខណៈការនាំចេញផ្លែស្វាយស្រស់វិញ ក៏មានការថយចុះផងដែរ ដោយលោកបានអះអាងថា នៅឆមាសទី១ ក្នុងឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញស្វាយស្រស់ ក្នុងបរិមាណជាង១១ម៉ឺន៥ពាន់តោន បានធ្លាក់ចុះ ២៧% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា នៅរដូវប្រមូលផលខាងមុខ តម្លៃផ្លែស្វាយស្រស់អាចនឹងប្រសើរឡើង និងអាចមានតម្លៃ ១ពាន់រៀល ទៅ១ពាន់២រយរៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្វាយខៀវ និងតម្លៃ ៣ពាន់រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្វាយខ្ចប់។
ជុំវិញបញ្ហាទីផ្សារផ្លែស្វាយនេះដែរ ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីពេលថ្មីៗ បានបង្ហាញពីហេតុផលមួយចំនួន ដែលធ្វើឲ្យតម្លៃស្វាយចុះថោកមិនធ្លាប់មាន ពិសេសនៅដើមឆ្នាំ២០២២ តែម្ដង ដែលតម្លៃស្វាយស្រស់បានធ្លាក់ចុះរហូត ១៥០រៀល ក្នុងមួយគីឡូក្រាម។ បើតាមការបញ្ជាក់ពីឯកឧត្តម ងិន ឆាយ ការអនុវត្តគោលការណ៍គ្មានកូវីដ១៩ របស់រាជរដ្ឋាភិបាលចិន បានជិះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការនាំចេញផលិតផលកសិកម្មកម្ពុជា ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ ភាគីកម្ពុជា និងចិន បាននិងកំពុងពិភាក្សាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនដោយត្រង់ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាម។ ឯកឧត្តម ងិន ឆាយ ក៏បានសង្កត់ធ្ងន់ដែរថា តាមរយៈការពិភាក្សាជំរុញការបើកច្រកជាមួយភាគីចិន ជាដំណោះស្រាយដ៏សំខាន់មួយ ដែលជំរុញឲ្យការនាំចេញកសិផលកម្ពុជា ពិសេសចៀសវាងបញ្ហាកកស្ទះ ផងដែរ។
យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមចំពោះវិស័យកសិកម្មកម្ពុជា និងបានជំរុញឲ្យកសិករ ព្យាយាមកាត់បន្ថយថ្លៃដើមផលិត ទៅតាមលទ្ធភាពដែលអាចធ្វើឲ្យ ដូចជា ប្រើប្រាស់ជី និងថ្នាំ កសិកម្មបែបធម្មជាតិ ជំនួសឲ្យការប្រើប្រាស់ជីគីមី ជាដើម។
បើតាមឯកឧត្តម ងិន ឆាយ បច្ចុប្បន្ន កម្ពុជា អាចនាំផលិតផលកសិកម្មចំនួន ៣៥មុខហើយ ទៅកាន់ទីផ្សារចិន ខណៈមៀនប៉ៃលិន គឺជាផលិតផលថ្មីមួយមុខទៀត ដែលកម្ពុជាអាចនឹងនាំចេញទៅប្រទេសចិន ក្នុងពេលឆាប់ៗ ខាងមុខ ដែលជាកត្តាជំរុញឲ្យការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បន្តកើនឡើង៕