
អ្នកជំនាញក្នុងវិស័យកសិកម្មជឿជាក់ថា តាមរយៈគម្រោងនាំចេញនេះវានឹងជួយលើកកម្ពស់តម្លៃ និងទីផ្សារផ្លែស្វាយ និងទុរេនក្នុងស្រុកឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត តែអ្នកជំនាញហាក់បារម្ភពីកង្វះកម្លាំងពលកម្មជំនាញក្នុងការវេចខ្ជប់ និងកែច្នៃក្នុងស្រុក ដែលនៅមានកម្រិតនៅឡើយ។
អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជាអ្នកជំនួញក្នុងវិស័យកសិកម្មម្នាក់នៅកម្ពុជា យល់ឃើញថា កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីនាំចេញផ្លែស្វាយស្ងួត និងទុរេនស្ងួតកម្ពុជា ទៅកាន់ប្រទេសចិន ជារឿងមួយដ៏ល្អ និងអាចទៅរួច ដោយសារផ្លែស្វាយតែងតែជួបបញ្ហាខ្វះទីផ្សាររៀងរាល់រដូវប្រមូល។ តែយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ការកែច្នៃ និងការវេចខ្ចប់ផ្លែស្វាយសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ គឺទាមទារកម្លាំងពលកម្មច្រើន។
ជាមួយគ្នានេះ លោក វណ្ណ ឬទ្ធី នាយកប្រតិបត្តិនាំចេញកសិផលនៃក្រុមហ៊ុនអង្គរហ្រ្គីន យល់ឃើញថា តាមរយៈកិច្ចព្រមព្រៀងនាំចេញផ្លែស្វាយស្ងួត និងទុរេនស្ងួតរបស់កម្ពុជា ទៅទីផ្សារប្រទេសចិននេះ ជារឿងល្អប្រសើរ ដែលអាចជួយឱ្យផ្លែស្វាយកម្ពុជា មានទីផ្សារល្អជាងមុន។ ជាមួយគ្នានេះ ផែនការនាំចេញនេះ ក៏នឹងជួយលើកកម្ពស់ទីផ្សារទុរេន និងផលិតកម្មផ្លែទុរេនរបស់កម្ពុជា ដែលកសិករក៏កំពុងបង្កើនការដាំដុះ ដែលអាចប្រឈមនឹងការផលិតលើសតម្រូវការក្នុងស្រុកនាពេលខាងមុខផងដែរ។
ជាមួយគ្នានេះ ឧកញ៉ា ចាន់ ស៊ីថា អ្នកដាំទុរេនម្នាក់នៅខេត្តកំពត ចាត់ទុកការចុះកិច្ចព្រមព្រៀងប្រមូលទិញស្វាយ និងទុរេនពីសំណាក់ប្រទេសចិននេះ វាជារឿងល្អមួយសម្រាប់កសិផលកម្ពុជា ដ្បិតវាជួយផ្តល់ទីផ្សារជាក់លាក់មួយសម្រាប់កសិករ។ ទន្ទឹមនឹងនេះ ឧកញ៉ា ចាន់ ស៊ីថា ស្នើឱ្យស្ថាប័នពាក់ព័ន្ធគួរតែបង្ហាញពីព័ត៌មានឱ្យបានច្បាស់លាស់ពីលក្ខខណ្ឌក្នុងការនាំចេញស្វាយស្ងួត និងទុរេនស្ងួតរបស់កម្ពុជាទៅចិន ដើម្បីឱ្យកសិករអាចត្រៀមលក្ខណៈ និងដាំតាមស្ដង់ដាតម្រូវ។
លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា សហគ្រាសអាហារក្វាងស៊ី នៅប្រទេសចិន និងសហគ្រាសអាហារនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីនាំចេញផ្លែស្វាយស្ងួតកម្ពុជា ចំនួន២ម៉ឺនតោន ចន្លោះពីឆ្នាំ២០២៥-២០២៧ និងទុរេនស្ងួតកម្ពុជា ចំនួន១.៥ម៉ឺនតោន សម្រាប់ឆ្នាំ២០២៥-២០២៦ ទៅកាន់ប្រទេសចិន ដែលមានទំហំទឹកប្រាក់ប្រមាណ២២៤លានដុល្លារ ដែលនេះបានបង្ហាញពីវឌ្ឍនភាពថ្មីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជា។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៥ ទំហំនាំចូល និងនាំចេញសរុបរវាងខេត្តក្វាងស៊ី និងកម្ពុជា បានឈានដល់ជាង៣០២លានដុល្លារអាម៉េរិក កើនឡើងប្រមាណ៧,៩% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលភាគច្រើនបានរួមចំណែកដោយផលិតផលកសិកម្ម៕