សម្បុកត្រចៀកកាំ​​

តើ​មានកត្តារាំងស្ទះអ្វីខ្លះបានជាកម្ពុជា មិនទាន់អាចនាំចេញសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិនបាន?


មកទល់ពេលនេះ សម្បុកត្រចៀកកាំរបស់កម្ពុជា នៅពុំទាន់អាចនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន​ ដោយផ្ទាល់បាននៅឡើយទេ បើទោះបីជាអាជ្ញាធរចិន បានបើកភ្លើងខៀវឱ្យអនុវត្តនីតិវិធីអស់រយៈពេលជាច្រើនខែកន្លងមកនេះក៏ដោយ។ ប្រធានសមាគមត្រចៀកកាំខ្មែរបានអះអាងថា បច្ចុប្បន្នម្ចាស់អាជីវកម្មកំពុងស្ថិតក្នុងដំណាក់កាលបំពេញតាមលក្ខខណ្ឌតម្រូវដ៏តឹងរ៉ឹងរបស់គយចិន ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថា ការនាំចេញជាផ្លូវការនឹងត្រូវធ្វើឡើងនៅពេលណានោះទេ។
សម្បុកត្រចៀកកាំ​​
ដោយ

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានឱ្យដឹងថា មកទល់ពេលនេះ គេនៅពុំទាន់អាចនាំចេញសម្បុកត្រចៀកកាំទៅទីផ្សារចិន ដោយផ្ទាល់បាននៅឡើយទេ ដោយបច្ចុប្បន្នអ្នកអភិរក្សសត្វត្រចៀកកាំ កំពុងបំពេញតាមលក្ខខណ្ឌតម្រូវដ៏តឹងរ៉ឹងរបស់គយចិន។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងការនាំចេញសម្បុកត្រចៀកកាំ កំពុងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើយ៉ាងណាពន្លឿនក្នុងការនាំចេញឱ្យបានឆាប់។
ដោយឡែ កលោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសម្បុកត្រចៀកកាំកម្ពុជា បានគូសបញ្ជាក់ថា មកដល់ពេលនេះ ម្ចាស់អាជីវកម្មសម្បុកត្រចៀកកាំ កំពុងបំពេញនីតិវិធីតាមគោលការណ៍របស់អាជ្ញាធរចិន និងមិនទាន់ទទួលបានសញ្ញាថានឹងអាចនាំចេញសម្បុកត្រចៀកកាំ ទៅកាន់ទីផ្សារចិនបាននៅពេលណានៅឡើយទេ។ តែយ៉ាងណាលោកស្រី រំពឹងថា សំបុកត្រចៀកកាំរបស់កម្ពុជានឹងអាចនាំចេញបាននាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា សម្បុកត្រចៀកកាំរបស់កម្ពុជា ត្រូវបានអគ្គនាយកដ្ឋានគយចិន អនុញ្ញាតឱ្យចេញទៅកាន់ទីផ្សារចិន ជាផ្លូវការ កាលពីថ្ងៃអំឡុងខែឧសភា ឆ្នាំ២០២៥ តែទាមទារឱ្យមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើប្រភពផ្ទះត្រចៀកកាំ រោងចក្រកែច្នៃ និងសុវត្ថិភាពចំណីអាហារ។ អ្នកជំនាញជឿជាក់ថា នៅពេលដែលរបាំងបច្ចេកទេសនេះត្រូវបានដោះស្រាយ វានឹងជួយពង្រីកទីផ្សារសំបុកត្រចៀកកាំរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយ បង្កើតការងារ និងនាំមកនូវតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកាន់តែខ្ពស់សម្រាប់កសិករ និងសហគ្រិនក្នុងស្រុក៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកជំនាញ​យល់ថា កម្ពុជា ល្មមដល់ពេលបង្កើតពូជទុរេនផ្ទាល់ខ្លួន ដើម្បីវាយលុកទីផ្សារអន្តរជាតិហើយ

បច្ចុប្បន្នពូជទុរេន ដែលកសិករកម្ពុជា និយមដាំដុះ និងមានការគាំទ្រខ្លាំងលើទីផ្សាររួមមានពូជម៉ាន់ថង, ម៉ូសាងឃីង និងរី៦ជាដើម សុទ្ធសឹងមានប្រភព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ