កម្ពុជា-ចិន

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅ


នៅចំពោះមុខ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអះអាង ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្ដជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសចិន លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ក្នុងជំនួបនោះ សម្តេចធិបតី ក៏បានលើកឡើងអំពីការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រាប់ទៅកាន់មិត្តដែកថែបចិនផងដែរ។
កម្ពុជា-ចិន
ដោយ

ការអះអាងរបស់នាយករដ្ឋមន្ត្រីកម្ពុជានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

លោក វ៉ាង យី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយថាមវន្តរបស់កម្ពុជា។ រដ្ឋមន្ត្រីការបរទេសចិន បានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងចិន ដែលបានឈានដល់កម្រិតនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ លោកបន្ថែមថា ការចូលរួមរបស់លោក និងលោក តុង ជុន ក្នុងយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នាពេលនេះ គឺជាការអនុវត្តតាមស្មារតីកុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ក្រៅពីការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងពីការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជានូវគោលការណ៍ចិនមួយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

បន្ថែមពីនេះ សម្ដេចធិបតី និងលោក វ៉ាង យី រួមជាមួយលោកនាយឧត្តមនាវី តុង ជុន បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ថាមពលស្អាត, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, និងកសិកម្ម ជាដើម។ បន្ថែមពីនេះ កិច្ចពិភាក្សា ក៏បានបន្តផ្លាស់ប្ដូរយោបល់អំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់ជិតស្និទ្ធ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

សម្ដេចធិបតី ក៏បានជម្រាបជូនលោក វ៉ាង យី លោកនាយឧត្តមនាវី តុង ជុន និងគណៈប្រតិភូ អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទ្វេភាគីដែលមាន ស្រាប់រវាងកម្ពុជា-ថៃផងដែរ៕




អត្ថបទបន្ទាប់


Vietjet នាំមុខគេនៅអាស៊ីអាគ្នេយ៍ ទាក់ទងនឹងប្រសិទ្ធភាពនៃការបំភាយឧស្ម័នសម្រាប់ការហោះហើរក្នុងតំបន់

យោងតាមការពិនិត្យឡើងវិញអំពីការបំភាយឧស្ម័នហោះហើរឆ្នាំ ២០២៥ ដោយស្ថាប័ន Cirium ដែលជាអ្នកផ្តល់ទិន្នន័យ និងវិភាគអាកាសចរណ៍ឈានមុខគេលើពិភពលោ…

ការនាំចេញបន្ទះសូឡារបស់កម្ពុជា ទៅអាម៉េរិក មានពន្លឺឡើងវិញ ក្រោយដាំក្បាលចុះអស់ជាច្រើនខែ តើមានកត្តាជំរុញអ្វីខ្លះ?

ឧស្សាហកម្មផលិតបន្ទះសូឡានៅកម្ពុជា កំពុងបង្ហាញសញ្ញា នៃការរស់ឡើងវិញ បន្ទាប់ពីបានឆ្លងកាត់ដំណាក់កាលដាំក្បាលចុះយ៉ាងគំហុកកាលពីឆ្នាំមុន ដោយសារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ