វិស័យកសិកម្ម

ក្រុមហ៊ុន Mirarth នាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន២៥០តោនទៅកាន់ទីផ្សារអឺរ៉ុបជាលើកដំបូង


គ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន២៥០តោនរបស់ក្រុមហ៊ុន Mirarth នឹងត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុបជាលើកដំបូងនៅថ្ងៃទី២១ ខែវិច្ឆិកា នេះ។ នេះបើតាមការគូសបញ្ជាក់របស់លោក Sasaki Koji ប្រធានក្រុមហ៊ុន Mirarth Agri Tech នៅក្នុងអំឡុងពេលលោកដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
វិស័យកសិកម្ម
ដោយ

អ្នកជំនាញក្នុងវិស័យស្វាយចន្ទី និងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចេញនេះ គឺជាសញ្ញាល្អរបស់វិស័យស្វាយចន្ទីកម្ពុជា ហើយរំពឹងថា វានឹងជួយស្រូបទាញការកែច្នៃដើម្បីនាំចេញបានកាន់តែច្រើនថែមទៀតនាពេលខាងមុខ។

នៅចំពោះមុខឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Sasaki Koji ប្រធានក្រុមហ៊ុន MIRARTH Agri Tech បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនឹងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន២៥០តោនទៅកាន់ទីផ្សារអឺរ៉ុបជាលើកដំបូង ដែលជាការបើកផ្លូវមួយសម្រាប់ទីផ្សារស្វាយចន្ទីកម្ពុជា នៅលើទឹកដីអឺរ៉ុប​។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រុមហ៊ុននេះ ក៏បានបង្ហាញពីផែនការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា និងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសអឺរ៉ុប ឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ចាត់ទុកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់ក្រុមហ៊ុន Mirarth ទៅកាន់ទីផ្សារអឺរ៉ុបនេះជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យស្វាយចន្ទី និងស្តង់ដាម្ហូបអាហារកម្ពុជា ខណៈការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប គឺទាមទារឱ្យក្រុមហ៊ុនគោរពតាមលក្ខខណ្ឌភូតគាមអនាម័យខ្ពស់។ បើតាមអ្នកជំនាញរូបនេះ នាពេលកន្លងមក ក៏មានក្រុមហ៊ុនមួយចំនួនបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌតិចតួចប៉ុណ្ណោះ ខណៈការនាំចេញរបស់ក្រុមហ៊ុន Mirath ក្នុងឆ្នាំ២០២៤នេះ គឺមានចំនួនច្រើន។ ទោះបីទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា កំពុងមានទីផ្សារល្អក៏ពិតមែន តែសម្រាប់ប្រធានសមាគមស្វាយចន្ទីកម្ពុជា រូបនេះ វិស័យនេះនៅពុំទាន់មានការរីកចម្រើននៅឡើយទេ ខណៈគ្រាប់ស្វាយចន្ទីឆៅត្រូវបានហូរចេញទៅក្រៅប្រទេសក្នុងចំនួនច្រើន ហើយសហគ្រាសក្នុងស្រុកពុំមានទុនបង្វិលគ្រប់គ្រាប់សម្រាប់ទិញគ្រាប់ឆៅដើម្បីស្តុកទុក និងពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនបរទេស។

​ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចាត់ទុកការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់ក្រុមហ៊ុន Mirarth ទៅកាន់ទីផ្សារអឺរ៉ុប គឺស្របតាមគោលនយោបាយជាតិ ស្ដីពីដំណាំស្វាយចន្ទីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានបំណងកែច្នៃវត្ថុធាតុដើមឱ្យបាន២៥% នៃទិន្នផលសរុបត្រឹមឆ្នាំ២០២៧។ មន្ត្រីជាន់ខ្ពស់រូបនេះរំពឹងថា តាមរយៈការនាំចេញនេះវានឹងជួយធ្វើឱ្យគ្រាប់ស្វាយចន្ទីកម្ពុជា ទទួលបានតម្លៃបន្ថែម និងបង្កើតកន្លែងការងារបន្ថែមដល់ពលរដ្ឋ។ ឯកឧត្តមជឿជាក់ថា ទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា នឹងបន្តពង្រីកខ្លួនកាន់តែច្រើននៅបរទេស ខណៈពេលថ្មីៗនេះមានបណ្ដាក្រុមហ៊ុនបរទេសជាច្រើនបានចុះមកពិនិត្យ និងបញ្ជាទិញជាបន្តបន្ទាប់ផងដែរ។

​គួរបញ្ជាក់ថា ក្រុមហ៊ុន Mirarth របស់ជប៉ុន បានចាប់ផ្តើមប្រតិបត្តិការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២១ និងបានកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ៣០០តោនក្នុងមួយឆ្នាំ ហើយបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីដល់ប្រមាណ១ពាន់៥០០តោនក្នុងមួយឆ្នាំ នាពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុន MIRATH Agri Tech គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុន ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈនៅខេត្តកំពង់ធំ ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមហ៊ុននេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុនតាំងពីឆ្នាំ២០២១ តាមរយៈក្រុមហ៊ុន Top Planning Japan ហើយក៏គ្រោងនឹងពង្រីកការនាំចេញរបស់ខ្លួនទៅទីផ្សារផ្សេងទៀតជុំវិញពិភពលោកផងដែរ។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន Mirarth កត្តាដែលជំរុញឱ្យក្រុមហ៊ុនលោកជ្រើសរើសកម្ពុជាក្នុងការបោះទុនវិនិយោគ គឺដោយសារកម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ពាក់ព័ន្ធនឹងការដាំដុះ និងផលិតកម្មគ្រាប់ស្វាយចន្ទី ហើយបច្ចុប្បន្នការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅមានចំនួនតិចតួច ដែលជាឱកាសមួយសម្រាប់ក្រុមហ៊ុនរបស់លោក៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ធនាគារពិភពលោកថា ការពង្រីកបណ្តាញផ្លូវដឹកជញ្ជូនរបស់កម្ពុជា នឹងដើរតួនាទីជួយលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់

ធនាគារពិភពលោក បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា អាចដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់តាមរយៈការពង្រីកប…

ធនាគារពិភពលោកថា ការពង្រីកបណ្តាញផ្លូវដឹកជញ្ជូនរបស់កម្ពុជា នឹងដើរតួនាទីជួយលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់

ធនាគារពិភពលោក បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា អាចដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់តាមរយៈការពង្រីកប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ