​​វិស័យ​កសិកម្ម

អ្នកជំនាញ​យល់ថា កម្ពុជា ល្មមដល់ពេលបង្កើតពូជទុរេនផ្ទាល់ខ្លួន ដើម្បីវាយលុកទីផ្សារអន្តរជាតិហើយ


បច្ចុប្បន្នពូជទុរេន ដែលកសិករកម្ពុជា និយមដាំដុះ និងមានការគាំទ្រខ្លាំងលើទីផ្សាររួមមានពូជម៉ាន់ថង, ម៉ូសាងឃីង និងរី៦ជាដើម សុទ្ធសឹងមានប្រភពមកពីប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។ ទន្ទឹមនឹងនេះ កម្ពុជា នៅមិនទាន់មានពូជទុរេនផ្ទាល់ខ្លួនណាមួយ ដែលមានឈ្មោះបោះសំឡេងទូលំទូលាយនៅឡើយទេ។
​​វិស័យ​កសិកម្ម
ដោយ

អ្នកជំនាញយល់ឃើញថា ការផលិតពូជទុរេនសម្គាល់អត្តសញ្ញាណជាតិ មិនត្រឹមតែជួយកាត់បន្ថយការនាំចូលពូជពីក្រៅស្រុកប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាអាវុធយុទ្ធសាស្ត្រក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង ពិសេសបន្ទាប់ពីទីផ្សារប្រទេសចិន បានបើកភ្លើងខៀវសម្រាប់ទុរេនកម្ពុជា។

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន យល់ឃើញថា ស្របពេលទុរេនកម្ពុជា ទទួលបានភ្លើងខៀវឱ្យនាំចេញទៅទីផ្សារចិន កម្ពុជា គួរតែផលិតពូជទុរេនមួយសម្គាល់អត្តសញ្ញាណជាតិ ឱ្យច្បាស់លាស់ ដើម្បីជំនួសឱ្យទុរេនមានប្រភពមកពីក្រៅប្រទេសដូចជាថៃ និងវៀតណាមជាដើម។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ស្របពេលកសិករកំពុងប្រមូលផលទុរេនជាបណ្ដើរៗមន្រ្តីអនុវត្តច្បាប់នៅតាមព្រំដែនមិនគួរបើកឱ្យទុរេនពីក្រៅហូរចូលមកទីផ្សារកម្ពុជា នោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់អ្នកដាំទុរេនក្នុងស្រុក ដែលកំពុងជួបបញ្ហាថ្លៃដើមផលិតហក់ឡើងខ្ពស់។
មិនខុសគ្នានោះទេ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន បានគូសបញ្ជាក់ថា លោករួមទាំងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម ចង់ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតពូជទុរេនមួយផ្ទាល់ខ្លួន ដើម្បីជំនួសឱ្យពូជទុរេនមានប្រភពមកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ ស្របពេលទុរេនកម្ពុជា កំពុងមានទីផ្សារល្អនៅក្រៅប្រទេស ជាពិសេសប្រទេសចិន តែម្តង។ បើតាមអ្នកជំនាញរូបនេះ នៅពេលដែលកម្ពុជា មានពូជទុរេនតំណាងឱ្យប្រទេសមួយច្បាស់លាស់ និងដាំផ្ដល់នូវទិន្នផលល្អ នោះពលរដ្ឋនឹងនាំគ្នាងាកទៅដាំដុះច្រើន ដែលអាចជួយបង្កើនសេដ្ឋកិច្ចបន្ថែមទៀត។ លោករំពឹងថា នៅឆ្នាំនេះកម្ពុជានឹងអាចនាំចេញទុរេនទៅទីផ្សារចិនបានច្រើនជាងឆ្នាំមុន ហើយទីផ្សារទុរេនក្នុងស្រុកនៅឆ្នាំនេះនឹងមានទីផ្សារល្អជាងឆ្នាំមុនផងដែរ។
គួររំលឹកថា ក្រសួងកសិកម្ម រុក្សាប្រម៉ាញ់ និងនេសាទ កាលពីពេលកន្លងទៅ ធ្លាប់បានដាក់ចេញនូវគោលនយោបាយរៀបចំផែនការបង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេនផ្ទាល់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបង្កើនសក្តានុពលកសិកម្មកម្ពុជា។ ទោះជាយ៉ាងណារហូតមកទល់ពេលនេះ កម្ពុជា នៅតែបន្តពឹងផ្អែកលើពូជទុរេនពីបរទេស ដែលជាបញ្ហាប្រឈមមួយសម្រាប់ថ្ងៃអនាគត ប្រសិនបើកម្ពុជា ចង់កសាងម៉ាកយីហោទុរេនខ្មែរលើឆាកអន្តរជាតិ ឱ្យបានរឹងមាំ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


សម្ពាធពីវិបត្តិសកល បង្ខំឱ្យរាជរដ្ឋាភិបាល បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី៥% មកនៅត្រឹម៤,២%

ឥទ្ធិពលនៃភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល រួមជាមួយវិបត្តិភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ដែលរុញច្រានតម្លៃថាមពលឱ្យហក់ឡើងខ្ពស់បានក្លាយជាសម្ពា…

តើ​មានកត្តារាំងស្ទះអ្វីខ្លះបានជាកម្ពុជា មិនទាន់អាចនាំចេញសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិនបាន?

មកទល់ពេលនេះ សម្បុកត្រចៀកកាំរបស់កម្ពុជា នៅពុំទាន់អាចនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន​ ដោយផ្ទាល់បាននៅឡើយទេ បើទោះបីជាអាជ្ញាធរចិន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ