ធុរកិច្ច-​ការ​បោះឆ្នោត

ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នេះ តើ​ស្ថានភាព​មុខ​ជំនួញ​នឹង​មាន​អ្វី​ប្រែប្រួល ក្ដៅ ឬ​ត្រជាក់?


ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ធ្វើ​ឲ្យ​ក្ដី​កង្វល់​របស់​អ្នក​រកស៊ី​ក្នុង​ស្រុក​មួយ​ចំនួន នៅតែ​មាន​ភាព​ស្រពិច​ស្រពិល ដោយ​​​ចេះ​តែ​ខ្លាច​នេះ ខ្លាច​នោះ ជុំវិញ​ការ​បោះឆ្នោត​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា។
រូបភាព​ឯកសារ​នៃ​ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ នាពេល​កន្លងមក។
ដោយ

យ៉ាង​ណា​ក៏​ដោយ​ចុះ អ្នក​ជំនួញ​និង​អ្នក​វិនិយោគ​ធំៗ​ក្នុង​ស្រុក​មួយ​ចំនួន បាន​អះអាង​ថា នៅក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ស្ថានភាព​និង​ដំណើរការ​សកម្មភាព​មុខ​ជំនួញ​របស់​ពួកគេ នៅតែ​ដំណើរការ​ដោយ​មិន​មាន​ការ​ភ័យ​ព្រួយ​នោះ​ឡើយ ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីក​លូត​លាស់។

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group បាន​​លើក​ឡើង​ថា សម្រាប់​កម្ពុជា ការបោះឆោ្នត​ជាតិ​នេះ​គឺ​មិនមែន​ជា​លើក​ទី១​នោះ​ទេ ដូច្នេះ កម្ពុជា​មាន​ភាព​ចាស់ទុំ​នៅ​ក្នុង​ការ​បោះឆោ្នត តាមរយៈ​បទ​ពិសោធន៍​នា​ពេល​កន្លង​មក។ មិន​តែ​ប៉ុណ្ណោះ តាមរយៈ​សុខ​សន្ដិភាព​នា​ពេល​បច្ចុប្បន្ន លោកឧកញ៉ា​យល់​ឃើញ​យ៉ាង​ច្បាស់​ថា ការ​បោះឆ្នោត​សកល​លើក​ក្រោយ​នេះ ក៏​មិន​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​ធំ​ដុំ​ដល់​វិស័យ​ជំនួញ​នៅ​កម្ពុជា​ដែរ។ 

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​អះអាង​ថា តួយ៉ាង ដូចជា កាល​ពី​ការ​បោះឆ្នោត​ជាតិ​អាណតិ្ត​មុនៗ កម្ពុជា​នៅ​តែ​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ដដែល ខណៈ​វិនិយោគិន​បរទេស​នៅ​តែ​បាន​បន្ត​ហូរ​ចូល​មក​បណ្ដាក់​ទុន​រកស៊ី​កាន់​តែ​ច្រើន​ឡើងៗ​នៅ​កម្ពុជា។

លោក​ឧកញ៉ា​បន្ថែម​ថា ក្នុងនាម​ជា​វិនិយោគិន​ក្នុង​ស្រុក​មួយ​រូប លោក​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស និង ជាពិសេស ការ​ផ្ដល់​ឱកាស​និង​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគិន។

ដោយឡែក​លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​នៅតែ​ជា​ទិសដៅ​សម្រាប់​វិនិយោគិន​ក្នុង​ការ​ចូល​មក​បណ្ដាក់​ទុន​វិនិយោគ ហើយ​នៅ​ឆ្នាំ​ក្រោយ​នេះ លោក​ជឿ​​ថា កំណើន​​សេដ្ឋកិច្ច​​របស់​​កម្ពុជា​​នៅតែ​រក្សា​បាន​កំណើន​រឹងមាំ ដែល​ជា​អំណោយ​ផល​ដល់​វិស័យ​សំខាន់ៗ​ជាច្រើន មិនត្រឹមតែ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នោះ​ទេ។

លោក​បណ្ឌិត អ៊ិន ចាន់នី បាន​បន្ថែម​ថា វិនិយោគិន​ភាគច្រើន មុននឹង​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​មួយ គេ​សម្លឹង​មើល​កត្តា​បី​នៅ​ក្នុង​ប្រទេស​នោះ គឺ​កត្តា​ស្ថានភាព​សេដ្ឋកិច្ច នយោបាយ​​ និង​សង្គម ហើយ​លោក​អះអាង​ថា កម្ពុជា​គឺ​មាន​ចំណុច​ទាំង​បី​នេះ ដែល​ផ្ដល់​នូវ​ទំនុក​ចិត្ត​សម្រាប់​សហគ្រិន។ ចំពោះ​ការ​បោះឆ្នោត​វិញ កម្ពុជា​ធ្លាប់​ឆ្លងកាត់​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែរ ប៉ុន្ដែ កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​ស្ថានភាព​ល្អ​ប្រសើរ។

លោក កាតូ ន័ររីហីកូ (Kato Norihiko) ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ស្ថាបនា ដែល​ទើប​តែ​ចំណាយ​ទុន​ប្រមាណ ២​លាន​ដុល្លារ អភិវឌ្ឍ​នូវ​ឡូហ្គូ​ថ្មី​សម្រាប់​ធនាគារ​របស់​ខ្លួន​នោះ បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​បាន​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​រង្វង់ ៧% អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា។

លោក កាតូ ជឿជាក់ថា នៅឆ្នាំ២០១៨ -២០១៩ ខាងមុខនេះ កម្ពុជានៅតែរក្សាបានកំណើនបានល្អប្រមាណ៦.៨% ឬ៦.៩%។ ក្នុងនោះ  កំណើននៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅអាចរក្សាបានកំណើនរបស់ខ្លួន ហើយ​ឆ្នាំ​២០១៨​នេះ ក៏​មិនមែន​ជា​ក្ដី​កង្វល់​ធំ​ដែល​ត្រូវ​ព្រួយ​បារម្ភ​ខ្លាំង​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត បើ​ពិនិត្យ​ទៅ​មើល​កាល​ពី​ពេល​បោះឆ្នោត​មុនៗ គឺ​មិន​មាន​ឃើញ​បញ្ហា​អ្វី​ចោទ​ឡើង​ជា​ដុំ​កំភួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា​នោះ​ដែរ។

លោក​បន្ថែម​ថា ធនាគារ​ជា​ច្រើន​បាន​និង​កំពុង​ត្រៀម​ខ្លួន​ខ្លះៗ​ហើយ ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​ឲ្យ​បាន​នូវ​កំណើន និង​បន្ត​ពង្រីក​សក្ដានុពល​របស់​ខ្លួន។ លោក កាតូ បាន​គូស​បញ្ជាក់​ដែរ​ថា នៅ​ឆ្នាំ​២០១៨​នេះ ក៏​ជា​ឱកាស​មួយ​ដែល​ស្ថាប័ន​ធនាគារ​អាច​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ និង​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​ទៅ​កាន់​អតិថិជន​ផងដែរ។

សូម​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ចុង​ខែ​តុលា ឆ្នាំ​នេះ ការ​ផ្ដល់​ប្រាក់​កម្ចី​របស់​ធនាគារ​ស្ថាបនា​មាន​ប្រមាណ ៧៥០​លាន​ដុល្លារ ខណៈ​ដែល​ប្រាក់​បញ្ញើ​មាន​ប្រមាណ ​៦៤០​​លាន​​ដុល្លារ។ 

លោក គីម ហ៊ាង ប្រធាន​​សមាគម​​អ្នក​​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​សហស្ថាបនិក គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ខ្មែរ ឃែភីថល ដែល​បាន​បោះទុន​លាន​​ដុល្លារ និង​ជា​សមាជិក​ថ្មី​នៃ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​មាន​ភាព​ជឿជាក់​ចំពោះ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដោយ​គិត​ថា ឱកាស​នៅ​មាន​ច្រើន បើ​ទោះបី​ជា​មាន​ការ​ប្រកួត​ប្រជែង​និង​ការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​របស់​រដ្ឋាភិបាល​មិន​ឲ្យ​លើស​ពី​១៨​ភាគ​រយ ក៏​ដោយ។ ដោយ​ឡែក ចំពោះ​ការ​បោះឆោ្នត​នា​ពេល​ខាង​មុខ​នេះ លោក​ជឿជាក់​ថា កម្ពុជា​នៅ​តែ​មាន​ស្ថានការណ៍​ល្អ​សម្រាប់​អ្នក​ប្រកប​របរ​រក​ទទួល​ទាន។

តាម​ការ​ព្យាករ​ពី​ធនាគារ​ពិភព​លោក បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៧​នេះ អាច​នឹង​មាន​កំណើន​ប្រមាណ​៦,៨% ធៀប​នឹង​ឆ្នាំ​២០១៦ មាន​កំណើន ៧%។ ដោយឡែក នៅ​ឆ្នាំ​២០១៨ ធនាគារ​នេះ បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន ៦,៩%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូនស្រី​ប្រធានាធិបតី​អាមេរិក​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ បើក​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក​លើក​ទី៨

ព័ត៌មាន
នេះ​ជា​លើក​ទីមួយ​ហើយ ដែល​កិច្ច​ប្រជុំកំពូល​សហគ្រិន​ភាព​ពិភព​លោក (Global Entrepreneurship Summit) ប្រារព្ធ​ធ្វើ​នៅ​តំបន់​អាស៊ី​ខាង​…

លំនៅដ្ឋាន​​បែប​រមណីយដ្ឋាន​ប្រណីត The Palms បើក​លក់​ដើម​ខែ​ធ្នូ ២០១៧​នេះ

ព័ត៌មាន
នៅ​ទី​បំផុត គម្រោង​លំនៅដ្ឋាន​បែប​រមណីយ​ដ្ឋាន​ដ៏​ប្រណីត The Palms ប្រកាស​លក់​ជា​ផ្លូវការ​ហើយ នៅ​ដើម​ខែ​ធ្នូ ខាង​មុខ​នេះ ជាមួយ​នឹង​តម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ