កិច្ចព្រមព្រៀង RCEP និង CCFTA

តើមានកត្តាអ្វីខ្លះធ្វើឲ្យកម្ពុជាមិនទាន់មានការនាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP និង CCFTA?


ជាង១ខែហើយ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់(RCEP)បានចូលជាធរមាន។ ប៉ុន្តែបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមិនទាន់មានក្រុមហ៊ុនណាមួយមកស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) ដើម្បីនាំចេញក្រោមកិច្ចព្រមព្រៀងទាំងពីរនេះនៅឡើយទេមកទល់ពេលនេះ។ តើក្រុមអ្នកជំនួញធំៗនៅកម្ពុជា មានការយល់ឃើញបែបណា ចំពោះដំណើរការនាំចេញទំនិញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះ?
ការនាំចេញទំនិញកម្ពុជានៅកំពង់ផែក្រុងព្រះសីហនុ

ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អ្នកជំនួញ​កសិកម្ម​ក៏​ល្បីល្បាញ​មួយ​រូប​នៅ​កម្ពុជា​បាន​លើក​ឡើង​ពី​ហេតុផល​មួយ​ចំនួន ដែល​អាច​ជា​កត្តា​រាំងស្ទះ​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ សម្រាប់ លោក​ឧកញ៉ា ការ​រាំងស្ទះ​នេះ គឺ​អាច​បណ្តាល​មក​ពី​ក្រុមហ៊ុននាំចេញ​មិន​ទាន់​បាន​សិក្សា​ច្បាស់លាស់ ដោយសារ​កិច្ចព្រមព្រៀង​ទាំង​ពីរ​ទើបបាន​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​ខ្លី​។

ម្យ៉ាងទៀត មាន​ក្រុមហ៊ុន​ចំនួន​បាន​ផ្អាក​ការ​នាំ​ចេញ​មួយ​រយៈ​ដោយសារ​ចិន​ប្រារព្ធ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​របស់​ខ្លួន និង​ការ​កកស្ទះ​ទំនិញ​នៅ​តាម​ព្រំដែន​វៀតណាម​ចិន ដោយសារ​ចិន​រឹត​បន្តឹង​វិធានការ​កូ​វី​ដ​-១៩​។ ទោះ​យ៉ាងណា ជំនួញ​រូប​នេះ ជឿជាក់​ថា អ្វី​ៗ​នឹង​វិល​មក​រក​ភាពល្អ​ប្រសើរ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ហើយនឹង​មាន​ក្រុមហ៊ុន​មក​ស្នើ​សុំ​នីតិវិធី​នាំ​ចេញ​ក្រោម​កិច្ចព្រមព្រៀង​ទាំង​ពីរ​ខាងលើ​ជា​បន្តបន្ទាប់​ផង​ដែរ​។  

ពាក់ព័ន្ធ​បញ្ហា​នេះ លោក​ជំទាវ កែវ មុំ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​នំ​ស្រួ​ស​លី​លី​បាន​គូសបញ្ជាក់​ថា ការ​ដែល​ពុំ​ទាន់​មានការ​នាំ​ចេញ​ទំនិញ​ណាមួយ​ធ្វើ​ឡើង​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន និង​កិច្ចព្រមព្រៀង RCEP គឺ​អាច​បណ្តាល​មក​ពី​គុណភាព​ទំនិញ និង​ការ​ផលិត​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ពិសេស​ក្នុង​វិស័យ SME មិន​ទាន់​អាច​បំពេញ​តាម​ស្តង់ដារ​តម្រូវ​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​។ មួយវិញទៀត ដោយសារ​ក្រុមហ៊ុន​ភាគី​នាំ​ចេញ​មិន​ទាន់​អាច​ជួប​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ ឬ​រក​ក្រុមហ៊ុន​បញ្ជា​ទិញ​ថ្មី​មិន​ទាន់​បានជា​ដើម​។  

លោក​ជំទាវ កែវ មុំ​សង្កេត​ឃើញ​ថា កន្លង​មក​មាន​តែ​ក្រុមហ៊ុន​ធំ​ៗ​ប៉ុណ្ណោះ ដែល​អាច​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ចិន ខណៈ​ក្រុមហ៊ុន​តូច​ៗ​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​មិន​ទាន់​មាន​លទ្ធភាព​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​បាន​នៅឡើយ​ទេ​។ សម្រាប់​លោក​ជំទាវ កែវ មុំ ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុន​ក្នុង​វិស័យ SME អាច​ផលិត និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ធំ​ៗ ពិសេស​ទីផ្សារ​ចិន​បាន ទាល់តែ​មានការ​ជ្រួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកទេស​ពី​មន្ត្រី និង​អ្នកជំនាញ​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។

ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​ថា តាំងពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​បាន​ចូល​ជា​ធរមាន​ជាង​១​ខែ​កន្លង​មកនេះ ពុំ​ទាន់​មាន​ក្រុមហ៊ុន​ផលិត និង​នាំ​ចេញ​មក​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ ដើម្បី​នាំ​ចេញ​ទំនិញ​ក្រោម​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​នៅឡើយ​ទេ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ត្រូវ​បាន​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​រូប​នេះ វាយតម្លៃ​ថា អាច​បណ្តាល​មក​ពី​អ្នក​នាំ​ចេញ​ខ្លះ​មិន​ទាន់​ចាប់អារម្មណ៍​ក្នុង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​ថ្មី ឬ​កំពុង​សិក្សា​ពី​ផល​ចំណេញ ទើប​ពួក​គេ​មិន​ទាន់​ហ៊ាន​នាំ​ចេញ​ក្រោម​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​។ ម្យ៉ាងទៀត អាច​មាន​អ្នក​នាំ​ចេញ​ខ្លះ​គិត​ថា ការ​នាំ​ចេញ​របៀប​ចាស់ និង​ទៅ​ទីផ្សារ​ចាស់​វា​មាន​ភាពល្អ​ប្រសើរ​ហើយ​ជាដើម​។ 

ទោះបី​គ្មាន​ការ​នាំ​ចេញ​ណាមួយ​ធ្វើ​ឡើង​ក្រោម​កិច្ចព្រមព្រៀង​ទាំង​ពីរ​ខាងលើ​ក្តី ប៉ុន្តែ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាស៊ាន និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​រួម​មាន​អូស្ត្រាលី ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ និង​នូ​វែ​ល​សេ​ឡង់​នៅ​តែ​បង្ហាញ​ភាព​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​។ ជាក់ស្តែង​នៅ​ក្នុង​រយៈពេល​មួយ​ខែ​ដើមឆ្នាំ​២០២២ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​គោលដៅ​ទាំងនេះ​សម្រេច​បាន​ជិត​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​២៣% ប្រមាណ​ជិត​១៣០​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕

None



អត្ថបទបន្ទាប់


ប្រសិតពិសេសអាស៊ាន ឯកឧត្តម ប្រាក់ សុខុន នឹងធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅខែមីនា

ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការប្រទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញ ដោ…

ឡានកុងតឺន័រ២ពាន់គ្រឿងកំពុងជាប់គាំងនៅព្រំដែនវៀតណាម-ចិនជាថ្មីម្ដងទៀត ក្រោយចិនរឹតត្បិតច្រកចេញចូលឡើងវិញ

ទើបតែស្បើយការកកស្ទះឡានដឹកទំនិញនៅតាមព្រំដែនចវៀតណាម-ចិន មិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវនេះ ស្ថានភាពកកស្ទះឡានកុងតឺន័រដឹកទំនិញនៅតាមច្រកព្រំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ