បន្ទះសូឡា

ការនាំចេញបន្ទះសូឡារបស់កម្ពុជា ទៅអាម៉េរិក មានពន្លឺឡើងវិញ ក្រោយដាំក្បាលចុះអស់ជាច្រើនខែ តើមានកត្តាជំរុញអ្វីខ្លះ?


ឧស្សាហកម្មផលិតបន្ទះសូឡានៅកម្ពុជា កំពុងបង្ហាញសញ្ញា នៃការរស់ឡើងវិញ បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលដាំក្បាលចុះយ៉ាងគំហុកកាលពីឆ្នាំមុន ដោយសារសម្ពាធនៃរបាំងពន្ធនាំចូល។ យោងតាមរបាយការណ៍ចុងក្រោយពីក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ ការនាំចេញបន្ទះសូឡារបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានកំណើនរហូតដល់ជាង ៧៤ភាគរយ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទីផ្សារសហរដ្ឋអាម៉េរិក តែមួយបានស្រូបយកផលិតផលនេះរហូតដល់ជិត៨០% នៃទំហំនាំចេញសរុប។
បន្ទះសូឡា
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អះអាងថា ការស្ទុះងើបឡើងវិញ នៃកំណើននាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា នៅក្នុងរយៈពេល៣ខែកន្លងមកនេះ គឺដោយសារការបញ្ជាទិញពីអ្នកប្រើប្រាស់នៅអាម៉េរិក មានការកើនឡើងខ្ពស់មកវិញ បន្ទាប់ពីរបាំងពន្ធនាំចូល ដែលអាម៉េរិក បានដាក់ទណ្ឌកម្មមកលើកម្ពុជា ត្រូវបានដកចេញ គួបផ្សំផលិតផលបន្ទះសូឡា គឺជាផ្នែកមួយ នៃការបង្កើតប្រភពថាមពលអគ្គិសនីជំនួសឱ្យការប្រើប្រាស់ប្រេងឥន្ធនៈ។ អ្នកនាំពាក្យរូបនេះ បានចាត់ទុកកំណើននាំចេញនេះ គឺជាជោគជ័យមួយ នៃដំណើរការធ្វើពិពិធកម្មទំនិញរបស់កម្ពុជា ពីឧស្សាហកម្ម ដែលផលិតដោយប្រើប្រាស់អតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញ។

ស្របគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការលើកលែងពន្ធនាំចូលពីអាម៉េរិក បានបើកផ្លូវឱ្យបន្ទះសូឡាកម្ពុជា មានលទ្ធភាពប្រកួតប្រជែងឡើងវិញ។ អ្នកជំនាញរូបនេះជឿជាក់ថា តម្រូវការថាមពលស្អាតនៅអាម៉េរិកនឹងបន្តជំរុញឱ្យការបញ្ជាទិញបន្ទះសូឡាពីកម្ពុជា មានសម្ទុះកើនឡើងបន្ថែមទៀតនៅឆមាសទី២ឆ្នាំនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច ចាត់ទុកកំណើននាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនេះ គឺបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលស្អាតសកល ស្របពេលដែលក្រុមហ៊ុនអន្តរជាតិនានា កំពុងធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា កាន់តែច្រើន។ បន្ថែមលើនេះ វាបានបង្ហាញពីភាពចាំបាច់នៃតម្រូវការខ្ពស់របស់ទីផ្សារអន្តរជាតិ មកលើបន្ទះសូឡាកម្ពុជា ពិសេសពីទីផ្សារអាម៉េរិកតែម្តង។

គួររំលឹកថា ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា នៅក្នុងរយៈពេល៣ខែឆ្នាំ២០២៦ កម្ពុជា សម្រេចបានការនាំចេញផលិតបន្ទះសូឡាក្នុងទំហំទឹកប្រាក់ជិត៦លានដុល្លារកើនឡើងជាង៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្វីដែលគួរឱ្យកត់សម្គាល់គ្រាន់តែទីផ្សារអាម៉េរិកមួយបានស្រូបទាញបន្ទះសូឡារបស់កម្ពុជា រហូតដល់៨០% នៃការនាំចេញសរុបជាមួយទឹកប្រាក់ជាង៤,៥លានដុល្លារ កើនឡើងប្រមាណ១២៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅ

នៅចំពោះមុខ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអះអាង ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្…

តើការផ្ទុះករណីទិញងាយ-លក់ពិបាក អាចរុញច្រានទីផ្សារពេជ្រកម្ពុជា ឱ្យប្រឈមនឹងហានិភ័យយ៉ាងណាខ្លះ?

​​រឿងរ៉ាវអ្នកទិញពេជ្រម្នាក់បានត្អូញត្អែរក្រោយហាងពេជ្រមួយកន្លែងបានពន្យារពេល និងបដិសេធមិនព្រមទិញគ្រឿងពេជ្រត្រឡប់ទៅវិញតាមកិច្ចសន្យាថ្មីៗនេះ បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ