ប៉ុន្តែនៅថ្ងៃដដែលនោះរបាយការណ៍ស៊ើបការណ៍សម្ងាត់ជាច្រើនបានទម្លាយថា មេដឹកនាំអាម៉េរិករូបនេះបែរជាបានបញ្ជូនកញ្ចប់សំណើសន្តិភាពដ៏តឹងរ៉ឹងបំផុតមួយត្រឡប់ទៅឱ្យក្រុងតេអេរ៉ង់វិញ ដែលសកម្មភាពនេះ អាចនឹងរុញច្រានឱ្យការបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញ ត្រូវជួបភាពយឺតយ៉ាវ និងកាន់តែស្មុគស្មាញ។
សារព័ត៌មាន The Edge Malaysia បានរាយការណ៍នៅថ្ងៃទី៣១ ខែឧសភា ថា ការកែសម្រួល ឬលក្ខខណ្ឌបន្ថែមណាមួយនៅក្នុងសំណើថ្មីរបស់លោក ដូណាល់ ត្រាំ អាចនឹងក្លាយជារនាំងធ្វើឱ្យកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាផ្លូវការនៅក្នុងតំបន់មជ្ឈិមបូព៌ា និងការបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញ ត្រូវអូសបន្លាយពេលយូរជាងមុន។ នេះគឺជាភាពរកាំរកូសថ្មី បើទោះបីជាភាគីទាំងពីរបានខិតខំប្រឹងប្រែងចរចាអស់ជាច្រើនសប្តាហ៍ ដើម្បីឈានទៅរកចំណុចរួមមួយក្នុងស្ថានភាព ដែលមានការវាយប្រហារពាក្យសម្តីខ្លាំងៗ និងការប៉ះទង្គិចគ្នានៅសមរភូមិជាក់ស្តែងម្តងម្កាលក៏ដោយ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិក The New York Times និង Axios ក៏បានទម្លាយដែរថា កាលពីថ្ងៃទី៣០ ខែឧសភា លោក ត្រាំ បានផ្ញើក្របខណ្ឌកិច្ចព្រមព្រៀងថ្មីសន្លាងមួយទៅឱ្យអ៊ីរ៉ង់ពិនិត្យដែលមានបង្កប់ដោយលក្ខខណ្ឌគំនាបដ៏តឹងរ៉ឹងបំផុត បើទោះបីជាខ្លឹមសារលម្អិតផ្ទៃក្នុងមិនទាន់ត្រូវបានទម្លាយជាសាធារណៈភ្លាមៗក៏ដោយ។
នៅក្នុងបទសម្ភាសផ្តាច់មុខមួយជាមួយ Fox News លោក ត្រាំ បានសង្កត់ធ្ងន់ពីអាទិភាពចម្បងរបស់អាម៉េរិកថា រឿងតែមួយគត់ដែលលោកចង់បានការធានាពីអ៊ីរ៉ង់ គឺការគ្មានអាវុធនុយក្លេអ៊ែ។ បើពួកគេបានយល់ព្រមលើរឿងនេះហើយ វាពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ លោកបន្ថែមថា អាទិភាពខ្ពស់បំផុតក្នុងកិច្ចព្រមព្រៀង គឺការបញ្ឈប់កម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញជាដាច់ខាត។
ទោះជាយ៉ាងណានេះមិនមែនជាលើកទីមួយទេ ដែលលោក ត្រាំ ចេញមុខមកអះអាងបែបនេះ។ កន្លងមក ទីក្រុងតេអេរ៉ង់ ធ្លាប់បានបង្ហាញការមិនជឿជាក់ និងដាក់ការសង្ស័យយ៉ាងខ្លាំងលើសម្តីរបស់លោក ត្រាំ។ ជញ្ជាំងការទូតរវាងប្រទេសទាំងពីរហាក់ដូចជាខុសគ្នាស្រឡះ ដោយភាគីអ៊ីរ៉ង់ បានដាក់លក្ខខណ្ឌបកទៅវិញថា អាម៉េរិក ត្រូវតែដោះលែងទ្រព្យសម្បត្តិ ដែលត្រូវបានបង្កកជាមុនសិន ទើបការចរចាផ្លូវការលើកម្មវិធីនុយក្លេអ៊ែ អាចចាប់ផ្តើមបាន។ លើសពីនេះ អ៊ីរ៉ង់ បានទាត់ចោលការលើកឡើងមុនៗរបស់លោក ត្រាំ ដែលថា សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់នឹងត្រូវបានបំផ្លាញចោល ដោយហៅការអះអាងនោះថា គ្មានការពិតទាល់តែសោះ។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយអន្តរជាតិ ក៏បង្ហាញជំហរមិនសូវមានជំនឿចិត្តលើការប្រកាសរបស់មេដឹកនាំអាម៉េរិករូបនេះដែរ។ អ្នកជំនាញ កត់សម្គាល់ថា កាលពីពេលថ្មីៗកន្លងទៅ លោក ត្រាំ និងមន្ត្រីជាន់ខ្ពស់អាម៉េរិក ធ្លាប់បានអះអាងម្តងរួចមកហើយថា ពួកគេជិតសម្រេចបានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយទៅហើយ ប៉ុន្តែនៅក្នុងបទសម្ភាសចុងក្រោយជាមួយ Fox News លោក ត្រាំ បែរជាបង្ហាញឥរិយាបថបន្ថយល្បឿនលែងសូវប្រញាប់ប្រញាល់ ហើយថែមទាំងបានបង្ហើបពាក្យសម្តីព្រមានពីការប្រើប្រាស់ប្រតិបត្តិការយោធាឡើងវិញ ប្រសិនបើកិច្ចចរចាត្រូវបរាជ័យនោះ៕
អត្ថបទៈ សួន ឡង់