បារម្ភពីកង្វះការងារធ្វើសម្រាប់ពលរដ្ឋទើបចាកចេញពីថៃ

ពលរដ្ឋខ្មែរចាកចេញពីថៃកើនដល់ជាង៨០ម៉ឺននាក់ ខណៈអ្នកជំនាញបារម្ភពីកង្វះការងារធ្វើសម្រាប់ពលរដ្ឋទាំងនេះ


ចំនួនពលរដ្ឋខ្មែរចាកចេញពីប្រទេសថៃមកកាន់ស្រុកកំណើតវិញមានការកើនឡើងយ៉ាងគំហុកនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយគិតត្រឹមយប់ថ្ងៃទី៧ ខែសីហា មានពលរដ្ឋជាង៨៧ម៉ឺននាក់ហើយដែលបានចាកចេញ។ ការវិលត្រឡប់មកកាន់ស្រុកកំណើតវិញរបស់ពលរដ្ឋខ្មែរធ្វើការនៅថៃនេះ វាជាចំណុចវិជ្ជមានមួយសម្រាប់កម្ពុជា ដែលកំពុងខ្វះកម្លាំងពលកម្មសម្រាប់បម្រើការងារតាមវិស័យផ្សេងៗ តែវាក៏អាចផ្តល់ជាផលអវិជ្ជមានផងដែរ។
បារម្ភពីកង្វះការងារធ្វើសម្រាប់ពលរដ្ឋទើបចាកចេញពីថៃ
ដោយ

យ៉ាងណាមិញ អ្នកជំនាញ និងតាមដានស្ថានការណ៍សង្គមហាក់បារម្ភពីឱកាសការងារក្នុងស្រុកមិនអាចឆ្លើយតបនឹងចំនួនពលករខ្មែរ ដែលទើបចាកចេញពីប្រទេសថៃ។ ឆ្លើយតបនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានវាយតម្លៃថា ឱកាសការងារនៅកម្ពុជាទំនងជាអាចឆ្លើយតបនឹងតម្រូវការការងាររបស់ពលរដ្ឋខ្មែរទាំងនេះ។ តើកំណើននៃការវិលត្រឡប់របស់ពលរដ្ឋខ្មែរពីថៃយ៉ាងច្រើននេះ អាចជាបន្ទុក ឬជាសញ្ញាវិជ្ជមាន?

​លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូយល់ឃើញថា ក្រៅពីឱកាសការងារដែលមានស្រាប់ រាជរដ្ឋាភិបាលគួរជំរុញឱ្យមានការបង្កើតសិប្បកម្ម សហគ្រាស និងរោងចក្រឱ្យបានច្រើនបន្ថែមទៀត ដើម្បីអាចឆ្លើយតបនឹងកំណើនពលរដ្ឋខ្មែរ ដែលបានចាកចេញពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ។ អ្នកជំនាញរូបនេះជឿជាក់ថា ការសម្រុកចាកចេញពីប្រទេសថៃយ៉ាងគំហុករបស់ពលរដ្ឋខ្មែរនេះ មិនមែនប៉ះពាល់តែលើពលរដ្ឋទាំងនេះនោះទេ ថៃក៏នឹងរងផលប៉ះពាល់លើបញ្ហាកង្វះកម្លាំងពលកម្មសម្រាប់បម្រើផលិតកម្មរបស់ពួកគេផងដែរ។ លោក អំ សំអាត បានវាយតម្លៃថា ពលរដ្ឋមួយចំនួនក្នុងចំណោមពលរដ្ឋដែលបានចាកចេញពីប្រទេសថៃ ទំនងជាមិនមានលទ្ធភាពអាចបើកអាជីកម្មដោយខ្លួនឯងបាននោះទេ ដែលទាមទារឱ្យភាគីពាក់ព័ន្ធជួយបណ្ដុះបណ្ដាលផ្ដល់ជំនាញដល់ពួកគេបន្ថែមទៀត។

ជាមួយគ្នានេះលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានលើកឡើងថា គិតចាប់ពីថ្ងៃដែលមានជម្លោះជាមួយប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរបានវិលត្រឡប់មកស្រុកកំណើតវិញជាងកន្លះលាននាក់ ហើយក៏ជាតួរលេខមួយខ្ពស់ក្នុងប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ ដែលទំហំដ៏ច្រើននេះអាចជាបន្ទុកដ៏ធំសម្រាប់រដ្ឋាភិបាល និងពលរដ្ឋ ដែលអាចប្រឈមនឹងកង្វះខាតការងារធ្វើក្នុងស្រុក។ អ្នកជំនាញរូបនេះជឿជាក់ថា ក្នុងចំណោមពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃអាចនឹងមានពលរដ្ឋមួយចំនួនកំពុងប្រើប្រាស់ឥណទាននៅតាមគ្រឹះស្ថានធរគារ និងហិរញ្ញវត្ថុ ដូច្នេះលោកយល់ថា រាជរដ្ឋាភិបាល ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុគួរតែព្យួរការសងបំណុលរបស់ពួកគេក្នុងរយៈពេលណាមួយ ដើម្បីជួយសម្រាលបន្ទុករបស់ពួកគេក្នុងអំឡុងពេលពួកគេកំពុងស្វែងរកការងារធ្វើ។

ជាមួយគ្នានេះឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី៧ ខែសីហា មានប្រជាពលរដ្ឋខ្មែរប្រមាណ៨៧ម៉ឺននាក់បានចាកចេញពីថៃមកស្រុកកំណើតវិញ ដែលចំនួននេះសមស្របជាមួយឱកាសការងារនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ បើតាមការគូសបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ នៅឆាសទី១ឆ្នាំនេះមានឱកាសការងារជាង៣០ម៉ឺនកន្លែង បូករួមសហគ្រាសដែលទើបបង្កើតបន្ថែមទៀតមានរង្វង់៦០ម៉ឺនកន្លែងឯណោះ ដែលចំនួននេះនៅមិនទាន់បូករួមជាមួយ SME តូចៗ ដែលមិនទាន់បានចុះក្នុងបញ្ជីនោះទេ។

ដើម្បីជួយសម្រាលបន្ទុកបំណុលរបស់ពលរដ្ឋខ្មែរ ដែលទើបចាកចេញពីប្រទេសថៃ ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញ រួមទាំងផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀតតាមលទ្ធភាពជាក់ស្តែងដល់ពលករ ដែលទើបត្រឡប់មកពីប្រទេសថៃ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែររស់នៅ និងធ្វើការក្នុងប្រទេសថៃបានសម្រុកចាកចេញមកស្រុកកំណើតយ៉ាងគំហុកនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីពួកគេបានបើកប្រាក់ខែពីថៅកែថៃរួច ហើយខ្លះទៀតបានចាកចេញពីប្រទេសថៃទាំងមិនទាន់បើកប្រាក់ខែ ព្រោះបារម្ភពីសុវត្ថិភាព។ ទោះបីប្រាក់បៀវត្សរ៍នៅកម្ពុជាហាក់នៅទាបជាងប្រាក់បៀវត្សរ៍នៅថៃ ក៏ពិតមែន តែពលរដ្ឋទទួលបានការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃ សេវាគាំពារសង្គម ប្រាក់ចូលនិវត្តន៍ ក៏ដូចជាប្រាក់ឧបត្តមពីរដ្ឋាភិបាលនៅពេលកើតមានគ្រោះថ្នាក់អំឡុងបំពេញការងារ និងសេវាផ្សេងៗជាច្រើនទៀត៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ប្រធានក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ នៃធនាគារខេប៊ីប្រាសាក់ ចុះសួរសុខទុក្ខជនភៀសសឹក និងជួបសំណេះសំណាលជាមួយបុគ្គលិកនៅសាខាតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ ប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ខេប៊ីប្រាសាក់ ម.ក លោក Nam-Che KANG ដែលបានអញ្ជើញមកពីប្រទេសកូរ៉រ បានបំពេញទស្សនកិច្ចដោយផ្ទ…

ពន្ធ៥០%របស់អាម៉េរិក កំពុងជាន់កអ្នកផលិតសម្លៀកបំពាក់នៅឥណ្ឌា ខណៈអ្នកបញ្ជាទិញកំពុងសម្លឹងរកទីផ្សារផ្សេង

ការដំឡើងពន្ធរហូតដល់៥០%របស់លោក ដូណាល់ ត្រាំ លើការនាំចូលទំនិញរបស់ប្រទេសឥណ្ឌា បានប៉ះពាល់ជាខ្លាំងដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់នៅប្រទេសអាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ